ជប៉ុនទម្លាក់ថវិកាជាង ៥០ម៉ឺនដុល្លារ កែលម្អ​មណ្ឌ​​ល​សុខភាពនៅតាកែវ និងកំពង់ចាម

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ៥០៦ ៥៩៥ដុល្លារអាមេរិក សម្រាប់ការកែលម្អបរិក្ខារនៅមជ្ឈ​មណ្ឌ​​ល​ស្តារលទ្ធភាពពលកម្មកាយសម្បទាក្នុងខេត្តតាកែវ និងគម្រោងសាងសង់អគារផ្នែកសម្ភព និងថែទាំទារកទើប​​នឹង​កើតនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។

នេះបើតាមពិធីចុះកិច្ចសន្យាផ្តល់ជំនួយនៅថ្ងៃទី៨ ខែធ្នូ ដោយលោក តានិណៃ អ៊ិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុនប្រចាំ​កម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយនៃខេត្តទំាងពីរ។

ក្នុងនោះ ជំនួយជាង ១៦ម៉ឺនដុល្លារអាមេរិក នឹងយកទៅសាងសង់អគារស្នាក់នៅក្នុងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាក្នុងខេត្តតាកែវ និងទិញម៉ាស៊ីនផលិតឧបករណ៍សិប្បនិមិ្មត ដើម្បីដំឡើងឧបករណ៍ចំនួន ១៥ប្រ​ភេ​ទ​ សម្រាប់ផលិតឧបករណ៍សិប្បនិមិ្មត និងស្តារនីតិសម្បទា។

បច្ចុប្បន្នមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទានេះ បាននិងកំពុងប្រឈមមុខនឹងបញ្ហាមួយចំនួនដោយ​សារភាពសឹករេចរឹលដោយឧបករណ៍ប្រើប្រាស់មួយចំនួន ដើម្បីផលិតឧបករណ៍សិប្បនិម្មិត និងរណប និងដោយសារភាពចាស់ទ្រុឌទ្រោមនៃអគារស្នាក់នៅសម្រាប់អ្នកជំងឺ។

មួយវិញទៀត ថវិកាជាង ៣៤ម៉ឺនដុល្លារទៀត នឹងត្រូវបានប្រើប្រាស់សម្រាប់សាងសង់អគារចំនួន១ខ្នង កម្ពស់៣ជាន់ សម្រាប់ផ្នែកសម្ភព និងថែទាំទារកទើបនឹងកើតនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។

ស្របពេលដែល មន្ទីរពេទ្យនេះ បាននិងកំពុងប្រឈមនឹងបញ្ហាដូចជា ការស្នាក់នៅលើសចំណុះនៅក្នុងអគារផ្នែកសម្ភព​បច្ចុប្បន្នសម្រាប់ម្តាយ និងការចំណាយពេលក្នុងការបញ្ចូនទារកទើបនឹងកើតស្ថិតក្នុងករណីសង្គ្រោះបន្ទាន់ ទៅកាន់ផ្នែកថែទាំទារកទើបនឹងកើត ដែលនៅឆ្ងាយ។

គួរបញ្ជាក់ថា ជំនួយនេះស្ថិតក្រោមគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិរបស់ជប៉ុន ដែលកន្លងទៅថ្មីៗនេះ ជប៉ុ​នបានផ្តល់ជំនួយជាង ៣៥ម៉ឺនដុល្លារអាមេរិករួចមកហើយ សម្រាប់គម្រោងសាងសង់អគារមេត្តយ្យសិក្សា សាងសង់ស្ពាន និងស្តារប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្តចំនួន ០៤។ (អានបន្ថែម និងបន្ថែម)

- Video Advertisement -