ជប៉ុនបង្ហាញផែនការចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេសជនបទ ដើម្បីជំរុញវិស័យកសិកម្មនៅកម្ពុជា
នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការលើកកម្ពស់វិស័យកសិកម្មរបស់កម្ពុជា វិទ្យាស្ថានអភិវឌ្ឍន៍ជប៉ុន (JDI) បានបង្ហាញផែនការចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេសជនបទក្នុងប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមនេះត្រូវបានលើកឡើងក្នុងកិច្ចប្រជុំនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ រវាងលោក ហេង រតនា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងលោកបណ្ឌិត Shoichi Kobayashi ដែលជាសេដ្ឋវិទូ និងជាប្រធាន JDI ។
លោកបណ្ឌិត Kobayashi ដែលបានសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាតាំងពីឆ្នាំ១៩៩៥ មកនេះ មានបទពិសោធន៍ច្រើនក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស រួមទាំងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនាពេលបច្ចុប្បន្ននេះផងដែរ។ លើសពីនេះ គាត់ក៏មានពិសោធន៍ក្នុងការជួយរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទាក់ទងនឹងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះនៅជាង ៣០ ប្រទេសទូទាំងពិភពលោក។
ក្នុងជំនួបនោះ លោកបណ្ឌិត Kobayashi បានសង្កត់ធ្ងន់ថា គោលបំណងសំខាន់នៃគំនិតផ្តួចផ្តើមនៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសជនបទនេះ គឺដើម្បីជំរុញការវិនិយោគនៅតំបន់ជនបទរបស់កម្ពុជា ដែលអាចនាំឱ្យមានការបង្កើនផលិតភាពកសិកម្មបានមួយកម្រិតទៀត។ លោកបណ្ឌិតបានចង្អុលបន្ថែមថា តំបន់សេដ្ឋកិច្ចពិសេសដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជាបានទាក់ទាញអ្នកវិនិយោគជប៉ុនជាច្រើនដោយជោគជ័យ និងផ្តល់ការងារដល់កម្មករជាងកន្លះលាននាក់ឯណោះ។
បន្ថែមពីលើនេះ លោកបណ្ឌិត Kobayashi បានសម្តែងការប្តេជ្ញាចិត្តក្នុងការយល់ដឹងអំពីយុទ្ធសាស្ត្ររបស់ CMAC ខណៈពេលដែលក៏បានសន្យាថានឹងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ជាពិសេសតំបន់ដែលត្រូវបានបោសសម្អាតមីន ដោយមានការគាំទ្រពីរដ្ឋាភិបាលជប៉ុនផងដែរ។
លោក ហេង រតនា បានស្វាគមន៍ចំពោះចក្ខុវិស័យរបស់លោកបណ្ឌិត Kobayashi ក្នុងការលើកកម្ពស់វិស័យកសិកម្ម និងជនបទ តាមរយៈតំបន់សេដ្ឋកិច្ចពិសេសថ្មីទាំងនេះ ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីលើកស្ទួយវិស័យជនបទរបស់កម្ពុជា។
គំនិតផ្តួចផ្តើមនេះសន្យាថានឹងពង្រឹងទំនាក់ទំនងជប៉ុន-កម្ពុជា ខណៈពេលដែលផ្តល់អំណាចដល់សហគមន៍មូលដ្ឋាន និងលើកកម្ពស់កំណើនកសិកម្មនៅក្នុងតំបន់។
- Video Advertisement -