ជប៉ុនបន្តជួយជម្រុញការលើកកម្ពស់សុវត្ថិភាពការងារក្នុងវិស័យសំណង់កម្ពុជា

ប្រទេសជប៉ុនបន្តជួយកម្ពុជាក្នុងការលើកកម្ពស់គុណភាពការងារក្នុងវិស័យរហូតដល់ឆ្នាំ២០២០។ យោងតាមការចុះផ្សាយរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃ ២៧ ខែ កញ្ញា ឆ្នាំ ២០១៨ ប្រទេសជប៉ុនសម្រេចបន្តគម្រោងស្ដីពីការលើកកម្ពស់ស្ដង់ដារសុខភាព និងសុវត្ថិភាពការងារនៅក្នុងវិស័យសំណង់រយៈពេលបីឆ្នាំបន្ថែមទៀតចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២០។

កិច្ចសហការនេះគឺធ្វើឡើងបន្ទាប់ពីគម្រោងទី១បានបញ្ចប់ទៅដោយជោគជ័យកាលពីពេលថ្មីៗនេះ។

សេចក្តីប្រកាសរបស់គម្រោងខាងលើគឺធ្វើឡើងក្នុងជំនួបរវាងឯកឧត្តម អ៊ិតសំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនិងឯកឧត្តម JIRO KAWASAKI សមាជិកសភា និងជាអតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន និងគណ:ប្រតិភូសភាជប៉ុន ទទួលបន្ទុកលើសកម្មភាពអង្គការអន្តរជាតិខាងការងារ វិស័យសុខភាព និងសុវត្ថិភាពការងារ។

យោងតាមការបញ្ជាក់របស់ ឯកឧត្តម ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ គម្រោងលើកកម្ពស់សុខភាព និងសុវត្ថិភាពការងារក្នុងវិស័យសំណង់ នេះគឺមានទិសដៅសំខាន់ៗចំនួន៤ចំណុចរួមមាន៖
១. បន្តអនុវត្តគម្រោងលើកទី២ ស្ដីពីការលើកកម្ពស់ស្ដង់ដាសុខភាព និងសុវត្ថិភាពការងារនៅក្នុងវិស័យសំណង់ឆ្នាំ២០១៨-២០២០ ដោយប្រើប្រាស់យន្តការក្រុមការងារពិគ្រោះយោបល់គម្រោង និងយន្តការដទៃទៀត ដើម្បីសម្រេចឲ្យបាននូវការរំពឹងទុករបស់គម្រោង។
២. ការរៀបចំក្របខណ្ឌច្បាប់ និងបទដ្ឋានគតិយុត្តបន្ថែមទាក់ទងនឹងសុខភាព និងសុវត្ថិភាពការងារ ជាពិសេសវិស័យសំណង់។
៣. ការពង្រឹងការចុះធ្វើអធិការកិច្ចការងារ ដើម្បីកែលម្អលក្ខខណ្ឌការងារនៅតាមការដ្ឋានសំណង់។
៤. លើកកម្ពស់ការយល់ដឹងរបស់កម្មករនិយោជិត និងនិយោជកតាមរយៈការរៀបចំវគ្គបណ្ដុះបណ្ដាលផ្សេងៗ ដូចជាកម្មវិធីកែលម្អលក្ខខណ្ឌការងារសម្រាប់ការដ្ឋានសំណង់ខ្នាតតូច កម្មវិធីកែលម្អលក្ខណ្ឌការងារសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម។
គួរបញ្ជាក់ផងដែរថា ដោយសារតែការរីកចំរើនខ្លាំងក្នុងវិស័យសំណង់សម្រាប់រយៈប៉ុន្នានឆ្នាំ ចុងក្រោយមកនេះ ក្រសួង និងស្ថាប័នពាក់ព័ន្ធក៏បានផ្តោតយកចិតទុកដាក់លើការផ្សាយផ្សាព្វគោលការណ៍ស្តីពីសុវត្ថិភាពការងារនៅការដ្ឋានសំណង់នីមួយៗ។

ជាក់ស្តែង ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់សហការជាមួយសមាគមអ្នកសាងសង់កម្ពុជាបាននឹងកំពុងធ្វើយុទ្ធនាការចុះតាមបណ្ដាខេត្តក្រុងនានាដើម្បីអប់រំមន្រ្តីរាជការពាក់ព័ន្ធ ក្រុមហ៊ុនសំណង់ ជាពិសេសកម្មករដែលធ្វើការផ្ទាល់នៅការដ្ឋាន អំពីសុវត្ថិភាពក្នុងការដ្ឋានសំណង់។ អានបន្ថែម

- Video Advertisement -