ជប៉ុនផ្តល់ជំនួយឥតសំណងជាង ៧២ម៉ឺនដុល្លារ ដល់កម្ពុជាពង្រឹងវិស័យអប់រំ និងផ្នែកវេជ្ជសាស្ត្រ
រាជរដ្ឋបាលភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយជាង ៧២ម៉ឺនដុល្លារ ដល់កម្ពុជា ដើម្បីពង្រឹងសកម្មភាពអប់រំកុមារតូចៗ និងលើកកម្ពស់ប្រព័ន្ធកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្តក្នុងតំបន់។ នេះបើតាមពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងដល់អង្គការក្រៅរដ្ឋាភិបាលជប៉ុនប្រចាំនៅកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។
នាឱកាសនោះ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានឱ្យដឹងថា ជំនួយនេះ ត្រូវបានផ្តល់ដល់គម្រោងចំនួន ០២រួមមាន៖
-ទី១ ថវិកាចំនួន ២៤៥.៨៧២ដុល្លារ ផ្តល់ទៅកាន់អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) ។ គម្រោងនេះ មានគោលបំណងពង្រឹងប្រព័ន្ធថែទាំវះកាត់តាមសហគមន៍ ក្នុងចំណោមមន្ទីរពេទ្យ និងមណ្ឌលសុខភាព ដោយពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំរបស់បុគ្គលិក នៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ ក្នុងនោះ បុគ្គលិកនៃមន្ទីរពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាព ក៏នឹងទទួលការបណ្តុះបណ្តាល ដើម្បីកំណត់រោគសញ្ញាជំងឺ និងបញ្ជូនពួកគេទៅមន្ទីរពេទ្យដែលមានកម្រិតខ្ពស់ជាងឲ្យបានត្រឹមត្រូវ។
-ទី២ ថវិកាចំនួន ៤៧៤.៤៣២ដុល្លារ បានផ្តល់ទៅអង្គការសន្តិស្ម័គ្រចិត្ត (SVA) សម្រាប់គម្រោងធ្វើឲ្យប្រសើរឡើងនូវលទ្ធភាពទទួលបានសេវាអប់រំ និងគុណភាពសកម្មភាពអប់រំកុមារតូចរបស់សាលាមតេយ្យសិក្សារដ្ឋ នៅខេត្តព្រះវិហារ។ គម្រោងនេះ អង្គការសន្តិស្ម័គ្រចិត្ត នឹងធ្វើឲ្យប្រសើរឡើងនូវបរិយាកាសអប់រំទាំងបុគ្គល និងបរិក្ខារដែលគាំទ្រដល់ការដោះស្រាយគម្លាតការអប់រំរវាងកុមារតូចៗ នៅក្នុងតំបន់ទីក្រុង និងតំបន់ជនបទ។
គួរបញ្ជាក់ថា ជំនួយឥតសំណងនេះ ស្ថិតក្រោមគម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ដែលហៅកាត់ថា «អ៊ិនរ៉េន» បានចាប់ផ្តើមតាំងពីឆ្នាំ២០០២។
គិតមកដល់ពេលនេះ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៦០លានដុល្លារអាមេរិក ដល់ ១៦០គម្រោងហើយ នៅក្នុងប្រទេសកម្ពុជា ដែលផ្តោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីននៅកម្ពុជា ដែលជាការចូលរួមចំណែកដោយផ្ទាល់ក្នុងការកែលម្អគុណភាពជីវិតរបស់ប្រជាពលរដ្ឋ។


- Video Advertisement -