ជប៉ុនអនុវត្តបច្ចេកទេសថ្មីលើកដំបូងនៅកម្ពុជាសម្រាប់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតដែលបានដាក់ឲ្យដំណើរការ

រូបភាពដោយ Facebook Page Samdach Hun Sen

គម្រោងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតដ៏ធំមួយនៅខេត្តកំពតត្រូវបានបើកសម្ពោធដាក់ឲ្យដំណើរប្រើប្រាស់ជាផ្លូវការហើយ ដោយក្នុងនោះ ជប៉ុនដែលជាម្ចាស់ជំនួយបានសាងសង់ប្រព័ន្ធនេះឡើងដោយការប្រើប្រាស់បច្ចេកទេសថ្មីនិងទំនើប។

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីត្រូវបានដាក់សម្ពោធឲ្យដំណើរការជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០១៩ បន្ទាប់ពីធ្វើការសាងសង់អស់រយៈពេលប្រមាណជា ២ ឆ្នាំ មក ចាប់ពីខែកក្កដា ឆ្នាំ២០១៦ ដល់ខែសីហា ឆ្នាំ២០១៨។

ថ្លែងក្នុងពិធីសម្ពោធខាងលើ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តម Hidehisa Horinouchi បានមានប្រសាសន៍ថា«គម្រោងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃប្រមាណជា ២៧ លានដុល្លារអាមេរិកនេះ គឺមានការសាងសង់រោចក្រប្រព្រឹត្តិកម្មទឹកស្អាតដែលអាចផ្គត់ផ្គង់ទឹកស្អាត ៧៥០០ម៉ែត្រគូបក្នុងមួយថ្ងៃនៅខេត្តកំពត»។

ជាងនេះទៀត ឯកឧត្តម Hidehisa Horinouchi បានបញ្ជាក់ថា៖ «គម្រោងនេះបានរៀបចំបំពង់ចែកចាយប្រព័ន្ធទឹកស្អាតប្រវែង ៩០គីឡូម៉ែត្រទៅដល់គ្រួសារនីមួយៗដោយប្រើប្រាស់វិធីសាស្រ្ត pipe jacking ដែលត្រូវបានអនុវត្តលើកដំបូងនៅប្រទេសកម្ពុជា»។ វិធីសាស្រ្ត pipe jacking គឺជាវិធីសាស្ត្រសាងសង់ដោយការប្រើប្រាស់បច្ចេកវិទ្យាថ្មីដែលមិនចាំបាច់ជីកស្នាមភ្លោះសម្រាប់បំពាក់បំពង់នោះឡើយ ដែលវិធីសាស្រ្តនេះត្រូវការចំណាយច្រើនជាងវិធិសាស្ត្រជីកស្នាមភ្លោះទៅទៀត។

ជាមួយនឹងការប្រើប្រាស់វិធីសាស្រ្តនេះ ឯកឧត្តម Hidehisa Horinouchi បានបញ្ជាក់ថា ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះនឹងអាចផ្គត់ផ្គង់យ៉ាងជាប់លាប់ នូវទឹកស្អាត និងសុវត្ថិភាពដល់ប្រជាជនជាង ៥០.០០០នាក់ និងរួមចំណែកយ៉ាងធំធេងដល់ការលើកកម្ពស់សុខុមាលភាព និងភាពងាយស្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងធ្វើឲ្យវិស័យទឹកស្អាតសម្រេចបាននូវការរីកចម្រើន។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណនិងកោតសរសើរដល់ប្រទេសជប៉ុន និងប្រជាជនជប៉ុនចំពោះជំនួយនេះ និងជាពិសេស ការនាំយកបច្ចេកវិទ្យាថ្មីមកឲ្យកម្ពុជា។

«ឥឡូវបច្ចេកវិទ្យាថ្មីនេះអាចអនុញ្ញាតឲ្យកម្ពុជាមានបទពិសោធន៍ ដោយយកបច្ចេកទេសជប៉ុនសម្រាប់ការបង្កប់ទុយោឆ្លងព្រែកពីម្ខាងទៅម្ខាងនៅខាងក្រោមបាទព្រែករហូតទៅដល់ ១៥ម៉ែត្រ» សម្តេចបានមានប្រសាសន៍យ៉ាងដូច្នេះ។

«ដូច្នេះ វាមិនមានការចាំបាច់ទាល់តែមានស្ពានទើបយើងអាចបញ្ជូនទុយោទឹកឆ្លងកាត់ទៅបានទេ នេះគឺជាបច្ចេកវិទ្យាថ្មីរបស់ជប៉ុន» សម្តេចបានបន្ថែមដោយបានបញ្ជាក់ទៀតថា ពីមុន ដើម្បីចម្លងទុយោទឹកពីម្ខាងទៅកាន់ម្ខាងទៀត យើងត្រូវធ្វើស្ពានដូចជានៅទីក្រុងភ្នំពេញ យើងត្រូវធ្វើស្ពានពីម្ខាងទៅម្ខាង។

ជាមួយគ្នានេះដែរ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនឹងជួយឲ្យអង្គភាពរដ្ឋាករទឹកខេត្តកំពត មានសមត្ថភាពផលិតទឹកស្អាតសរុប ប្រមាណ១៣.២៦០ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលនេះគឺស្មើទៅនឹងជាង២ដងនៃសមត្ថភាពផលិតពីមុន។ លើសពីនេះទៀត អង្គភាពរដ្ឋាករទឹកខេត្តកំពតនឹងអាចមានលទ្ធភាពផ្គត់ផ្គង់ទឹកស្អាតដែលមានគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ ដោយគិតជាថ្លៃមធ្យម ១.៤០០រៀល/ម៉ែត្រគូប ជូនប្រជាពលរដ្ឋនៅក្រុងកំពត និងស្រុកទឹកឈូ សរុបជាង ១៣.០០០គ្រួសារ។

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ ក៏ជាការរួមចំណែកធ្វើឲ្យអង្គភាពរដ្ឋាករទឹកខេត្តកំពត សម្រេចបាននូវគោលនយោបាយរបស់រដ្ឋាភិបាលដែលបានកំណត់ថា «ត្រូវពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុង ទីប្រជុំជនឲ្យបាន៩០ភាគរយ ត្រឹមឆ្នាំ២០២៣ និង១០០ ភាគរយ ត្រឹមឆ្នាំ២០២៥ សម្រាប់បម្រើតម្រូវការចាំបាច់របស់ប្រជាជន ក៏ដូចជាសម្រាប់ផលិតកម្ម និងសេវាកម្មនានា»។

រូបភាពដោយ Facebook Page សម្តេច ហ៊ុន សែន

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]