ជាង៣០ឆ្នាំ កម្ពុជារំដោះដីបានជាង ១ពាន់km2 ពីសកម្មភាពបោសសម្អាតមីន
រយៈពេលជាង ៣០ ឆ្នាំ កម្ពុជារំដោះដីបានជាង ១០០០ គីឡូម៉ែត្រក្រឡាពីសកម្មភាពកម្ចាត់មីន នេះបើយោងតាមប្រភពពីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ចុះផ្សាយដោយ Khmer Post ថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២៤ នេះ។
ប្រភពដដែលបញ្ជាក់ថា រហូតមកទល់ពេលនេះ អង្គភាពស៊ីម៉ាក់ បានរុករកឃើញនិងកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទប្រមាណជាង ៣លានគ្រាប់ គ្របដណ្តប់លើផ្ទៃដីចម្ការមីន និងចម្ការគ្រាប់សរុបចំនួនជាង១.៧៣៥ គីឡូម៉ែត្រក្រឡា។
ក្នុងចំណោមគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទប្រមាណជាង ៣លានគ្រាប់ដែលអង្គភាពស៊ីម៉ាក់បានកម្ទេចចោលនោះ មានមីនប្រភេទប្រឆាំងមនុស្សចំនួន ៥៨៩.៩៦២ គ្រាប់, គ្រាប់មីនប្រភេទប្រឆាំងរថក្រោះចំនួន ១១.៤៣០ គ្រាប់, គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ២.៤៤០.២៩៧ គ្រាប់, និងគ្រាប់បែកទម្លាក់ពីយន្តហោះរួមនិងគ្រាប់បែកចង្កោមចំនួន ១២៦.០៩១គ្រាប់។ ស្ថិតិនេះ ត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយ គិតត្រឹមថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ នេះ។
“…សមិទ្ធផលនេះអាចធ្វើទៅបានដោយសារតែ មានការពង្រឹងសមត្ថភាពមន្ត្រីជំនាញ ការបង្កើន និងបំពាក់បច្ចេកវិទ្យាថ្មីៗ និងការកែលម្អស្តង់ដាប្រតិបត្តិការ។” នេះជាខ្លឹមសារបញ្ជាក់ក្នុង របាយការណ៍របស់អង្គភាពស៊ីម៉ាក់ ស្តីពីកិច្ចប្រតិបត្តិការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះគិតចាប់ពីឆ្នាំ១៩៩២ រហូតដល់ខែធ្នូ ឆ្នាំ២០២៣។
របាយការណ៍របស់អង្គភាពស៊ីម៉ាក់ ក៏បានបញ្ជាក់ផងដែរថា ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០០៤ ផលិតភាពបោសសម្អាតរបស់អង្គភាពស៊ីម៉ាក់ជាមធ្យមបាន ១២គីឡូម៉ែត្រក្រឡាក្នុង១ឆ្នាំ ប៉ុន្តែអត្រានេះបានកើនឡើងទ្វេដងដល់ ២២គីឡូម៉ែត្រក្រឡា ក្នុងឆ្នាំ២០០៥ ហើយបានកើនឡើងជាបណ្តើរៗក្នុងឆ្នាំបន្តបន្ទាប់ រហូតដល់បច្ចុប្បន្នអង្គភាពនេះមានសមត្ថភាពដោះមីនជាមធ្យមបាន២០០គីឡូម៉ែត្រក្រឡាក្នុង១ឆ្នាំៗ។
បន្ថែមពីលើនេះ អង្គភាពស៊ីម៉ាក់ ក៏បានសាងកម្លាំងស្ម័គ្រចិត្តជាបណ្តាញតាមភូមិដែលមានអាទិភាពខ្ពស់ចំនួនជាង៣.៥០០ភូមិ និងមានបណ្តាញស្ម័គ្រចិត្តជិត ៤.០០០នាក់ នៅទូទាំងប្រទេស សម្រាប់បម្រើការងារអប់រំ ផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម។
ជាលទ្ធផល ក្នុងឆ្នាំ២០២៣ នេះ អង្គភាពស៊ីម៉ាក់មានផែនការធ្វើការអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទះពីសង្គ្រាមដល់ក្រុមគោលដៅចំនួន១៥.០០០លើក ស្មើនឹង ៥៥០.០០០ខ្នងផ្ទះ និងមានប្រជាពលរដ្ឋចូលរួមសរុបចំនួន១.២០០.០០០នាក់។
អ្វីដែលរឹតតែគួរឱ្យកោតសរសើរជាងនេះទៀតនោះ គឺបទពិសោធន៍របស់កម្ពុជាក្នុងការដោះមីន។ ជាក់ស្តែង ដោយមើលឃើញនូវបទពិសោធន៍ សមត្ថភាព និងជោគជ័យរបស់អង្គភាពស៊ីម៉ាក់ មានប្រទេសជាច្រើនដូចប្រទេសឡាវ ប្រទេសវៀតណាម ប្រទេសថៃ ស្រីលង្កា អ៊ីរ៉ាក់ ឃីដអង់ហ្គោឡា អ៊ុយក្រែន បណ្តាប្រទេសអាហ្វ្រិក និងប្រទេសកូឡុំប៊ីជាដើម បានស្នើសុំឱ្យ CMAC ចែករំលែកបទពិសោធន៍របស់ខ្លួនដល់អង្គភាពពាក់ព័ន្ធរបស់ខ្លួនផងដែរ។
សូម្បីតែរាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក៏បានផ្តល់ការគាំទ្រអង្គភាពស៊ីម៉ាក់ ឱ្យជួយផ្តល់ការហ្វឹកហ្វឺនដល់មន្ត្រីជំនាញមីនជូនប្រទេសកូឡុំប៊ី អង់ហ្គោឡា អ៊ីរ៉ាក់ ឡាវ អ៊ុយក្រែន ប្រទេសអាហ្វ្រិកថែមទៀតផង៕
- Video Advertisement -