ដី ១០ហិកតា នៅស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ នឹងក្លាយជាទីតាំងបូជាសពអ្នកជំងឺកូវីដ-១៩

ផ្ទៃដីប្រមាណ១០ហិកតា ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នឹងក្លាយជាទីតាំងបូជាសពអ្នកដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ខណៈបច្ចុប្បន្នរដ្ឋាភិបាលកំពុងមមាញឹកឈូសឆាយសាងសង់។ នេះបើតាមការឱ្យដឹងពីមន្រ្តីនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ។

លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ថ្លែងប្រាប់សារព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែមីនា នេះថា ទីតាំងមូលដ្ឋានក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ គឺមានសុវត្ថិភាព និងជាជម្រើសល្អ ដោយសារទីនោះមិនប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋឡើយ។

លោក ក៏បានបន្ថែមថា បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំផ្ទៃដីទំហំប្រមាណ១០ហិកតា និងឡជាបច្ឆាបច្ចេកទេសស្តង់ដារចំនួន៦ ដោយបាននិងកំពុងសម្រុកធ្វើទាំងយប់ទាំងថ្ងៃផងដែរ ។

គួរបញ្ជាក់ថា ការសម្រេចជ្រើសរើសទីតាំងនេះ ធ្វើឡើងក្រោយទទួលបានបទបញ្ជារបស់ សម្ដេច ហ៊ុន សែន មកកាន់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីពេលថ្មីនេះៗ។

- Video Advertisement -