ដំណើការសាងសង់ផ្លូវទាំង៣៨ខ្សែនៅសៀមរាបសម្រេចបាន១៧,៥%

គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប សម្រេចការងារសាងសង់បានជាង ១៧,៥% ហើយ គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្រសួងបានឱ្យដឹងពីវិវឌ្ឍនភាពនេះ ក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋានរបស់គណៈកម្មការអន្តរក្រសួង កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ដែលដឹកនាំដោយសម្ដេចឧបនាយករដ្ឋមន្រ្តី ទៀ បាញ់។

ការចុះត្រួតពិនិត្យនេះ គឺដើម្បីពិនិត្យគុណភាពនៃការសាងសង់ ជំរុញឱ្យអង្គភាពសាងសង់ អនុវត្តតាមលក្ខណៈបច្ចេកទេស សៀវភៅបន្ទុកឱ្យបានត្រឹមត្រូវ និងស្តង់ដារដែលអាចទទួលយកបាន ពោលគឺធ្វើផ្លូវឱ្យមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង និងបញ្ចប់តាមផែនការគ្រោងទុក។

គួរបញ្ជាក់ថា គម្រោងកែលម្អផ្លូវ ៣៨ ខ្សែ បានបើកការដ្ឋានកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្រោមអធិបតីភាពសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានប្រវែង ១០៨ គីឡូម៉ែត្រ នឹងគ្រោងចំណាយថវិកាសរុប ១៤០ លានដុល្លារ។ (អានបន្ថែម)

ក្រៅពីគម្រោងផ្លូវ ៣៨ ខ្សែនេះ រដ្ឋាភិបាលក៏បានសម្រេចបង្វែរថវិកា ៥ លានដុល្លារ ដែលសេសសល់ពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅសីហនុមកកែលម្អ ដងស្ទឹងសៀមរាប ដែលមានប្រវែងជាង ៩ គីឡូម៉ែត្រ ផងដែរ។ (អានបន្ថែម)

បន្ថែមពីនេះ ថវិកាប្រមាណ ៩ លានដុល្លារអាមេរិកទៀត ក៏នឹងត្រូវបានចំណាយសម្រាប់ការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង ៣៨ នេះ។

- Video Advertisement -