តួនាទីរបស់អ្នកគ្រប់គ្រងគម្រោងសំណង់ត្រូវបានបកស្រាយពន្យល់

ដំណើរការ​នៃ​ការអភិវឌ្ឍន៍​គម្រោង​ចាប់​តាំងពី​ចំណុច​ដំបូង​រហូត​ដល់​បញ្ចប់ ត្រូវ​មាន​ការចូលរួម​ពី​កម្លាំង​ពលកម្ម​រាប់រយ​នាក់​។ ក្នុង​ចំណោម​កម្លាំង​ពលកម្ម​ទាំងនោះ អ្នក​គ្រប់គ្រង​គម្រោង គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​សំខាន់ៗ​ដែលជា​អ្នក​ធ្វើឲ្យ​គម្រោង​នេះ​លេចចេញ​ជា​រូបរាង​ពិតប្រាកដ​។ ដើម្បី​ស្វែងយល់​បន្ថែម​អំពី​តួនាទី និង​ការទទួលខុសត្រូវ​របស់​អ្នក​គ្រប់គ្រង​គម្រោង ទស្សនា​វ​ដ្តី​សំណង់ និង​អចលនទ្រព្យ បាន​ធ្វើ​បទសម្ភាសន៍​ជាមួយ​លោក ជិន ហុក ប្រធាន​នាយក​ប្រតិបត្តិ​ទីក្រុង​កោះ​ពេជ្រ​ដែល​គ្រប់គ្រង​ការអភិវឌ្ឍ​អចលនទ្រព្យ​ច្រើនជាង​១០​គម្រោង នៅលើ​ទឹកដី​កោះ​ពេជ្រ​នេះ​។​

​លោក ហុក មាន​សញ្ញាប័ត្រ​អនុបណ្ឌិត​ផ្នែក​វិស្វកម្ម​សំណង់​ស៊ីវិល​មក​ពី​ប្រទេស​ជប៉ុន ហើយ​បាន​ធ្វើការ​នៅក្នុង​ឧស្សាហកម្ម​សំណង់​នេះ​ចាប់តាំងពី​ឆ្នាំ ២០០៦ និង​ត្រូវបាន​តែងតាំង​ជា​អ្នក​គ្រប់គ្រង​គម្រោង​សម្រាប់​គម្រោង​នានា​នៅលើ​កោះ​ពេជ្រ​ចាប់តាំងពី​ឆ្នាំ ២០១០​។​

​អគារ​ខុន​ដូ The Riviera សណ្ឋាគារ Toyoko Inn ស្ពាន​មេអំបៅ និង​ស្ពាន​ភ្លោះ គឺ​សុទ្ធតែ​ជា​សមិទ្ធិផល​ដែល​លេចធ្លោ​ខ្លះៗ​របស់​លោក​នៅ​លើ​កោះ​ពេជ្រ​នោះ ដែល​នាំមុខ​ខាង​ផ្នែក​អចលនទ្រព្យ​នៅ​ទីក្រុង​ភ្នំពេញ។

​តើ​មាន​ជំហាន​អ្វីខ្លះ​ដែល​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​ន័គ​ម្រោង​មួយ​ចាប់ពី​ចំណុ​ចចាប់ផ្តើម​រហូត​ដល់​បញ្ចប់​? ហើយ​តើ​អ្នក​គ្រប់គ្រង​គម្រោង​មាន​តួនាទី​នៅ​ត្រង់​ជំហាន​ណាខ្លះ​?

​ដើម្បី​ធ្វើឲ្យ​គម្រោង​មួយ​លេចចេញ​ជា​រូបរា​ង​ពិតប្រាកដ ត្រូវការ​មាន​ជំហាន​នានា​ជាច្រើន ចាប់ផ្តើម​ពី​ការចុះ​សិក្សា​ការដ្ឋាន ការ​រចនា​ប្លង់​បឋម ការធ្វើផែនការ​គម្រោង​ដែល​កំណត់​ពី​ជំហាន​នៃ​ការសាងសង់ ថវិកា និង​រយៈពេល គំនូស​ប្លង់​មេ​នៅក្នុង​ប្រព័ន្ធ​កុំព្យូទ័រ ដំណាក់កាល​សាងសង់​ដែល​បែងចែក​ជា​ការងារ​គ្រឹះ ការវិភាគ​ដី រចនាសម្ព័ន្ធ​ការងារ ការងារ​ស្ថាបត្យកម្ម និង​ការបញ្ចប់​ការសាងសង់ ហើយ​ដំណាក់កាល​ចុងក្រោយ គឺ​ការប្រគល់​គម្រោង​ទៅ​ឲ្យ​អតិថិជន​។ តួនាទី​របស់​អ្នក​គ្រប់គ្រង​គម្រោង ជាធម្មតា​ចាប់ផ្តើម​ពី​ដំណាក់កាល​ធ្វើ​ផែនការ​គម្រោង បន្ត​រហូត​ដល់​គម្រោង​នេះ​ត្រូវបាន​បញ្ចប់ និង​ប្រគល់​សមិទ្ធិផល​ទៅ​ឲ្យ​អតិថិជន​។​

​តួនាទី​របស់​អ្នក​គ្រប់គ្រង​គម្រោង​ខុសគ្នា​ទៅតាម​លក្ខណៈ​នៃ​ក្រុមហ៊ុន​។ ចំពោះ​ក្រុមហ៊ុន OCIC ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍន៍ និង​ក្រុមហ៊ុន​សាងសង់​គម្រោង​នៅ​កោះ​ពេជ្រ អ្នក​គ្រប់គ្រង​គម្រោង​មាន​ការពាក់ព័ន្ធ​ទាំង​នៅក្នុង​ដំណាក់កាល​ចុះ​សិក្សា​ការដ្ឋាន​ពី​លទ្ធភាព​សាងសង់ ដោយ​មាន​ផ្នែក​សិក្សា​រចនា​ប្លង​ត្រូវ​ទទួលបន្ទុក​ក្នុង​កិច្ចការ​នេះ​។ នៅទីនេះ អ្នក​គ្រប់គ្រង​គម្រោង​ជា​អ្នក​ធ្វើឲ្យ​គម្រោង​ចាប់ផ្តើម​ដំណើរការ​ពី​ដំណាក់កាល​ធ្វើ​ផែនការ​គម្រោង ដែល​រួម​បញ្ចូល​ទាំង​ការរៀបចំ​ថវិកា រយៈពេល​ការគ្រប់គ្រង​គម្រោង និង​តារាង​អង្គការ​ចាត់តាំង​ការងារ ជាដើម​។ បន្ទាប់​ពី​ផែនការ​គម្រោង​ត្រូវបាន​អនុម័ត អ្នក​គ្រប់គ្រង​គម្រោង​អាច​ចាប់ផ្តើម​រៀបចំ​ការដ្ឋាន និង​បន្ទាប់មក​ចាប់ផ្តើម​ការសាងសង់​។ ប៉ុន្តែ​ខ្ញុំ​គិត​ថា​អ្នក​គ្រប់គ្រង​គម្រោង គួរតែ​ចូលរួម​ក្នុង​គ្រប់​កិច្ចការ​ដែល​ទាក់ទង​ទៅ​នឹង​គម្រោង​នេះ ដោយសារ​គេ​នឹង​ទទួលខុសត្រូវ​កិច្ចការ​នេះ​ចាប់តាំងពី​ដំណាក់កាល​គ្រោង​ជា​គំនិត និង​មាន​បទពិសោធន៍​ច្រើន​នៅក្នុង​វិស័យ​សំណង់ ដើម្បី​អាច​ផ្តល់​នូវ​អនុសាសន៍​ល្អៗ​នៅ​ដំណាក់កាល​រចនា​ប្លង់​គម្រោង​។​

​អ្នក​គ្រប់គ្រង​គម្រោង ក៏​មិន​ត្រូវ​មើលរំលង​បញ្ហា​ការលក់ និង​ទីផ្សារ​របស់​គម្រោង​នោះដែរ​។ ទោះយ៉ាងណា អ្នក​គ្រប់គ្រង​គម្រោង​ក៏​ត្រូវការ​ការសម្របសម្រួល​ជាមួយ​ក្រុម​ផ្នែក​លក់ និង​ទីផ្សារ នៅពេលដែល​មាន​ការ​កក់​ទិ​ញ​ពី​អតិថិជន​លើ​ផ្នែក​ណាមួយ​នៃ​គម្រោង និង​ត្រូវ​បង្កើនល្បឿន​សាងសង់​ដើម្បី​អាច​ប្រគល់​ទៅ​ឲ្យ​អតិថិជន​។​

​ចំពោះ​គម្រោង​ផ្សេង​ទៀត​ដែល​ក្នុងនោះ​ក្រុមហ៊ុន​អភិវឌ្ឍន៍ និង​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​មិនមែនជា​ក្រុមហ៊ុន​តែមួយ ដែល​តម្រូវឲ្យ​មាន​ការដេញ​ថ្លៃ​ដើម្បី​ជ្រើសរើស​អ្នកម៉ៅការ​សាងសង់ អ្នក​គ្រប់គ្រង​គម្រោងរ​បស់​ក្រុមហ៊ុន​សាងសង់ គឺជា​អ្នក​រៀបចំ​កញ្ចប់​ឯកសារ​ដេញថ្លៃ ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​ការធ្វើផែនការ​គម្រោង​ផងដែរ។​

​បន្ទាប់ពី​លោក​ត្រូវ​បាន​ចាត់​ឲ្យធ្វើ​ជា​អ្នក​គ្រប់គ្រង​គម្រោង​អភិវឌ្ឍន៍ តើ​អ្វីខ្លះ​ជា​មូលដ្ឋាន​ដែល​លោក​ត្រូវ​គិតដល់ និង​ធ្វើ​សកម្មភាព​?

​ក្នុងនាម​ជា​អ្នក​គ្រប់គ្រង​គម្រោង យើង​ត្រូវ​គិត​ដល់​អ្វី​គ្រប់យ៉ាង​ដែល​ទាក់ទង​ទៅ​នឹង​គម្រោង​នេះ ប៉ុន្តែ​អ្វី​ដែល​ជា​មូលដ្ឋាន​ត្រូវ​គិត​នោះ​គឺ ការសិក្សា​ពី​ទីតាំង​នៃ​គម្រោង សិក្សា​ពី​គោល​គំនិត និង​ការ​រចនា​ប្លង់​បឋម​នៃ​គម្រោង ដើម្បី​ពិនិត្យមើល​ថា​គម្រោង​នេះ​អាច​សាងសង់​បាន​ដែរឬទេ ដែល​រួម​បញ្ចូល​ការចុះ​សិក្សា​ការដ្ឋាន​ដើម្បី​មើល​ថា​តើ​យើង​អាច​បញ្ចប់​គម្រោង​នេះ​នៅ​ក្នុង​ទំហំ​ថវិកា​ដែល​មាន និង​រយៈពេល​ដែល​បាន​កំណត់​ដែរឬទេ ព្រមទាំង​មើលថា​សំណង់​មាន​គុណភាព​ខ្ពស់​ឬ អត់​។​

​តើ​អ្វី​ទៅ​ជា​តួនាទី​ប្រចាំថ្ងៃ​របស់​អ្នក​គ្រប់គ្រង​គម្រោង​ចំពោះ​គម្រោង​សាងសង់​មួយ​?

​ចំពោះ​តួនាទី​ប្រចាំថ្ងៃ អ្នក​គ្រប់គ្រង​គម្រោង​ត្រូវ​ធានាថា​ការងារ​ទាំងអស់​ប្រព្រឹត្តទៅ​យ៉ាង​រលូន និង​ត្រូវ​ធានា​ថា​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​គម្រោង​ទាំងអស់​ដឹង​ពី​អ្វី​ដែល​ត្រូវធ្វើ និង​មាន​ភាព​សកម្ម​យ៉ាង​ពេញលេញ​ក្នុង​ការងារ​ប្រចាំ​ថ្ងៃ​ដើម្បី​បំពេញ​តាម​គោលដៅ​របស់​គម្រោង​។ អ្នក​គ្រប់គ្រង​គម្រោង​ត្រូវ​ពិនិត្យ​តាមដាន និង​អនុម័ត​លើ​កិច្ចការ​ទាំងអស់​នៅក្នុង​គម្រោង មិន​ថា​អ្នកណា​ជា​អ្នករៀបចំ ឬ​គ្រប់គ្រង​នោះទេ​។ អ្នក​គ្រប់គ្រង​គម្រោង​ត្រូវ​ធានាឲ្យបាន​នូវ​ចំណុច​សំខាន់បី​របស់​គម្រោង​នោះ​គឺ ថវិកា ពេលវេលា និង​គុណភាព​។​

​តើ​លោក​រាយការណ៍​អំពី​ការងារ​របស់​លោក​ទៅ​តែ​ចំពោះ​ក្រុមហ៊ុន​ទទួល​ម៉ៅការ​សាងសង់ ឬ​ក្រុមហ៊ុន​អភិវឌ្ឍ​គម្រោង​ដែរ ?

​ការរាយការណ៍​អំពី​ការងារ​គម្រោង​សាងសង់​មួយ មាន​កម្រិត​ខុសៗ​គ្នា​។ ប្រធាន​ក្រុម​កម្មករ និង​វិស្វករ​សំរាប់​អង្គភាព​នី​មួយៗ ត្រូវបាន​រាយការណ៍​ជា​ប្រចាំ​ថ្ងៃ​ទៅកាន់​អ្នក​គ្រប់គ្រង​គម្រោង ប៉ុន្តែ​អ្នក​គ្រប់គ្រង​ការដ្ឋាន ត្រូវ​ដាក់​ជូន​របាយការណ៍​វ​ឌ្ឍ​ភាព​ការងារ​ប្រចាំ​សប្តាហ៍ ដែល​ធ្វើការ​សង្ខេប​ពី​វឌ្ឍនភាព​ការងារ និង​ផែនការ​របស់​ខ្លួន​ទៅកាន់​អ្នក​គ្រប់គ្រង​គម្រោង​។ អ្នក​គ្រប់គ្រង​គម្រោង​ត្រូវ​ដាក់​ជូន​របាយការណ៍​វឌ្ឍនភាព​ការងារ​តាម​កាលកំណត់ ដែល​ជា​ធម្មតា​ម្តង​ក្នុង​មួយ​ខែ ទៅ​ក្រុមហ៊ុន​ម៉ៅការ​សាងសង់ និង​ក្រុមហ៊ុន​អភិវឌ្ឍ​គម្រោង​។​

​ដោយសារ​ថា​អ្នក​គ្រប់គ្រង​គម្រោង​ស្ថិតនៅក្រោម​ការណែនាំ​ដោយ​ផ្ទាល់​របស់​ក្រុមហ៊ុន​ម៉ៅការ​សាងសង់ ដូចនេះ​មិន​មាន​ការបញ្ជា​ដោយ​ផ្ទាល់​ពី​ក្រុមហ៊ុន​អភិវឌ្ឍ​គម្រោង​នោះទេ​។ នៅក្នុង​ករណី​ដែល​ក្រុមហ៊ុន​អភិវឌ្ឍ​គម្រោង និង​ក្រុមហ៊ុន​ម៉ៅការ​សាងសង់ ជា​ក្រុមហ៊ុន​ពីរ​ផ្សេង​គ្នា ពេលខ្លះ​ក្រុមហ៊ុន​អភិវឌ្ឍ​គម្រោង​ស្នើ​សុំ​ព័ត៌មាន​ពី​អ្នក​គ្រប់គ្រង​គម្រោង​ទាក់ទង​នឹង​រយៈពេល វឌ្ឍនភាព​ការងារ និង​ថវិកា​។​

​តើ​លោក​អាច​ពន្យល់​ខ្លះៗ​ពី​បញ្ហា​ប្រឈម និង​ការលំបាក​ដែលជា​អ្នក​គ្រប់គ្រង​គម្រោង​ជាធម្មតា​តែ​ង​ជួបប្រទះ​?

​នៅក្នុង​ករណី​ក្រុមហ៊ុន OCIC បញ្ហា​ប្រឈម​សំខាន់ៗ​សម្រាប់​អ្នក​គ្រប់គ្រង​គម្រោង គឺ​ភាពយឺតយ៉ាវ​ក្នុង​ការទិញ​សម្ភារ​សំណង់ និង​ឧបករណ៍​ដែល​បម្រើឲ្យ​ការងារ​សាងសង់ ហើយ​ធ្វើឲ្យ​គម្រោង​មិន​អាច​បញ្ចប់​ទាន់ពេល​វេលា ដោយសារតែ​ដំណើរការ​យឺតយ៉ាវ​ក្នុង​ការបញ្ជា​ទិញ និង​ដឹកជញ្ជូន​ស​មា្ភរ​ទៅ​កាន់​ការដ្ឋាន​សំណង់​។ ការកែតម្រូវ​ការ​រចនា​ប្លង់​គម្រោង​នៅ​ពាក់កណ្តាល​ដំណើរការ​សាងសង់​ក៏បង្ក​ជា​ការលំបាក​មួយ​ទៀត​ផង​ដែរ ដោយ​អ្នក​គ្រប់គ្រង​គម្រោង​នឹង​ប្រឈមមុខ​នឹង​សម្ពាធ​ខាង​ពេលវេលា ហើយ​តម្រូវការ​ខាង​រៀបចំ​ឯកសារ​ជាច្រើន ក៏​ជា​រឿង​ឈឺក្បាល​មួយទៀត​សម្រាប់​អ្នក​គ្រប់គ្រង​គម្រោង​ផងដែរ​។​

​ក្នុងនាម​ជា​អ្នក​គ្រប់គ្រង​គម្រោង តើ​លោក​គ្រាន់​តែ​អនុវត្ត​តាម​ផែនការ​មេ​របស់​គម្រោង ដែល​រចនា​ប្លង់​ឡើង​ដោយ​ក្រុម​ស្ថាបត្យករ និង​វិស្វករ ឬ​លោក​អាច​ពិនិត្យមើល​ការ​រចនា​ប្លង់ និង​លើក​ឡើង​ពី​ការកែតម្រូវ​ក្នុងអំឡុងពេល​ដំណើរការ​សាងសង់​ដែរ​?

​ការពិនិត្យ​មើល​នូវ​ផែនការមេ​ដែល​រចនា​ប្លង់​ឡើង​ដោយ​ស្ថាបត្យករ និង​វិស្វករ ដើម្បី​មើល​ថា​តើ​វា​មាន​ភាពត្រឹមត្រូវ ឬ​អត់​នោះ គឺជា​ផ្នែក​មួយ​នៃ​តួនាទី​សំខាន់ៗ​របស់​អ្នក​គ្រប់គ្រង​គម្រោង​។ ប្រសិនបើ​យើង​រកឃើញ​ថា​មាន​បញ្ហា យើង​អាច​ស្នើសុំ​ការកែតម្រូវ​។ ក្នុងនាម​ជា​អ្នក​គ្រប់គ្រង​គម្រោង​ខុន​ដូ Riviera ខ្ញុំ​ធ្លាប់បាន​ស្នើសុំ​ឲ្យ​ផ្លាស់ប្តូ​រការ​រចនា​ដំបូល Riviera Plaza ដើម្បី​សន្សំ​សំចៃ​ថវិកា ព្រមទាំង​ភាពស្រស់ស្អាត​របស់​ផ្សារ​ទំនើប ហើយ​ក្រុម​ស្ថាបត្យក​រ និង​វិស្វករ​ក៏​បាន​ព្រមព្រៀង​គ្នា​ជាមួយ​ខ្ញុំ​ផងដែរ​។​

​តើ​មាន​ជំនាញ​វិជ្ជាជីវៈ និង​សមត្ថភាព​អ្វីខ្លះ​ដែល​អ្នក​គ្រប់គ្រង​គម្រោង​គួរ​មាន​? ហើយ​តើ​តួនាទី​នេះ​ត្រូវការ​វិញ្ញាបនបត្រ​ជាក់​លាក់​បញ្ជាក់​ពី​រដ្ឋាភិបាល ឬ​ទីភ្នាក់ងារ​ណាមួយ ឬ​តម្រូវការ​ជាក់លាក់​ណាមួយ ឬទេ​?

​ដើម្បី​ក្លាយជា​អ្នក​គ្រប់គ្រង​គម្រោង​ប្រកបដោយ​សមត្ថភាព អ្នក​គ្រប់គ្រង​គម្រោង​ត្រូវតែ​មាន​ការសិក្សា​ល្អ​នៅក្នុង​វិស័យ​សាងសង់​ដែល​អាច​ជា​ការ​រចនា​ស្ថាបត្យកម្ម និង​វិស្វកម្ម​។ បន្ទាប់មក អ្នក​គ្រប់គ្រង​គម្រោង ត្រូវតែ​មាន​បទពិសោធន៍​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​មុខដំណែង​ជាច្រើន​ពាក់ព័ន្ធ​នឹង​គម្រោង​សាងសង់ ដើម្បី​ឲ្យ​ពួកគេ​អាច​ពិនិត្យ​មើល​ការងារ និង​សម្រេច​ចិត្តបាន​ឆាប់រហ័ស ដោយ​មិន​ចាំបាច់​ពឹងផ្អែក​ខ្លាំង​លើ​អ្នកជំនាញ​។ សម្រាប់​ភាពជា​អ្នកដឹកនាំ វា​គ្រាន់តែ​ជា​ជំនាញ​របស់​បុគ្គល​ម្នាក់ៗ ប៉ុន្តែ​ការ​ដែល​អ្នក​គ្រប់គ្រង​គម្រោង​មាន​ជំនាញ​នេះ​គឺ​ល្អ ដើម្បី​ឲ្យ​ពួកគេ​អាច​ធានាបាន​នូវ​ប្រសិទ្ធិភាព​ធ្វើ​ការងារ​ជា​ក្រុម​ដោយ​គ្មាន​បញ្ហា​គ្រប់គ្រង​។​

​នៅ​ប្រទេស​កម្ពុជា មិន​មាន​លក្ខណៈ ឬ​លក្ខខណ្ឌ​តម្រូវ​តាម​ច្បាប់ ដើម្បី​ក្លាយជា​អ្នក​គ្រប់គ្រង​គម្រោង​នោះ​ទេ​។ ដំណែង​នេះ​ជា​ការតែងតាំង​ពី​អ្នកម៉ៅការ​សាងសង់ ឬ​ក្រុមហ៊ុន បន្ទាប់​ពី​មាន​ការទទួលស្គាល់​នូវ​ការធ្វើ​ការងារ​រប​ស់បុ​គ្គល​នោះ​។ ទោះជា​យ៉ាងណា​មានតែ​គណៈ​ស្ថាបត្យករ​កម្ពុជា និង​គណៈ​វិស្វករ​កម្ពុជា ដែល​ស្ថាបត្យករ និង​វិស្វករ អាច​ចុះ​ឈ្មោះ​វិជ្ជាជីវៈ​ជា​វិស្វករ និង​ស្ថាបត្យករ​របស់ខ្លួន ដោយ​មាន​ការទទួលស្គាល់​ពី​រដ្ឋាភិបាល​។​

​តើ​អ្នក​គ្រប់គ្រង​គម្រោង​ត្រូវតែ​មាន​សាវតា​មកពី​ផ្នែក​ស្ថាបត្យកម្ម ឬ​ផ្នែក​វិស្វកម្ម ឬ​យ៉ាងណា​? ហើយ​ហេតុអ្វី​? តើ​លោក​គិតថា សាកលវិទ្យាល័យ​កម្ពុជា​អាច​ផលិត​អ្នក​គ្រប់គ្រង​គម្រោង​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ដែរ ឬទេ​?

​ទាំង​ស្ថាបត្យករ និង​វិស្វករ​អាច​ត្រូវបាន​តែងតាំង​ជា​អ្នក​គ្រប់គ្រង​គម្រោង​។ អាជីព​ទាំង​ពីរ​នេះ​ខុស​គ្នា​តិចតួច​ប៉ុណ្ណោះ​នៅក្នុង​ការសិក្សា និង​ជំនាញ ប៉ុន្តែ​ទាំង​ស្ថាបត្យក​រ និង​វិស្វករ​ត្រូវ​ធ្វើការ​នៅ​ការដ្ឋាន​របស់​គម្រោង​ជាច្រើន​ឆ្នាំ​។ ពួកគេ​នឹង​ត្រូវ​រៀន​ជំនាញ​ពី​គ្នា​ទៅវិញទៅមក ដូច្នេះ​នៅពេល​ដែល​ពួកគេ​ណា​ម្នាក់​ក្លាយជា​អ្នក​គ្រប់គ្រង​គម្រោង នោះ​ពួកគេ​នឹង​ទទួលបាន​ទាំង​បទពិសោធន៍​ស្ថាបត្យកម្ម និង​វិស្វកម្ម​។​

​នៅក្នុង​ប្រទេស​កម្ពុជា មិន​មាន​សាលារៀន​ដែល​ធ្វើ​ការបណ្តុះបណ្តាល​សិស្ស​-​និស្សិត​ធ្វើ​ជា​អ្នក​គ្រប់គ្រង​គម្រោង​នោះ​ទេ​។ ក្នុង​បណ្តា​ប្រទេស​ផ្សេង​ទៀត មាន​សាលា​ដែល​ផ្តល់​ការបង្រៀន​នូវ​ជំនាញ​គ្រប់គ្រង​សំណង់ ប៉ុន្តែ​ខ្ញុំ​មិន​គិត​ថា​នឹង​មាន​ជំនាញ​ប្រភេទ​នេះ​នៅ​តាម​សាលា​វិស្វកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​នៅឡើយ​ទេ​។ តាម​ការសង្កេតមើលរ​បស់​ខ្ញុំ ក្នុងចំណោម​និស្សិត​បញ្ចប់​ការសិក្សា​ជា​ច្រើន​ដែល​មកពី​សាកលវិទ្យាល័យ​ផ្នែក​វិស្វកម្ម​នៅ​កម្ពុជា មាន​តែ​ពីរ​បី​នាក់​ក្នុងចំណោម​ពួក​គេ​ប៉ុណ្ណោះ ដែល​អាច​ធ្វើការ​ជា​ស្ថាបត្យក​រ និង​វិស្វករ​យ៉ាង​ពេញ​សមត្ថភាព​។ ឥឡូវនេះ​មាន​ស្ថាបត្យក​រ និង​វិស្វករ​ដែល​ខ្វះ​គុណភាព និង​បទពិសោធន៍​ជាច្រើន​។​

​តើ​លោក​សង្កេតឃើញ​អ្វី​ខ្លះ​អំពី​ការអនុវត្តន៍​ខុសឆ្គង​ជា​ញឹកញាប់​របស់​អ្នក​គ្រប់គ្រង​គម្រោង​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា​?

​ជាទូទៅ ខ្ញុំ​កត់សម្គាល់ឃើញ​ថា អ្នក​គ្រប់គ្រង​គម្រោង​មួយចំនួន​នៅ​ប្រទេស​កម្ពុជា​ខ្វះខាត​ជំនាញ​ធ្វើ​ផែនការ​គម្រោង​។ ខ្ញុំ​មើល​ឃើញ​ថា អ្នក​គ្រប់គ្រង​គម្រោង​បរទេស ឬ​ក្រុមហ៊ុន​ម៉ៅ​ការបរទេស​ចូលមក​ធ្វើ​ការងារ​គម្រោង​នៅក្នុង​ប្រទេស​កម្ពុជា ជាធម្មតា​ចំណាយ​ថវិកា និង​ពេលវេលា​ធ្វើការ​សិក្សា​យ៉ាង​ហ្មត់ចត់​លើ​គម្រោង ដើម្បី​វិភាគ​រក​ផលប៉ះពាល់ និង​ដោះស្រាយ​បញ្ហា​ទាំងនោះ​មុន​ពេល​ការសាងសង់​ចាប់ផ្តើម ប៉ុន្តែ​សម្រាប់​អ្នក​គ្រប់គ្រង​គម្រោង ឬ​ក្រុមហ៊ុន​សាងសង់​កម្ពុជា​វិញ ពួកគេ​ចាប់ផ្តើម​សាងសង់​ជា​មុន ហើយ​ដោះស្រាយ​បញ្ហា​នៅពេល​កំពុង​ដំណើរការ​ធ្វើ​ការងារ។​

​តើ​លោក​មាន​អនុសាសន៍​អ្វីខ្លះ​ដល់​សិស្ស​-​និស្សិត ឬ​អ្នក​ដែល​មាន​បំណង​ចង់​ក្លាយជា​អ្នក​គ្រប់គ្រង​គម្រោង​?

​សម្រាប់​អនុសាសន៍​របស់​ខ្ញុំ ពួក​គេ​គួរតែ​រក្សា​ការខិតខំ​ប្រឹងប្រែង​ធ្វើការ ផ្តោត​លើ​សេចក្ដីលម្អិត​នៃ​ការងារ និង​រៀនសូត្រ​ពី​បទពិសោធ​ការងារ និង​កំហុសឆ្គង ព្រមទាំង​បន្ត​ការរៀន​នូវ​អ្វី​ដែល​ថ្មីៗ និង​ជំនាញ​ថ្មីៗ​។ ប្រសិន​បើ​ពួកគេ​អាច​បង្កើន​ជំនាញ​ទាំងអស់នេះ ពួកគេ​នឹង​ធ្វើឲ្យ​ប្រសើរឡើង​នូវ​សមត្ថភាព​របស់​ពួកគេ​ផង​ដែរ​។

- Video Advertisement -