តើខេត្តព្រះសីហនុនឹងឆ្លងផុតវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរនេះយ៉ាងដូចម្តេច និងនៅពេលណា?
ក្រុងព្រះសីហនុ ដែលធ្លាប់ជាទីក្រុងសក្ដានុពលមួយ បច្ចុប្បន្នកំពុងជួបប្រទះនឹងបញ្ហាសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរជាពិសេសការកកស្ទះចរន្តនៃវិស័យអចលនទ្រព្យ។ ឃើញថាមានសំណង់អគារធំៗជាច្រើនត្រូវបានបញ្ឍប់ការសាងសង់ មនុស្សជាច្រើនគ្មានការធ្វើ តម្លៃជួលផ្ទះធ្លាក់ចុះយ៉ាងគំហុកម្ចាស់គម្រោងផ្ទះល្វែងជាច្រើនត្រូវវ័ណ្ឌកដោយសារបាត់បង់ចំណូលពីការជួល និងបញ្ហាជាច្រើនទៀត។
បញ្ហាទាំងនេះមួយផ្នែកធំគឺបណ្តាលមកពីការបិទហ្គេមអនឡាញកាលពីខែសីហា ឆ្នាំ ២០១៩ កន្លងមកនេះ។ ផ្ទូនបន្ថែមជាមួយកត្តាផ្សេងៗទៀតដូចជា ការរាតត្បាតនៃមេរោគកូរ៉ណា ការដកសិទ្ធិពាណិជ្ជកម្ម EBA សង្គ្រាមពាណិជ្ជកម្ម និងបញ្ហាភូមិសាស្ត្រនយោបាយដទៃទៀតនៅជុំវិញពិភពលោក ដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចទាំងមូលនៅកម្ពុជាធ្លាក់ចុះក្នុងឆ្នាំ ២០២០ធ្វើឱ្យវិបត្តិសេដ្ឋកិច្ចនៃខេត្តមួយនេះមានសភាពរឹតតែធ្ងន់ធ្ងរ។
មុនបិទហ្គេមអនឡាញ បើយោងតាមទិន្នន័យរបស់ក្រុមហ៊ុន Key Real Estate Co., Ltd តម្លៃផ្ទះជួលគឺចន្លោះពី៨០០០ ដុល្លារទៅ ១៦០០០ដុល្លារក្នុងមួយខែ។ ដោយរកចំណូលបានជាច្រើនចេញពីការជួល ម្ចាស់អចលនទ្រព្យមួយចំនួនខ្ចីប្រាក់ពីធនាគារដើម្បីសម្រុកសាងសង់លំនៅដ្ឋានតូចធំ ដើម្បីជួលឲ្យជនជាតិចិនបន្ថែមទៀត។
ប៉ុន្ដែ ក្រោយពេលដែលរដ្ឋាភិបាលបានប្រកាសបិទនូវហ្គេមតាមប្រព័ន្ធអនឡាញខុសច្បាប់ បានធ្វើឲ្យជនជាតិចិនទាំងអស់នោះត្រឡប់ទៅស្រុកកំណើតវិញដែលបណ្ដាលឱ្យតម្លៃជួលធ្លាក់ចុះនៅសល់ត្រឹមតែ២០០០ ទៅ ៦០០០ដុល្លារក្នុងមួយខែ។ ដូច្នេះ ម្ចាស់អចនទ្រព្យទាំងក្នុងនិងក្រៅស្រុកត្រូវបាត់បង់ចំណូល ហើយធ្ងន់ធ្ងរជាងនេះគឺវ័ណ្ឌកជាមួយបំណុលធនាគារថែមទៀតផង ហើយត្រូវបង្ខំចិត្តផ្អាកការសាងសង់។
តើស្ថានភាពសេដ្ឋកិច្ចរបស់ទីក្រុងមួយនេះនឹងត្រលប់មករស់រានឡើងវិញនៅពេលណា និងយ៉ាងដូចម្ដេច?
អ្នកជំនាញព្យាករណ៍ថាស្ថានភាពសេដ្ឋកិច្ចក្រុងព្រះសីហនុនឹងប្រសើរឡើងវិញ ក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំទៀត ហើយពួកគេបានឱ្យនិយមន័យវិបត្តិសេដ្ឋកិច្ចមួយនេះថា ការផ្លាស់ប្ដូរដែលឈឺចាប់ តែគឺដើម្បីការអភិវឌ្ឍន៍ដែលមានគុណភាព និងនិរន្តរភាពនាពេលអនាគត ឬ ហើយតាមសុភាសិតខ្មែរគឺ ពិបាកមុន ស្រណុកក្រោយ។
បើតាមការវិភាគរបស់ លោក សន សៀប នាយកនៃក្រុមហ៊ុន Key Real Estate Co., Ltd និងជាអ្នកឯកទេសផ្នែកអចលនទ្រព្យដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជាទោះជាតម្លៃជួលធ្លាក់ចុះពិតមែន តែតម្លៃដី និងផ្ទះគឺនៅថេរ ដូច្នេះស្ថានភាពអាចនឹងប្រសើរឡើងវិញក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំ។ រយៈពេលនេះគឺជារយៈពេលសមរម្យមួយសម្រាប់ឱ្យសំណង់ដែលកំពុងសាង់សង់ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធមួយចំនួនធំ បញ្ចប់ការសាងសង់។
ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធក្នុងព្រះសីហនុ រដ្ឋាភិបាលកាលពីខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងមក បានចំណាយថវិកាប្រមាណ ២៩៤លានដុល្លារស្ថាបនាផ្លូវចំនួន៣៤ខែ្ស នៅខេត្តនេះ ក្នុងគោលបំណងដើម្បីជួយស្ដារសេដ្ឋកិច្ច។លើសពីនេះ ខេត្តមួយនេះនឹងត្រូវភ្ជាប់ជាមួយនឹងរាជធានីភ្នំពេញដោយផ្លូវល្បឿនលឿនមួយខ្សែរផងដែរ ដែលបច្ចុប្បន្នការសាងសង់សម្រេចបានជិត ២០ ភាគរយហើយ។ (អានបន្ថែម)
ដូច្នេះបើតាមលោក សន សៀប បើគម្រោងទាំងនេះបញ្ចប់ការសាងសង់ ស្ថានភាពសេដ្ឋកិច្ចក៏នឹងប្រសើរឡើង។ លោក បានមានប្រសាសន៍ថា ក្រោយសាង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវរួច ខេត្តមួយនេះនឹងទាក់ទាញអ្នកវិនិយោគត្រឡប់មកវិញ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុនៅកម្ពុជា ក៏បានយល់ឃើញស្រដៀងគ្នានេះដែលថា សេដ្ឋកិច្ចខេត្តព្រះសីហនុនឹងត្រឡប់មកមានសន្ទុះវិញ ក្នុងពេលឆាប់ៗនេះ ដោយលោកវិភាគថាការធ្លាក់ចុះនៃតម្លៃជួលយ៉ាងគំហុកនេះ គឺជាការធ្លាក់ថ្លៃពីតម្លៃបំប៉ោងមកតម្លៃសេដ្ឋកិច្ចធម្មតាវិញ។
លោក ច្រឹក សុខនីម មានប្រសាសន៍ថា៖ «តម្លៃជួលផ្ទះ ៧០០០ ទៅ ៨០០០ ដុល្លារគឺជាតម្លៃបំប៉ោង គេជួលហើយ គេរកស៊ីមិនចំណេញទេ គេត្រូវតែចេញ។ តម្លៃសេដ្ឋកិច្ចគឺត្រឹមតែ ១៥០០ ទៅ ២០០០ ដុល្លារ ប៉ុណ្ណោះ។ ការធ្នាក់ចុះនេះជារឿងធម្មតារបស់ Supply-Demand [តម្រូវការនិងការផ្គត់ផ្គង់] ដូច្នេះមិនយូរទេ មិនដល់១ឆ្នាំផង ពេលតម្លៃជួលថោក អ្នកវិនិយោគនឹងមកវិញ»។
ដោយឡែក ទាក់ទងនឹងសំណង់ដែលត្រូវបានផ្អាក ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Southeast Asia Globe ឧកញ្ញា វ៉ាន់ សុខខេង ដែលជាអ្នកជំនាញម្នាក់ក្នុងវិស័យនេះ ក៏បានឱ្យយោបល់ថា សម្រាប់សំណង់ដែលម្ចាស់គម្រោងជាជនជាតិចិន ហើយជួលដីប្រជាជនខ្មែរក្នុងការសាងសង់ វិធានការណ៍ដែលល្អបំផុតគឺ ការមិនយកថ្លៃជួលដីសម្រាប់មួយរយៈពេល ដើម្បីឱ្យពួកគឺបញ្ចប់ការសាងសង់។ នេះគឺការទាក់ទាញអ្នកវិនិយោគឱ្យត្រលប់មកវិញ បានមួយចំណែក។
ទោះជាយ៉ាងក្ដី នេះគឺជាសំណើរដ៏លំបាកសម្រាប់អ្នកដែលពឹងផ្អែកចំណូលពីការជួល ដើម្បីយកទៅសងបំណុលក្នុងគម្រោងសាងសង់ផ្សេងទៀតរបស់ពួកគេ។ ដូច្នេះ លោកឧកញ្ញ៉ា សុខខេង ក៏បានបន្ថែមទៀតថា ការស្នើសុំឱ្យរដ្ឋបន្ធូរបន្ថយពន្ធលើសម្ភារៈសំណង់ ដូចជា ការពន្យារពេលរយៈដើម្បីសងប្រាក់កម្ចីសម្រាប់អ្នកខ្ចីទុនពីធនាគារមកវិនិយោគនៅខេត្តព្រះសីហនុ ក៏ជាដំណោះស្រាយមួយ ដែលអាចជួយឱ្យស្ថានភាពសេដ្ឋកិច្ចរបស់ទីក្រុងមួយនេះត្រលប់មករស់រានឡើងវិញ។ លោកបញ្ជាក់ថា បច្ចុបន្នសមាគមរបស់លោកកំពុងធ្វើការស្នើលើរឿងនេះ។
បើយោងតាមប្រភពដដែល រដ្ឋាភិបាលតាមរយៈអភិបាលខេត្ត ឯកឧត្តម គួច ចំរើន បានបង្ហាញពីឆន្ទៈក្នុងការសហការលើបញ្ហានេះ។
សេដ្ឋកិច្ចខេត្តព្រះសីហនុ មិនមែនពឹងផ្អែកទាំងស្រុងលើហ្គេមតាមប្រព័ន្ធអនឡាញតែមួយមុខនោះទេ ការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ក៏ដូចជាកំពង់ផែទឹកជ្រៅ ក៏ជាចលករដ៏សំខាន់ផងដែរ ក្នុងការជួយស្ដារសេដ្ឋកិច្ចខេត្ដនេះឡើងវិញ។ តាមរយៈតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងកំពង់ផែទឹកជ្រៅ នឹងស្រូបយកអ្នកវិនិយោគដែលមានគុណភាពជាងមុន។

ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានដដែល លោក Jiang Kexing ប្រធានសាខាក្នុងស្រុកនៃសភាពាណិជ្ជកម្មចិននៅកម្ពុជាបានមានប្រសាសន៍ថា៖«តំបន់នេះមានអាជីវកម្មចំនួន ១៦៥ កន្លែងដែលផ្តល់ការងារដល់កម្មករខ្មែរ ២៥.០០០ នាក់។ ហើយថ្មីៗនេះ បានផ្ដល់ការងារដល់ប្រជាជន ៨.០០០ នាក់ ដែលបាត់បង់ការងារពីកាស៊ីណូនិងសណ្ឋាគារ ក្រោយបិតហ្គេមអនឡាញ»។ លោកក៏បានប្រៀបធៀបស្ថានភាពបច្ចុប្បន្ននៃទីក្រុងនេះទៅនឹងការព្យាបាលជម្ងឺ ដែលក្រោយពីជា គឺនឹងរីកដុះដាលប្រកបដោយគុណភាព និងប្រសើរជាងមុន។

ឧកញ៉ា ហាន់ ឃាង អនុប្រធានទី១ នៃសមាគមអ្នកសាងសង់កម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Muhibbah Engineering (កម្ពុជា) ក៏យល់ឃើញដូច្នេះដែរ ថា គោលនយោបាយបិទហ្គេមអនឡាញគឺជាការចម្រាញ់អ្នកវិនិយោគ ពោលគឺច្រានអ្នកវិនិយោគដែលខ្វះគុណភាពចេញ និងស្រូបយកអ្នកវិនិយោគដែលមានគុណភាពចូលមកវិញ។
លោកឧកញ៉ាបានមានប្រសាសន៍ថា ៖ «អ្នកដែលធ្វើខុសច្បាប់ត្រូវតែចាកចេញ ហើយអ្នកល្អៗគឺអាចនៅបាន នេះជារឿងដ៏ល្អមួយដែរ។ ហើយខ្ញុំជឿថា ពីឥឡូវនេះទៅមុខ ៥ ឆ្នាំទៀត អ្នកវិនិយោគបរទេស គេនឹងមកទិញអចលនទ្រព្យនៅស្រុកខ្មែរ ជាពិសេសនៅខេត្តព្រះសីហនុ ដីមិនថ្លៃអីណាស់ណាទេ។ ១ម៉ែត្រការ៉េប្រហែល ២ពាន់ដុល្លារ សម្រាប់ទីតាំងដែលល្អ បើយើងទិញ១ឆ្នាំមុន សឹងតែ៩ខែយកទុនវិញបានហើយ យ៉ាងច្រើន ២ ឆ្នាំ ព្រោះសេចក្តីត្រូវការវាច្រើន»។

លើសពីនេះ លោក James Hodge នាយកក្រុមហ៊ុន CBRE Cambodia ក៏បានឱ្យដឹងថា ការប្រែប្រួលនេះក៏ជាការកែតម្រូវទីផ្សារដ៏ល្អសំរាប់ខេត្តមួយនេះ។ (អានបន្ថែម)
លោកបានមានប្រសាសន៍ថា៖« សកម្មភាពអចលនទ្រព្យមើលទៅដូចជាធ្លាក់ចុះបន្តិច យើងឃើញថាការលក់ដីគឺតិចជាងអ្វីដែលយើងបានឃើញនាពេលកន្លងមក…ប៉ុន្តែវាក៏ផ្តល់នូវឱកាសដ៏រឹងមាំក្នុងការផ្លាស់ប្តូរ ដូច្នេះវាគឺជាការចាប់ផ្តើមដ៏ល្អសម្រាប់ទីផ្សារនេះ» ។
លោក James បានបន្ថែមទៀតថា ជាមួយនឹងការវិនិយោគកែលម្អហេដ្ឋារចនាសម្ព័ន្ធដោយរដ្ឋាភិបាល ដូចជាការពង្រីកអាកាសយានដ្ឋានឱ្យទទួលបានអ្នកដំណើរបានដល់១០ លាននាក់ គឺនឹងផ្តល់ផលវិជ្ជមានដល់ទីផ្សារមួយនេះ។
ទន្ទឹមនឹងនេះដែរ ជាការឆ្លើយតបទៅនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចនេះ រដ្ឋាភិបាលកំពុងរៀបចំសណ្ដាប់ធ្នាប់ក្រុងព្រះសីហនុឡើងវិញដើម្បីត្រៀមលក្ខណៈប្រែក្លាយក្រុងសីហនុនេះទៅជាក្រុងឧស្សាហកម្ម មានបណ្តុំទីតាំងតំបន់សេដ្ឋកិច្ច
ពិសេស សម្រាប់ផលិតនាំចេញ ដូចនឹងគំរូទីក្រុងឧស្សាហកម្ម ស៊ិនជិន នៅភាគខាងត្បូងប្រទេសចិន។ (អានបន្ថែម)

ឯកឧត្តម វង្សី វិស្សុត ថ្លែងថា៖ «ប្រសិនយើងចង់ប្រែក្លាយក្រុងសីហនុ ដូចនឹងក្រុងស៊ិនជិន វាមិនអាចគ្រាន់តែមានកាស៊ីណូប៉ុណ្ណោះទេ។ វាត្រូវជាក្រុងឧស្សាហកម្ម ដែលមានសេវាកម្ម បច្ចេកវិទ្យា និងទេសចរណ៍។»
លើសពីនេះ ប្រទេសចិនក៏បានប្ដេជ្ញាថានឹងជួយប្រទេសកម្ពុជា ជាពិសេសខេត្តព្រះសីហនុ តាមដែលអាចធ្វើទៅបាន តាមរយៈការលើកទឹកចិត្តឱ្យអ្នកវិនិយោគចិនមកបណ្តាក់ទុននៅកម្ពុជា។
នៅក្នុងជំនួបពិភាក្សារវាង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Xi Jinpingប្រធានាធិបតីចិន កាលពីថ្ងៃទី០៥ ខែ កុម្ភៈ នៅទីក្រុងប៉េកាំង ប្រទេសចិនឯកឧត្តមប្រធានាធិបតីចិន បានអះអាងថា ចិននឹងផ្តល់ជំនួយសម្រាប់កម្ពុជា និងខេត្តព្រះសីហនុ ទៅតាមតម្រូវការនៃភាពចាំបាច់របស់កម្ពុជា ព្រមទាំងលើកទឹកចិត្តឱ្យអ្នកវិនិយោគចិនមកបណ្តាក់ទុននៅកម្ពុជា និងនាំចូលផលិតផលពីកម្ពុជាចូលប្រទេសចិន។
ទោះជាយ៉ាងណាក្ដី ប្រទេសចិនកំពុងតែត្រូវការពេលវេលាដើម្បីដោះស្រាយនូវបញ្ហាជម្ងឺកូរ៉ូណាមួយរយៈសិន។ បន្ទាប់ពីស្ថានភាពប្រទេសចិនប្រសើរឡើងហើយ អ្នកវិនិយោគទុនចិន នឹងត្រឡប់មកកម្ពុជា ដើម្បីបន្តវិនិយោគលើប្រទេសនេះបន្ត។
- Video Advertisement -