តើប្រទេសថៃនឹងសាងសង់ព្រែកជីកតភ្ជាប់មហាសមុទ្រដូចដែលគេកំពុងតែផ្អើលមែនឬទេ?
រូបភាពឧទាហរណ៍អ្នកជំនាញថៃកាលពីថ្មីៗនេះក្រុមបានជំរុញឱ្យរដ្ឋាភិបាលបង្កើតគណកម្មាធិការដើម្បីសិក្សាពីលទ្ធភាពនៃគម្រោងព្រែកជីកតភ្ជាប់មហាសមុទ្រឬ Kra Canal នៅភាគខាងត្បូងនៃប្រទេសថៃ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលថៃបានបញ្ជាក់ថាគម្រោងនេះមិនទាន់មាននៅក្នុងផែនការរបស់រដ្ឋាភិបាលថៃនៅឡើយទេ នេះបើយោងតាមសារព័ត៌មានThe Nation និង Channel News Asia ។Kra Canal នេះគឺជាគម្រោងព្រែកជីកសិប្បនិម្មិតតម្លៃរាប់ពាន់លានដុល្លារនៅភាគខាងត្បូងនៃប្រទេសថៃ ប្រវែងជាង ១០០ គីឡូម៉ែត្រ ដែលជាផ្លូវកាត់តភ្ជាប់សមុទ្រឥណ្ឌា និង សមុទ្រចិន។ ដោយប្រើប្រាស់ព្រែកជីកសិប្បនិម្មិតនេះ នាវាទាំងឡាយអាចធ្វើដំណើរទៅវិញទៅមកឆ្លងកាត់មហាសមុទ្រទាំងពីរបានងាយស្រួលជាងមុន ដោយនឹងកាត់បន្ថយចម្ងាយនៃការធ្វើដំណើរយ៉ាងហោច ១.០០០ គីឡូម៉ែត្រ ព្រោះថាមិនចាំបាច់ធ្វើដំណើរវាងទៅកាន់ចុងជ្រោយឧបទ្វីបម៉ាឡេដូចសព្វថ្ងៃទៀតទេ។គម្រោងមួយដែលបានស្នើឡើងជាយូរមកហើយ ប៉ុន្តែពុំទាន់មានព័ត៌មានលំអិតជាក់លាក់ពិតប្រាកដថានឹងសាង់សង់ពិតមែន ឬ សាងសង់នៅពេលណានោះទេ គឺមានត្រឹមតែការនិយាយនិងផ្អើលតៗគ្នាតែប៉ុណ្ណោះ។ប៉ុន្តែកាលពីថ្មីៗនេះ អ្នកនាំពាក្យរបស់រដ្ឋាភិបាលលោកឧត្តមសេនីយ៍ឯក SansernKaewkamnerdបានអោយដឹងថា រដ្ឋាភិបាលថៃពុំទាន់មានផែនការនិងការអនុវត្តអ្វីទៅលើគម្រោងនេះនៅឡើយទេ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មានChannel News Asia ដែលចេញផ្សាយកាលពីចុងខែ កុម្ភៈ។ បច្ចុប្បន្នរដ្ឋាភិបាលកំពុងពិចារណាលើផលប៉ះពាល់វិជ្ជមាននិងអវិជ្ជមាននៃព្រែកជីកដែលបានស្នើឡើងនេះ។ក្នុងកំពុងពេលនេះ លោកក៏បានស្នើផងដែរថា ប្រជាពលរដ្ឋគួរតែប្រុងប្រយ័ត្នទៅលើព័ត៌មានទាក់ទងទៅនឹងគម្រោងនេះព្រោះវាអាចបណ្ដាលអោយមានការយល់ច្រឡំ។ទោះជាយ៉ាងណាក្ដី បញ្ហានេះត្រូវបានលើកមកពិភាក្សាជាថ្មីម្តងទៀតនៅក្នុងវេទិកាពិភាក្សាដែលធ្វើឡើងនៅថ្ងៃទី ២៤ ខែមីនាដោយសាកលវិទ្យាល័យRangsitឈ្មោះថា Stakeholders in Kra Canal @ Klong Thaiដែលអ្នកជំនាញបានមកជួបជុំគ្នាដើម្បីវែកញែកពីផលប៉ះពាល់នែគម្រោងនេះ។ក្រុមអ្នកជំនាញបានសម្តែងការផ្តល់យោបល់របស់ពួកគេ ទាំងយល់ស្របនិងប្រឆាំងចំពោះគម្រោងមួយនេះ ព្រមទាំងជំរុញឱ្យរដ្ឋាភិបាលបង្កើតនូវគណៈកម្មាធិការដើម្បីសិក្សាអំពីគម្រោងនេះផងដែរ ក្នុងគោលបំណងដើម្បីធ្វើអោយរឿងនេះមានភាពច្បាស់លាស់ជាងមុន។


ព្រែកជីក Kra Canal ប្រភព: The Nation
- Video Advertisement -