តើ BIM ជួយការងារសាងសង់ដោយរបៀបណា?
បច្ចុប្បន្ននេះ គំរូព័ត៌មានសំណង់ (BIM) គឺជាប្រព័ន្ធនាំមុខគេក្នុងការបម្រើឧស្សាហកម្មសំណង់អគារសកល ក្នុងអំឡុងពេលនៃការសាងសង់។ ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យបានធ្វើការសម្ភាសន៍ជាមួយលោក Kaushik Chakraborty អនុប្រធានផ្នែកប្រព័ន្ធ Bentley ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលនាំមុខគេក្នុងផ្នែកដំណោះស្រាយ Software សម្រាប់កិច្ចការស្ថាបត្យកម្ម និងវិស្វកម្មនៅក្នុងពិភពលោក អំពីថាតើ BIM អាចជួយដល់ការងារសាងសង់ដោយរបៀបណា។
តើសេវាកម្មរបស់ Bentley ដែលទាក់ទងនឹងការសាងសង់សំណង់អគារមានអ្វីខ្លះ?
នៅជុំវិញពិភពលោក វិស្វករ ស្ថាបត្យករ និងអ្នកសាងសង់ កំពុងប្រើប្រាស់កម្មវិធី Software របស់ Bentley ដើម្បីពន្លឿនការចែកចាយគម្រោង និងបង្កើតផលចំណេញពីការវិនិយោគ (ROI) របស់ពួកគេ ។ កម្មវិធី software របស់ Bentley’s CONNECT Edition បានផ្តល់ជូននូវបរិស្ថានដូចគ្នាមួយដើម្បីធ្វើឲ្យប្រសើរឡើងនូវការចែកចាយ និងការបង្ហាញនូវគម្រោងហេដ្ឋារចនាសម្ព័ន្ធពីការរចនា ចាប់ពីការសាងសង់រហូតដល់ការដំណើរការ។ យើងកំពុងបន្តបញ្ចេញនូវកម្មវិធី CONNECT Edition របស់យើង ហើយក្នុងចំណោមកម្មវិធីទាំងនោះ កម្មវិធីដែលអាចរកបានបច្ចុប្បន្នគឺ ProjectWise CONNECT Edition ដែលជាដំណោះស្រាយចែករំលែកការងារជាយុទ្ធសាស្ត្ររបស់ Bentley សម្រាប់គាំទ្រដល់ខ្សែសង្វាក់ផ្គត់ផ្គង់គម្រោងទាំងមូល; Bentley EADOC ដែលជាដំណោះស្រាយសម្រាប់ការគ្រប់គ្រងគម្រោងសាងសង់ និងការគ្រប់គ្រងកិច្ចសន្យានៅក្នុងប្រព័ន្ធលំហ (Cloud-based); កម្មវិធីរុករក ដែលអាចជួយដល់ការពិនិត្យឡើងវិញនូវ BIM និងការដាក់ចេញនូវដោះស្រាយបញ្ហា និងកញ្ចប់ការងារកម្រិតខ្ពស់ ដែលធ្វើឲ្យប្រតិបត្តិការសាងសង់កាន់តែសាមញ្ញ និងមានប្រសិទ្ធភាព ។ Bentley នឹងធ្វើឱ្យមានភាពប្រសើរឡើងបន្តទៀតក្នុងការផ្តល់ជូនរបស់ខ្លួនដើម្បីផ្គង់ផ្គង់យ៉ាងពេញលេញនូវតម្រូវការវិវត្តនៃឧស្សាហកម្មរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន។
តើអ្វីជាគំរូព័ត៌មានសំណង់ (BIM)? តើវាអាចជួយយ៉ាងដូចម្តេចក្នុងអំឡុងពេលសាងសង់? តើអ្វីដែលធ្វើឱ្យ BIM ល្អប្រសើរជាងដំណោះស្រាយកម្មវិធីសំណង់ស្រដៀងគ្នាផ្សេងទៀត?
វិធីសាស្ត្រ BIM របស់ Bentley អាចត្រូវបានចាត់ទុកដូចជាសំណុំនៃដំណើរការសម្របសម្រួល ដែលត្រូវបានគាំទ្រដោយបច្ចេកវិទ្យាដែលផ្តល់តម្លៃបន្ថែមដល់ BIM តាមរយៈការបង្កើត គ្រប់គ្រង និងការចែករំលែកគុណភាពនៃទ្រព្យសកម្មពេញមួយវត្តជីវិតរបស់វា។ អត្ថប្រយោជន៍នៃការទទួលយកដំណើរការ BIM នេះកំពុងក្លាយជារឿងដែលមិនអាចមើលរំលងបាន ប្រសិនបើអង្គភាពនៅតែចង់មានលក្ខណៈប្រកួតប្រជែង។ តាមរយៈការរួមបញ្ចូលគ្នានូវមនុស្ស ដំណើរការ និងបច្ចេកវិទ្យា ការរីកចំរើនរបស់ BIM បានជំរុញកិច្ចសហប្រតិបត្តិការក្នុងការរចនាការកាត់បន្ថយការធ្វើការឡើងវិញ និងការបង្កើនផលិតភាព ដែលធ្វើឲ្យការសាងសង់នូវអចលនទ្រព្យកាន់តែល្អប្រសើរជាងមុន។ ដើម្បីជាការឆ្លើយតបទៅនឹងសំណើរបស់អ្នកប្រើប្រាស់ក្នុងការទទួលបានវិធីដែលមានភាពងាយស្រួលដើម្បីអនុវត្ត BIM និងការពិនិត្យឡើងវិញនូវសំណង់ Bentley បានផ្តល់ជូននូវបច្ចេកវិទ្យាដែលរួមបញ្ចូលនូវម៉ូដែលទិន្នន័យសម្បូរបែបជាមួយនិងព័ត៌មានគម្រោង ដើម្បីកសាងភាពតំណាងជាក់ស្តែងនៃអចលនទ្រព្យ។ បន្ទាប់មកវិស្វករមានសមត្ថភាពក្នុងការធ្វើតេស្តពីភាពដែលអាចសាងសង់បាន ការបង្ហាញចេញ និងគំរូដែលមានស្ថេរភាព មុនពេលការងារជាក់ស្តែងចាប់ផ្តើម កាត់បន្ថយកំហុសក្នុងការរចនា និងចំណាយលើការងារសាងសង់ឡើងវិញ និងអាចធ្វើឱ្យអ្នកសាងសង់អាចសាងសង់នូវអគារដែលប្រើប្រាស់បានយូរបំផុត និងអចលនកម្មបៃតង។
គម្រោងសាងសង់បែបណាដែលអាចយក BIM ទៅអនុវត្តបាន? តើលក្ខណៈពិសេសត្រង់ណានៃគម្រោងសាងសង់អគារ ដែល BIM តែងតែផ្តោតលើ?
គួរតែនិយាយថាវិធីសាស្ត្រ BIM មិនមានកំណត់នោះទេសម្រាប់សំណង់អគារ វាត្រូវបានយកទៅអនុវត្តនៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ និងគ្រប់ទំហំ។ គម្រោងដែលបង្ហាញជាឧទាហរណ៍នៃការអនុវត្តទទួលបានជោគជ័យនៃដំណើរការ BIM គឺជាអគារស្ថានីយចេញដំណើររបស់អាកាសយាន្តដ្ឋានអន្តរជាតិថ្មីរបស់ទីក្រុង Abu Dhabi ។ គម្រោងដែលមានតម្លៃ ៣.២ ពាន់លានដុល្លារ ទាមទារឲ្យមានការប្រើប្រាស់វិធីសាស្ត្រ BIM ដើម្បីសាងសង់អគារទំហំ 750,000 square-foot។ Project Wise បើកឲ្យក្រុមហ៊ុន Consolidated Contractors Company (CCC) ជាអ្នកគ្រប់គ្រងការសាងសង់លើគម្រោងនេះ ដើម្បីបង្កើតជាទិន្នន័យរួម និងគំរូបរិស្ថាន ហើយជាមួយដំណើរការ BIM ធ្វើការទំនាក់ទំនងព័ត៌មានគម្រោងជាមួយភាគីពាក់ព័ន្ធ។ កិច្ចការនេះធ្វើឲ្យសមាជិកក្រុមអាចចូលទៅកាន់គំរូ និងទិន្នន័យមិនថាគេស្ថិតនៅទីតាំងណានោះទេ ហើយមានសុវត្ថិភាពផ្នែកចំណេះដឹងដោយដឹងថាពួកគេមាននូវព័ត៌មានថ្មីបំផុត។ ដោយប្រើប្រាស់ AECOsim Building Designer និងផលិតផល Navigator របស់ Bentley ក្រុមការងារនេះអាចទាញយកទិន្នន័យដែលបានរក្សាទុកនៅក្នុង Project Wise ហើយអនុវត្តការរកមើលនូវការប៉ះទង្គិចដោយស្វ័យប្រវត្តិ ការដោះស្រាយ និងការសម្របសម្រួលការរចនា។ វិធីសាស្ត្រ BIM របស់ CCC បាននាំមកនូវផលចំណេញពីការវិនិយោគ (ROI) ដ៏អស្ចារ្យ ឧទាហរណ៍ ការរកឃើញនូវការប៉ះទង្គិចដោយស្វ័យប្រវត្តិបានកាត់បន្ថយនូវការចំណាយ និងពេលវេលាជាច្រើន ហើយជួយឱ្យក្រុមហ៊ុនសន្សំបាន ៥ លានដុល្លារ និង ៩០០ម៉ោង ដោយគ្រាន់តែលុបបំបាត់នូវការប៉ះទង្គិចគ្នាដ៏ធំមួយលើគម្រោង។
BIM ក៏ត្រូវបានយកទៅអនុវត្តក្នុងការពង្រីកស្ថានីយចេញដំណើរនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផងដែរ។ តើប្រព័ន្ធនេះជួយដល់ដំណើរការសាងសង់អាកាសយានដ្ឋានយ៉ាងដូចម្តេចដែរ?
អាកាសយានដ្ឋាន គឺជាគម្រោងដែលមានភាពស្មុគស្មាញ ដោយសារតែមានគោលការណ៍ប្រតិបត្តិការងារផ្សេងគ្នាត្រូវបានរួមបញ្ចូលនៅក្នុងគម្រោង។ វាត្រូវបានគេប៉ាន់ប្រមាណថាអាចមានប្រព័ន្ធខុសគ្នាពី ៤០ រហូតដល់ទៅ ៥០ នៅក្នុងអាកាសយានដ្ឋានមួយ បើធៀបទៅនឹងគម្រោងពាណិជ្ជកម្មដែលមានប្រព័ន្ធខុសគ្នាត្រឹមតែ ១០ ទៅ ១៥ ប៉ុណ្ណោះ។ ដូចនេះ តួនាទីរបស់ BIM មានសារៈសំខាន់ក្នុងការរួមបញ្ចូលនូវការរចនានៃប្រព័ន្ធទាំងនេះ ការរៀបចំឯកសារទ្រព្យសម្បត្តិ និងការសម្របសម្រួល ការសហការណ៍គ្នារវាងភាគីពាក់ព័ន្ធនានាដែលទាក់ទងក្នុងការរចនា ការសាងសង់ និងការដាក់ចេញនូវដំណើរការនៃហេដ្ឋារចនាសម្ព័ន្ធ ។
អាកាសយានដ្ឋានដែលត្រូវបានចាត់ទុកជាច្រកផ្លូវទៅកាន់ប្រទេសមួយ ត្រូវរួមបញ្ចូលគ្នានូវការរចនាប្រកបដោយសោភ័ណភាព មានផាសុកភាព និងការរចនាលើទីកន្លែងទំនេរយ៉ាងមានប្រសិទ្ធភាព។ ដូចគ្នានឹងស្ថានីយចេញដំណើររបស់មធ្យាបាយដទៃទៀតដែរ ឧទាហរណ៍ ស្ថានីយរថភ្លើង ជាដើម អាកាសយានដ្ឋានចាំបាច់ត្រូវមើលថែទាំជាប្រចាំ ដើម្បីសម្រេចបាននូវប្រសិទ្ធភាពការងារជាអតិបរមា មានផាសុកភាព និងសន្តិសុខដល់អ្នកប្រើប្រាស់អាកាសយានដ្ឋាន ហើយមានការរំខានតិចតួចបំផុតតាមដែលអាចធ្វើទៅបាន។
វិធីសាស្ត្រ BIM ផ្តល់នូវសមត្ថភាពក្នុងការរចនា ការមើលឃើញ និងការចម្លងយកនូវស្ថាបត្យកម្ម វិស្វកម្ម និងសមាសធាតុសាងសង់នៃគម្រោងមួយដាក់លើប្រព័ន្ធឌីជីថល។ នៅក្នុងការធ្វើដូច្នេះ វាអាចផ្តល់នូវការយល់ដឹងយ៉ាងលម្អិត និងសំខាន់អំពីថាតើគម្រោងមួយអាចដំណើរការនៅក្រោមលក្ខខណ្ឌច្រើនដោយរបៀបណា ។ លទ្ធផលនេះគឺថាការរចនាមួយអាចត្រូវបានធ្វើឱ្យប្រសើរ ខាងផ្នែកតម្លៃ សុវត្ថិភាព ការដឹកជញ្ជូន ឬសោភ័ណភាព និងអ្វីដែលយើងហៅថា ‘Optioneering’ នៅ Bentley។
កម្មវិធីនៃដំណើរការ BIM នេះមិនបញ្ឈប់នៅពេលបញ្ចប់គម្រោងនោះទេ។ ព័ត៌មានជាច្រើនដែលមានតម្លៃសម្រាប់ម្ចាស់អចលនទ្រព្យ នៅក្នុងអំឡុងពេលដំណាក់កាលដំណើរការ និងដំណាក់កាលថែទាំ ត្រូវបានបង្កើតឡើងក្នុងពេលរចនា និងពេលសាងសង់។
នេះជាការពិតដែលជាញឹកញាប់ត្រូវបានគេបំភ្លេចចោល ឬមិនអើពើ ដោយសារតែភាពមានកម្រិតនៃបច្ចេកវិទ្យា ឬដោយសារតែវាជារឿងធម្មតាទៅហើយ។ តាមរយៈច្ចេកវិទ្យាសាមញ្ញដែលដំណោះស្រាយ ProjectWise និង AssetWise ត្រូវបានផ្តល់ជូន Bentley ភ្ជាប់ដំណាក់កាលនៃវត្តជីវិតអចលនទ្រព្យទាំងនេះ ឧទាហរណ៍សមត្ថភាពភ្ជាប់គំរូសាងសង់ឌីជីថលជាមួយ និងប្រព័ន្ធគ្រប់គ្រងអចលនទ្រព្យ ហើយអាចផ្តល់នូវការសម្រេចដែលល្អប្រសើរជាងមុននៅក្នុងពេលដំណើរការ។
តើបច្ចុប្បន្ននេះនៅក្នុងប្រទេសកម្ពុជា មិនមានគម្រោងសាងសង់ច្រើនទេដែលប្រើប្រាស់ BIM? តើអ្វីដែលលោកចង់ឃើញមានការផ្លាស់ប្តូរនៅក្នុងគម្រោងសាងសង់ក្នុងប្រទេសកម្ពុជា?
ប្រទេសកម្ពុជាជាប្រទេសសេដ្ឋកិច្ចថ្មី និងកំពុងរីកចម្រើន ជាមួយនឹងតម្រូវការយ៉ាងច្រើននូវហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដែលនេះផ្ដល់នូវឱកាសដើម្បីពង្រីកបច្ចេកវិទ្យាថ្មី និងដំណើរការ BIM ដែលអាចជួយរចនា និងកសាងហេដ្ឋារចនាសម្ព័ន្ធដែលមានប្រសិទ្ធិភាព។ វិធីសាស្ត្រ BIM មិនមែនជាគំនិតថ្មីនៅក្នុងប្រទេសកម្ពុជានោះទេ ។ វាត្រូវបានគេកំណត់ភាគច្រើនថា ត្រូវបានប្រើប្រាស់សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ការផ្គត់ផ្គង់ទឹក ការគ្រប់គ្រងទឹកសំណល់ និងឧបករណ៍ប្រើប្រាស់ដូចជាគម្រោងអគ្គិសនី និងទូរគមនាគមន៍ ដែលផ្តល់មូលនិធិ និងគ្រប់គ្រងដោយរដ្ឋាភិបាល។ ការអភិវឌ្ឍនៃបច្ចេកវិទ្យា BIM និងការរីកសាយនៃដំណើរការ និងបទដ្ឋានឥឡូវនេះ បានធ្វើឱ្យ BIM កាន់តែមានតម្លៃសមរម្យ និងអាចប្រើប្រាស់បានដោយគម្រោងតូចៗ។ ជាមួយនឹងការចូលខ្លួនរបស់ប្រទេសកម្ពុជាទៅកាន់ទីផ្សារកម្រិតខ្ពស់បន្ថែមទៀត ដូចជាប្រទេសសិង្ហបុរី និងម៉ាឡេស៊ី BIM មានឥទ្ធិពលទៅលើគម្រោងនៅក្នុងប្រទេសកម្ពុជា ហើយនាពេលអនាគតដ៏ខ្លី យើងគិតថា ដំណើរការ BIM នឹងក្លាយជាបទដ្ឋានសម្រាប់គម្រោងទាំងអស់ ។

