តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ចុះបញ្ជីលក់មូលបត្របៃតងដើម្បីប្រមូលទុនជិត $១០លាន សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ
ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក បានចុះបញ្ជីលក់មូលបត្របំណុលបៃតងជាផ្លូវការរបស់ ចំនួន ជិត១០លានដុល្លារ សម្រាប់ប្រើប្រាស់ក្នុងការសាងសង់រោងចក្រប្រព្រឹត្តកម្មកាក់សំណល់ទឹក និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួន។
ពិធីចុះបញ្ជីលក់មូលបត្របំណុលបៃតងត្រូវបានធ្វើឡើងនៅថ្ងៃទី២៨ ខែមិថុនា នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា។
មូលបត្របំណុលនេះ មានឈ្មោះថា “សញ្ញាបណ្ណបៃតង PPSP” ជាសញ្ញាបណ្ណមានបុគ្គលធានាជាសាធារណៈពីសំណាក់ CGIF ក្នុងទំហំបោះផ្សាយសរុបប្រមាណ ៩,៩៦លានដុល្លារអាមេរិក ជាមួយនឹងអត្រាការប្រាក់ SOFR ១,៥ភាគរយ សម្រាប់រយៈពេល៥ឆ្នាំ។
ក្រុមហ៊ុនបាននិយាយថា៖ “សាច់ប្រាក់បានមកពីការបោះផ្សាយនេះ នឹងប្រើប្រាស់ក្នុងការសាងសង់រោងចក្រប្រព្រឹត្តកម្មកាកសំណល់ទឹក និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ”។
លោក UEMATSU HIROSHI នាយកប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក បានបញ្ជាក់ថា ការគៀងគរទុនតាមរយៈទីផ្សារមូលបត្រកម្ពុជា ទាំងការបោះផ្សាយមូលបត្រកម្មសិទ្ធិ និងសញ្ញាបណ្ណបៃតងបានអនុញ្ញាតឱ្យក្រុមហ៊ុនទទួលបាននូវប្រភពហិរញ្ញប្បទានដ៏រឹងមាំក្នុងការពង្រឹកប្រតិបត្តិការអាជីវកម្មក្នុងបរិបទបៃតង និងសំដៅបម្រើសហគមន៍ដែលកំពុងមានតម្រូវការខ្ពស់។
លោកថ្លែងថា៖ “ការបោះផ្សាយនេះ ក៏បានជំរុញឱ្យយើងសម្រេចបានគោលដៅ ក្នុងការទាក់ទាញវិនិយោគិនសក្តានុពលមកវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស ហើយនេះ ក៏ជាកិត្តិយសមួយសម្រាប់ រ៉ូយ៉ាល់ គ្រុប ដែលបានចូលរួមនៅក្នុងការអភិវឌ្ឍទីផ្សារមូលបត្រ”។
គិតត្រឹមខែមិថុនា ឆ្នាំ២០២៤ ផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីចំនួន ២៣ រួមមានក្រុមហ៊ុនចំនួន ១១ បានចុះបញ្ជីជាភាគហ៊ុន និងក្រុមហ៊ុន១២ទៀតបានចុះបញ្ជីជាមូលបត្របំណុល និងបានប្រមូលទុនពីទីផ្សារមូលបត្រសរុបប្រមាណជា ៤០០លានដុល្លារអាមេរិក។
- Video Advertisement -