ត្រឹមខែកុម្ភៈ រដ្ឋផ្តល់ការលើកទឹកចិត្តគម្រោងជាប់គាំងនៅព្រះសីហនុចំនួន ២៦៩គម្រោង តម្លៃប្រមាណជាង $៦ពាន់លាន
គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងចំនួន ២៦៩គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណជា ៦,៦៦៩លានដុល្លារ, ខណៈមានគម្រោងចំនួន១៤ទៀត ទើបទទួលបានការលើកទឹកបន្ថែមនៅក្នុងខែកុម្ភៈនេះ។
នេះបើតាមកិច្ចប្រជុំលើកទី១៤ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយបានដាក់ចេញក្របខណ្ឌតាមដាន ពិនិត្យ និងជំរុញការអនុវត្តគម្រោងវិនិយោគ និងធុរកិច្ច សម្រាប់ឆ្នាំ២០២៥។
ទន្ទឹមនឹងនេះ ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងចំនួន ១៤ ក្នុងនោះគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន៦, គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំងនិងជាគម្រោងថ្មី ៤គម្រោង និង ការពង្រីកគម្រោង ចំនួន៤, ដោយមានទុនវិនិយោគសរុប ៧៩លានដុល្លារ និង ប៉ាន់ស្មានអាចបង្កើតការងារប្រមាណ ២.២៦៦ កន្លែង។
បន្ថែមពីនេះ ក្រុមការងារនឹងបំពេញភារកិច្ចស្នូលសំខាន់ចំនួន ២ រួមមាន៖ ទី១. បន្តតាមដាន ត្រួតពិនិត្យ និង ជំរុញការអនុវត្តគម្រោងទាំង ២៦៩គម្រោង និងទី២. ធ្វើការសម្របសម្រួលការផ្តល់ការលើកទឹកចិត្តជាក់ស្តែង, និងដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ម្ចាស់គម្រោង។
ជាក់ស្តែង, ក្រុមការងារបានសម្របសម្រួលផ្តល់លិខិតអនុញ្ញាតសាងសង់, ការចុះបញ្ជីសហគ្រាស, ការផ្តល់អាជ្ញាបណ្ណទេសចរណ៍, ការផ្តល់អាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍអចលនវត្ថុ, ការសាងសង់ផ្លូវចូលទៅទីតាំងគម្រោង, ការតបណ្តាញលូកាត់ផ្លូវ ពីទីតាំងគម្រោង ឆ្ពោះទៅអាងប្រព្រឹត្តកម្មទឹកកខ្វក់, ការរៀបចំប្រព័ន្ធអាងប្រព្រឹត្តកម្មទឹកកខ្វក់ ដើម្បីជំរុញការវិនិយោគ, និងការសម្របសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការចំពោះគម្រោងពាក់ព័ន្ធអគារជាប់គាំង។
ដោយសារខេត្តព្រះសីហនុដាក់ខ្លួនជាមជ្ឈមណ្ឌលសម្រាប់ការវិនិយោគ ការលើកទឹកចិត្តជាយុទ្ធសាស្ត្រទាំងនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលក្នុងការជំរុញបរិយាកាសអំណោយផលបន្ថែមទៀតសម្រាប់កំណើនអាជីវកម្ម និងការអភិវឌ្ឍន៍សេដ្ឋកិច្ច។ ដោយរក្សាភាពសកម្ម ក្រុមការងារជំរុញការវិនិយោគមានគោលបំណងបង្វែរជំនោរសម្រាប់គម្រោងដែលជាប់គាំងជាច្រើន និងត្រួសត្រាយផ្លូវសម្រាប់អនាគតដ៏រុងរឿង។
- Video Advertisement -