ត្រឹមឆមាសទី១ ឆ្នាំ២០២៥ នេះ ចំនួនរោងចក្រ-សហគ្រាសនៅកម្ពុជាកំពុងបន្តកើនឡើងជាលំដាប់!

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញរបាយការណ៍បច្ចុប្បន្នភាពក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៥ នៃការចុះបញ្ជីរោងចក្រសហគ្រាស និងគ្រឹះស្ថាន ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់ នោះគឺកើនឡើងពីចំនួន ៤៤.៧៩៨ នៅឆ្នាំ២០២៤ ដល់ចំនួន ៤៥.៦៥៦ រោងចក្រសហគ្រាស កើនឡើងបាន ៨៥៨សហគ្រាស។

បើតាមរបាយការណ៍ដដែល រោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរ កើនពី ១.៥៦៦ នៅដំណាច់ឆ្នាំ២០២៤ ដល់ចំនួន ១.៦៨២សហគ្រាស គិតត្រឹមដំណាច់ខែមិថុនា កើនឡើង ១១៦សហគ្រាស។​

ចំណែក រោងចក្រសហគ្រាស ក្នុងវិស័យមិនមែនាកាត់ដេរ កើនឡើងពី ៤៣.២៣២ នៅដំណាច់ឆ្នាំ២០២៤ ដល់ចំនួន ៤៣.៩៧៤ រោងចក្រសហគ្រាស គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥ ពោលគឺកើនឡើងចំនួន ៧៤២ រោងចក្រសហគ្រាស។

រីឯឧស្សាហកម្មកាត់ដេរស្បែកជើង និងផលិតផលធ្វើដំណើរ គឺជាប្រភពផលិតកម្មដ៏ធំបំផុតសម្រាប់ព្រះរាជាណាចក្រកម្ពុជា ខណៈវិស័យនេះបានបង្កើតការងារជូនដល់កម្មករជិត ១លាននាក់ ដែលភាគច្រើនជាស្ត្រី។

ទន្ទឹមនេះ របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានបង្ហាញដែរថា កម្ពុជាបាននាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ប្រមាណជា ៧,៣៨ពាន់លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ ២០២៥ កើនឡើង ២២ភាគរយ កើនពីចំនួន ៦,០២ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យ៉ាងណាក៏ដោយ ចំពោះការនាំចូលវិញ កម្ពុជាបាននាំចូលវត្ថុធាតុដើមដែលប្រើប្រាស់ក្នុងវិស័យកាត់ដេរប្រមាណជា ៣,៤៨ពាន់លានដុល្លារ កើនឡើង ២១,៤៣ភាគរយ ធៀបនឹង ៣,១៤ ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

កំណើនជាបន្តបន្ទាប់ទាំងផលិតកម្ម និងការនាំចេញឆ្លុះបញ្ចាំងពីជំហរពង្រឹងរបស់កម្ពុជានៅក្នុងទីផ្សារពិភពលោក ដោយសន្យាថានឹងមានទស្សនវិស័យវិជ្ជមានសម្រាប់សេដ្ឋកិច្ចរបស់ខ្លួនក្នុងប៉ុន្មានឆ្នាំខាងមុខ។

- Video Advertisement -