ថាមពលព្រះអាទិត្យ និងថាមពលខ្យល់អាចជាថាមពលប្រើប្រាស់នាពេលអនាគត
ថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ បានក្លាយជាប្រធានបទដ៏សំខាន់មួយដែលត្រូវបានគេលើកមកពិភាក្សានៅក្នុងវេទិកាធុរកិច្ចបៃតង ២០១៩ ឬហៅថា the 5th edition of our landmark Green Business Forum 2019 ដែលត្រូវបានរៀបចំឡើងដោយ សភាពាណិជ្ជកម្មអ៊ឺរ៉ុបនៅកម្ពុជាឬ EuroCham។ ដោយសារគម្រោងថាមពលពន្លឺព្រះអាទិត្យមួយចំនួនត្រូវបានអនុម័តនៅកម្ពុជា លើផ្នែកបច្ចេកទេស និងការគ្រប់គ្រងនឹងត្រូវបានបង្ហាញនាពេលឆាប់ៗនេះ។
ក្នុងកិច្ចពិភាក្សានេះ លោក Morten Kvammen វាគ្មិន និងជាអ្នកប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Investing in Infrastructure (3i) បានឲ្យដឹងថា ឥឡូវនេះមាន ៩ ទីតាំងដែលគម្រោងថាមពលពន្លឺព្រះអាទិត្យត្រូវបានអនុម័ត ដូចជា នៅបាវិត ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តស្វាយរៀង ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ។
យោងតាមការចេញផ្សាយថ្មីមួយ មានឈ្មោះថា ការកាត់បន្ថយហានិភ័យវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញនៅប្រទេសកម្ពុជា បានបង្ហាញថា វិស័យអគ្គិសនីនៅប្រទេសកម្ពុជាត្រូវបានកំណត់តាមការកើនឡើងនៃតម្រូវការអគ្គិសនី ចំណែកតម្រូវការប្រចាំឆ្នាំនឹងកើនពី ១៥-២០ ភាគរយ រហូតដល់ឆ្នាំ ២០២០ ហើយអាចនឹងកើនលើសហ្នឹង។
របាយការណ៍របស់ធនាគារពិភពលោកនៅឆ្នាំ២០១៨ បានបង្ហាញថាការប្រើប្រាស់ថាមពលនៅកម្ពុជា តាមលំនៅដ្ឋាន នៅទីប្រជុំជនមាន ១២៨ គីឡូវ៉ាត់/ខែ ហើយនៅតំបន់ជនបទវិញមាន ៣៨ គីឡូវ៉ាត់/ខែ ចំណែកការប្រើប្រាស់អគ្គិសនីជាមធ្យមគឺ ៥៥ គីឡូវ៉ាត់/ខែ។
ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសនៅអាស៊ីអាគ្នេយ៍ ដែលប្រើប្រាស់អគ្គិសនីខ្ពស់បំផុតយោងតាមរបាយការណ៍របស់ DREI ហើយប្រទេសកម្ពុជាក៏បាននាំចូល ២២ ភាគរយនៃថាមពលសរុបរបស់ខ្លួនពីប្រទេសជិតខាង ជាពិសេស នៅរដូវប្រាំងចាប់ពីខែធ្នូដល់ខែមេសា យោងតាមប្រភពមកពីអគ្គិសនីកម្ពុជា។

