ថៃកំពុងស្រូបទាញប្រយោជន៍ដ៏មហាសាលពីការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់ទីផ្សារសកលដែលកំពុងហូរចេញពីចិន
ប្រទេសថៃ កំពុងក្លាយជាគោលដៅវិនិយោគដ៏សំខាន់សម្រាប់ស្រូបយកខ្សែច្រវាក់ផ្គត់ផ្គង់ពាណិជ្ជកម្មលើវិស័យឧស្សាហកម្មសំខាន់ៗបន្តពីប្រទេសចិនមកដំឡើងក្នុងប្រទេសខ្លួន ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខនេះ ខណៈប្រទេសចិននឹងប្រែឋានៈក្លាយជាប្រទេសអភិវឌ្ឍ (Developed country) ដែលនឹងត្រូវផ្ទេររោងចក្រផ្គត់ផ្គង់សំខាន់ៗរបស់ខ្លួនទៅខាងក្រៅប្រទេសវិញ នេះបើយោងតាមប្រភពពី Jones Lang LaSalle (JLL) ធ្វើបច្ចុប្បន្នភាពដោយ Retalkasia ដែលបានចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២៤នេះ។
ក្នុងរវាងមួយទស្សវត្សរ៍ក្រោយ គេរំពឹងថា ទិដ្ឋភាពខ្សែច្រវាក់ផ្គត់ផ្គង់សេដ្ឋកិច្ចរបស់ពិភពលោក នឹងមានការកែប្រែថ្មីពីទិដ្ឋភាពដែលប្រទេសចិនធ្លាប់តែជាអ្នកផលិតនឹងផ្គត់ផ្គង់ទីផ្សារពិភពលោក មកជាការបង្កើនល្បឿននៃការធ្វើពិពិធកម្មនៃទីតាំងផលិតកម្ម និងកម្មន្តសាល នៅទូទាំងប្រទេសថៃ អាស៊ីអាគ្នេយ៍ និងឥណ្ឌាវិញ។ លោក Glancy ដែលជានាយកក្រុមហ៊ុន JLL ប្រចាំប្រទេសថៃ បានសង្កត់ធ្ងន់ថា ប្រទេសថៃ នឹងក្លាយជាជម្រើស ដែលនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន នៅពេលដែលក្រុមហ៊ុនរបស់លោកអនុវត្តយុទ្ធសាស្រ្តចិនបូក១ (China+1) ដែលយុទ្ធសាស្ត្រនេះ ពាក់ព័ន្ធនឹងការបង្កើតមូលដ្ឋានផលិតកម្មបន្ថែមនៅខាងក្រៅប្រទេសចិន ដើម្បីកាត់បន្ថយការដាច់សង្វាក់ខ្សែច្រវាក់ផ្គត់ផ្គង់នៅពេលមានការរុះរើទីតាំងចេញពីប្រទេសចិន។ លក្ខណៈអំណោយផលរបស់ប្រទេសថៃ រួមមានយន្តការលើកទឹកចិត្តក្នុងការប្រកួតប្រជែងរបស់អាជីវកម្ម និងគោលនយោបាយរបស់រដ្ឋាភិបាលដែលសកម្ម ដែលនេះសុទ្ធតែជាកត្តាមានសារៈសំខាន់ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ជាពិសេសនៅក្នុងវិស័យអគ្គិសនី អេឡិចត្រូនិក និងរថយន្តអគ្គិសនី។
លោក Glancy បានកត់សម្គាល់ថា “នៅឆ្នាំ ២០២៣ ប្រទេសថៃសម្រេចបាននូវការលក់ដីសម្រាប់វិស័យឧស្សាហកម្មខ្ពស់បំផុតរបស់ខ្លួនក្នុងរយៈពេល ១៧ ឆ្នាំ ដែលបង្ហាញពីបរិយាកាសវិនិយោគដ៏រឹងមាំ។ ទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្ររបស់ប្រទេសថៃ ហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានអភិវឌ្ឍយ៉ាងល្អ និងកម្លាំងពលកម្មជំនាញ ធ្វើឱ្យថៃក្លាយជាទីតាំងដ៏គួរឱ្យទាក់ទាញសម្រាប់អ្នកវិនិយោគ និងក្រុមហ៊ុនផលិតអន្តរជាតិលំដាប់កំពូល”។
ចំណែកឯលោក Krit Pimhataivoot ប្រធានទីផ្សារមូលធននៅ JLL Thailand បានបន្ទរការលើកឡើងរបស់លោក Glancy នេះ ដោយបញ្ជាក់ថា ថ្មីៗនេះ មានការសាកសួរពីអ្នកវិនិយោគអន្តរជាតិយ៉ាងច្រើនពីស្ថានភាពទីផ្សារនៅប្រទេសថៃ។ លោកបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន JLL ក្នុងការផ្តល់នូវព័ត៌មានទីផ្សារដ៏ទូលំទូលាយ ដើម្បីសម្រួលដល់ការជ្រើសរើសទីតាំង និងការទិញយកដី ដោយធានាថាអតិថិជនអាចរួមបញ្ចូលយ៉ាងរលូនទៅក្នុងខ្សែច្រវាក់តម្លៃ និងពង្រីកឱកាសជាអតិបរមានៅក្នុងឧស្សាហកម្មផលិតកម្មដែលកំពុងរីកចម្រើនរបស់ប្រទេសថៃ។
ជាមួយគ្នានោះ លោក Michael Ignatiadis ប្រធានយុទ្ធសាស្រ្តផលិតកម្មសម្រាប់អាស៊ីប៉ាស៊ីហ្វិកនៅ JLL បាននិយាយថា “ការធ្វើពិពិធកម្មនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់គឺជាជាមូលដ្ឋានមួយសម្រាប់ក្រុមហ៊ុនដែលចូលរួមក្នុងការផលិត។ អាស៊ីអាគ្នេយ៍ និងឥណ្ឌា នឹងដើរតួជាអ្នកបំពេញបន្ថែមនូវកម្លាំងផលិតកម្មរបស់ប្រទេសចិន ប៉ុន្តែក្រុមហ៊ុនវិនិយោគត្រូវការទីផ្សារណាដែលប្រកាន់យកនូវផ្នត់គំនិតដែលអាចបត់បែនបាន ជាពិសេសពាក់ព័ន្ធនឹងការជ្រើសរើសដីធ្លី និងជម្រើសផ្តល់មូលនិធិ ដើម្បីឆ្លើយតបយ៉ាងឆាប់រហ័សចំពោះការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់ទីផ្សារសកល ដែលចំណុចទាំងអស់នេះ ទីផ្សារនៅប្រទេសនេះមានប្រៀបជាងគេ”។
កម្លាំងជំរុញនៅពីក្រោយនិន្នាការនេះ គឺមិនត្រឹមតែតម្រូវការសម្រាប់ការធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមូលដ្ឋានគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំរបស់តំបន់ រួមទាំងកម្លាំងពលកម្មដ៏ធំ ការចំណាយអំណោយផល និងការលើកទឹកចិត្តផ្សេងៗថែមទៀតផងដែរ។ ការកើនឡើងថ្លៃដើមនៅក្នុងប្រទេសចិនក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ រួមទាំងប្រាក់ឈ្នួលខ្ពស់ និងថ្លៃសម្ភារៈបានបង្កើនល្បឿននៃការផ្លាស់ប្តូរនេះ ដែលធ្វើឲ្យតម្លៃដីឧស្សាហកម្មនៅក្នុងប្រទេសចិនកើនឡើងដល់ទៅពីរដង ធៀបទៅនឹងតម្លៃដីនៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន និងប្រទេសឥណ្ឌា។
របាយការណ៍របស់ JLL បានប៉ាន់ប្រមាណថា ខណៈពេលដែលប្រទេសចិននៅតែកាន់កាប់ចំណែកធំបំផុតក្នុងការផលិតការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងតំបន់អាស៊ីក៏ពិតមែន ប៉ុន្តែគម្លាតនៃការកាន់កាប់ទីផ្សារអាស៊ីរបស់ចិននេះ នឹងកាន់តែរួមតូចជាងមុន។ របាយការណ៍នេះ គូសបញ្ជាក់ពីសារៈសំខាន់នៃការវាយតម្លៃកត្តាអំណោយផលសម្រាប់វិនិយោគដោយមិនអស់ចំណាយមួយចំនួន ដូចជា កម្លាំងពលកម្មជំនាញ ហេដ្ឋារចនាសម្ព័ន្ធ បទប្បញ្ញត្តិបរិស្ថាន ទីតាំងភូមិសាស្ត្រជិតអ្នកផ្គត់ផ្គង់ និងអតិថិជន និងស្ថិរភាពនយោបាយ ដែលរួមចំណែកយ៉ាងសំខាន់ដល់ភាពជោគជ័យ និងនិរន្តរភាពយូរអង្វែងរបស់រោងចក្រធ្វើការផ្គត់ផ្គង់ទីផ្សារ។
នៅពេលដែលទិដ្ឋភាពខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក កំពុងមានការវិវឌ្ឍវិធានការរបស់រដ្ឋាភិបាលប្រទេសថៃដែលគេមើលឃើញថា ជារឿយៗតែងតែមានចំណាត់ការឆ្លើយតបល្អនោះ បូករួមទាំងបរិយាកាសធុរកិច្ចអំណោយផលក្នុងស្រុកបន្ថែមទៀត បានដំឡើងឋានៈប្រទេសនេះ ជាតួអង្គសំខាន់នៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃច្រវាក់ផ្គត់ផ្គង់ និងផលិតកម្មសកល៕
- Video Advertisement -