ថៃ កម្ពុជា វៀតណាមរួមគ្នាបើកទេសចរណ៍ផ្លូវទឹកថ្មី គ្រោងនឹងដាក់ដំណើរការពីខែវិច្ឆិកានេះតទៅ
ប្រទេសថៃ កំពុងជំរុញកិច្ចសហការជាមួយកម្ពុជានិងវៀតណាម ដើម្បីអភិវឌ្ឍផ្លូវសមុទ្រថ្មីមួយខ្សែ តភ្ជាប់ប្រជុំកោះក្បែរខេត្តត្រាតក្នុងប្រទេសថៃជាមួយខេត្តគៀនយ៉ាងរបស់វៀតណាម ដោយឆ្លងកាត់តាមខេត្តព្រះសីហនុរបស់កម្ពុជា។ គម្រោងដ៏ធំនេះ មានគោលបំណងជំរុញមិនត្រឹមតែវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ និងសកម្មភាពឧស្សាហកម្មនៅពាសពេញតំបន់ឆ្នេរនៃប្រទេសទាំងបីផងដែរ។ គំនិតផ្តួចផ្តើមថ្មីនេះ ត្រូវបានប្រកាសនៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៤ ក្នុងអំឡុងពេលកិច្ចប្រជុំស្តីពី “ច្រករបៀងសេដ្ឋកិច្ចកម្ពុជា-វៀតណាម-ថៃ (CVTEC) – Trat Business Roadshow 2024 និងបានចុះផ្សាយដោយសារៈព័ត៌មាន Nationthailand នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៤។
ប្រធានក្រុមប្រឹក្សាទេសចរណ៍នៃប្រទេសថៃ (TCT) លោក Chamnan Srisawat បាននិយាយថា “TCT កំពុងពន្លឿនការរៀបចំសន្និសីទត្រៃភាគី CVTEC ក្នុងនោះមាន ការិយាល័យពិព័ណ៌ពាណិជ្ជកម្មថៃ TCEB ជាអ្នកសហការរៀបចំ និងជាអ្នកឧបត្ថម្ភធំ។ គោលដៅចម្បងនៃការរៀបចំគម្រោងនេះ គឺដើម្បីជំរុញផ្លូវសមុទ្រតភ្ជាប់ប្រទេសទាំងបី ក្រោមចក្ខុវិស័យបង្កើត “ទីផ្សារមួយ ទិសដៅបី”។”
យោងតាមអនុប្រធានក្រុមប្រឹក្សាទេសចរណ៍ខេត្តត្រាត លោក Wiyada Suang ផ្លូវសមុទ្រថ្មីនេះ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមបើកឱ្យនាវា អាចចរាចរណ៍ធ្វើដំណើរឆ្លងកាត់បានចាប់ពីកំឡុងពេលរដូវទេសចរណ៍កំពុងពេញឡើង ពោលគឺចាប់ពីដើមខែវិច្ឆិកាឆ្នាំនេះតទៅ។
“ផ្លូវថ្មីនេះ នឹងផ្តល់ជូនអ្នកទេសចរនូវឱកាសដែលមិនធ្លាប់មានពីមុនមក ដែលអាចឱ្យគេធ្វើដំណើរផ្សងព្រេងលើកោះនានា ជាមួយនឹងបទពិសោធន៍ថ្មីដែលមិនអាចបំភ្លេចបាន ដោយការចេញដំណើរគឺចាប់ពីឆ្នេរប៉ាតាយ៉ាទៅឡាមឆាបាងក្នុងប្រទេសថៃ ហើយបន្ទាប់មកបន្តទៅត្រាត ខេត្តព្រះសីហនុ និងតំបន់គៀនយ៉ាងនៃប្រទេសវៀតណាម និងត្រឡប់មកវិញតាមផ្លូវដដែល។” ប្រសាសន៍របស់លោក Apichai Somboonpakorn នាយករងការិយាល័យពិព័ណ៌ពាណិជ្ជកម្មថៃ TCEB ។
ជុំវិញការត្រៀមខ្លួនរបស់កម្ពុជាចំពោះគម្រោងនេះ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានលើកឡើងក្នុងបទសម្ភាសន៍ជាមួយ RFI កាលពីថ្ងៃទី ១៩ ខែមិថុនានេះ ថា “ខេត្តព្រះសីហនុគឺល្អបំផុតហើយ ពីព្រោះថា នៅក្នុងខេត្តយើងមានហេដ្ឋារចនាសម្ព័ន្ធស្រាប់ …យើងអត់ចាំបាច់កសាងអ្វីច្រើនទៀតទេ។ គ្រាន់តែបន្ថែមផលិតផលសេវាមួយចំនួនទៀតទៅ គឺយើងអាចទទួលភ្ញៀវបានហើយ។”
ក្រៅពីវិស័យទេសចរណ៍ ការតភ្ជាប់បីប្រទេសនេះ ត្រូវបានអ្នកជំនាញមើលឃើញពីសក្តានុពលអភិវឌ្ឍន៍ជាច្រើនទៀតផងដែរ។ “បើយើងមានគម្រោងការតភ្ជាប់វាងបីប្រទេសនេះ វាជាឱកាសសម្រាប់ខេត្តព្រះសីហនុរបស់យើង សម្រាប់ជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម ដើម្បីឱ្យដំណើរការអគារដែលជាប់គាំងហ្នឹង ឱ្យកាន់តែច្រើនឡើងវិញ …និងអាចមានសំណង់ថ្មីៗសង់បន្ថែមទៀត។” ប្រសាសន៍លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។
ដោយឡែកលោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិច តាមរយៈបទសម្ភាសន៍ដដែលបានលើកឡើងពីបញ្ហាប្រឈមមួយចំនួន៖ “កន្លងមកចំនួនដែលទន់ខ្សោយរបស់យើង គឺនៅផលិតផល ទី២ គឺសេវាកម្ម។ ទី៣ ទីផ្សារ អាហ្នឹងគឺយើងមិនអាចប្រកួតប្រជែងគេបាន។ រហូតមកដល់សព្វថ្ងៃនេះ មិនថារដ្ឋមិនថាឯកជន គឺយើងនៅតែទៅពឹងដង្ហើមគេដក គឺយើងអត់ដែលបានទៅប្រកួតប្រជែងនៅទីផ្សារដោយផ្ទាល់ទេ…ចឹងយើងគ្រាន់តែជាប្រទេសបន្តដំណើរទេ មានន័យថា គេចាយលុយនៅវៀតណាមនៅថៃអស់ហើយ…យើងត្រូវតែហ៊ានចំណាយហើយបង្កើននៅទីផ្សារខ្លួនឯង។”
គួររំលឹកថាជាលទ្ធផលពីកិច្ចប្រជុំ CVTEC នេះ តំណាងសំខាន់ៗពីស្ថាប័នវិស័យឯកជន និងសាធារណៈនៃប្រទេសទាំងបី ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីរួមគ្នាពង្រឹងពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងសកម្មភាពជាលក្ខណៈកិច្ចប្រជុំ ការលើកទឹកចិត្ត សន្និសីទ និងការធ្វើពិព័រណ៌ពាណិជ្ជកម្ម ( MICE) នៅតាមបណ្តោយផ្លូវទឹកថ្មីនេះ ឱ្យកាន់តែមានភាពសកម្មភាព និងមមាញឹកបន្ថែមទៀតផងដែរ៕
- Video Advertisement -