ទីស្ដីការគណៈរដ្ឋមន្រ្តីចេញបញ្ជាថ្មី ៦ ចំណុច ពង្រឹងសេវាអ៊ីនធឺណិតក្នុងបូរី ហាមដាច់ខាតរឿងក្រុមហ៊ុនផ្ដាច់មុខ

ទីស្តីការគណៈរដ្ឋមន្ត្រី បានដាក់ចេញវិធានការថ្មី ៦ចំណុច ទិសដៅពង្រឹងគុណភាពសេវាទូរសព្ទ និងអ៊ីនធឺណិតនៅតាមបូរី និងអគារសហកម្មសិទ្ធិនានា ពិសេសហាមដាច់ខាតមិនឱ្យមានការផ្ដល់សេវាផ្ដាច់មុខឡើយ ។

ការចេញបញ្ជានេះធ្វើឡើងក្រោយបូរីជាច្រើនមានបញ្ហារឿងគ្មានសេវាទូរសព្ទ និងត្រូវបង្ខំឱ្យប្រើសេវាអ៊ីនធើណេតរបស់ក្រុមហ៊ុនតែមួយ ដែលមានតម្លៃខ្ពស់ និងសេវាមិនល្អ។

នេះជាការដាក់បញ្ជាជាលើកទី២ ហើយ ដោយចេញពីទីស្ដីការគណៈរដ្ឋមន្ត្រីផ្ទាល់តែម្ដង ក្រោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចេញសេចក្ដីប្រកាសម្ដងរួចមកហើយកាលពីខែមេសា។ (អានបន្ថែម)

បើតាមលិខិតលេខ៦១៨ សជណ ចុះថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២១ វិធានការទាំង ៦ ចំណុចនេះ រួមមាន៖

១.ម្ចាស់បុរី និងប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តនិងអ៊ីនធឺណិត ត្រូវសហការគ្នាជាមួយក្រសួង ដើម្បីពិនិត្យលើការងារបច្ចេកទេសក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអុបទិក និងបង្គោលអង់តែន បង្គោលអង់តែនរួម ឬបង្គោលភ្លើងដែលអាចបំពាក់ឧបករណ៍ផ្តល់សេវាទូរសព្ទចល័ត។

២.ត្រូវបញ្ចប់រាល់កិច្ចសន្យាផ្ដល់សិទ្ធិផ្តាច់មុខក្នុងការផ្គត់ផ្គង់សេវាអ៊ីនធឺណិតនៅតាមបុរី ដែលផ្ទុយនឹងមាត្រា៦២ នៃច្បាប់ស្តីពីទូរគមនាគមន៍។

៣.បញ្ចប់ការហាមឃាត់ការសាងសង់បង្គោលអង់តែន ឬបង្គោលភ្លើងដែលបំពាក់ឧបករណ៍ផ្តល់សេវា ទូរសព្ទចល័តនៅតាមបុរី ដែលផ្ទុយនឹងមាត្រា១៤ និងមាត្រា១៥ នៃច្បាប់ស្តីពីទូរគមនាគមន៍។

៤.អនុញ្ញាតឱ្យមានប្រតិបត្តិករផ្ដល់សេវាអ៊ីនធឺណិតយ៉ាងតិច ៣ ផ្តល់សេវាក្នុងបុរី ដើម្បីប្រកួតប្រជែង ដោយស្មើភាព និងមានតម្លៃសមរម្យ។

៥.ម្ចាស់អគារសហកម្មសិទ្ធិ និងប្រតិបត្តិការផ្តល់សេវាទូរសព្ទចល័តនិងអ៊ីនធឺណិត ត្រូវសហការជាមួយក្រសួង ដើម្បីពិនិត្យលទ្ធភាពកែលម្អ និងពង្រឹងគុណភាពសេវាទូរសព្ទចល័ត និងអ៊ីនធឺណិតនៅក្នុងអគារ។

៦.ព្រមាននិងចាត់វិធានការចំពោះបុគ្គលដែលនាំចូលផ្គត់ផ្គង់ ចែកចាយលក់ និងដំឡើងឧបករណ៍ស្រូប និងបញ្ជូនសេវាទូរគមនាគមន៍ខុសច្បាប់ ខុសស្ដង់ដា និងក្លែងក្លាយ។

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងដឹកនាំក្រុមការងារអនុវត្តវិធានការ ៦ចំណុចខាងលើដោយផ្ទាល់ឆាប់ៗ។

- Video Advertisement -