ធនាគារជប៉ុន AIIB កំពុងស្វែងរកឱកាសពង្រីកប្រតិបត្តិការរបស់ខ្លួនលើវិស័យអាទិភាពនៅកម្ពុជា
ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) កំពុងស្វែងរកការពង្រីកការចូលរួមរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗដូចជា វិស័យថាមពល, ការអភិវឌ្ឍទីក្រុង-ទីប្រជុំជន និងជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។
នេះបើតាមជំនួបរវាងសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និង លោក Jin Liqun ប្រធានធនាគារ ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារផ្លូវការ ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ក្នុងជំនួបនេះ លោកប្រធានធនាគារ AIIB បានអរគុណដល់កម្ពុជាដែលបានចូលរួមជាមួយធនាគារ AIIB ក្នុងនាមជាសមាជិកស្ថាបនិកកាលពីឆ្នាំ២០១៦ និងបានឱ្យដឹងនូវប្រតិបត្តិការរបស់ធនាគារ AIIB ព្រមទាំងបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យសក្ដានុពលមួយចំនួន រួមមាន៖ វិស័យថាមពល, ការអភិវឌ្ឍទីក្រុង-ទីប្រជុំជន និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។
លោកប្រធានធនាគារ បានបញ្ជាក់ថា ធនាគារ AIIB បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមសហការជាមួយកម្ពុជា លើវិស័យទាំងនេះ ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រកបដោយភាពធន់ និងចីរភាព។
ជាការឆ្លើយតប សម្ដេចនាយករដ្ឋមន្រ្តី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ធនាគារ AIIB ក្នុងការស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពល ជាមួយកម្ពុជា។
សម្ដេចបវរធិបតី ក៏បានលើកទឹកចិត្តឱ្យធនាគារ AIIB បន្តធ្វើការកាន់តែជិតស្និទ្ធ និងពិភាក្សាលម្អិតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា ជាពិសេស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីស្វែងរកឱកាសជាក់ស្ដែងក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅរវាង AIIB និងកម្ពុជា៕
ក្នុងដំណើរទស្សនកិច្ចដដែលនេះ ឃើញថាមានធនាគារជប៉ុនមួយទៀតគឺ ធនាគារ (Japan Bank for International Cooperation-JBIC) ក៏បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការសហប្រតិបត្តិការលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជាផងដែរ។ (អានបន្ថែម)
កិច្ចសហការនេះ គឺជាជំហានដ៏សំខាន់មួយ ក្នុងការជំរុញហេដ្ឋារចនាសម្ព័ន្ធ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ខណៈដែលប្រទេសជាតិនៅតែបន្តស្វែងរកយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាព។

- Video Advertisement -