ធនាគារហត្ថាវិនិយោគ ១៥ លានដុល្លារ លើគម្រោងព្រលានថ្មី តាមរយៈមូលបត្របំណុល
ធនាគារ ហត្ថា ម.ក បានទិញបណ្ណបំណុល ១៥លានដុល្លារអាមេរិក របស់ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) ដើម្បីចូលរួមក្នុងការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងខេត្តកណ្តាល។
ពិធីចុះហត្ថលេខានេះធ្វើឡើងនៅថ្ងៃទី ៤ មីនា រវាងអគ្គនាយករង CAIC លោកឆារស៍ វ៉ាន់ និង ប្រធានអគ្គនាយកធនាគារហត្ថាលោកឧកញ៉ា ហួត អៀងតុង ក្រោមអធិបតីភាពអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន OCIC។
អត្រាការប្រាក់ (Coupon rate) របស់សញ្ញាបណ្ណនេះគឺ ៥,៥% ភាគរយ ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល (tenor) ៣ ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។
ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ។
គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន ៣២% ដែលបានចំណាយទឹកប្រាក់សរុប ៤១៤ លានដុល្លារអាមេរិក (ដោយមិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគរួចដោយ CAIC)។
CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង ក្រុមហ៊ុន OCIC ។ រដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុន CAIC ក្នុងការកាន់កាប់ រចនាប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោ ។

