ធនាគារ Prince បោះទុន១៥លានដុល្លារ លើគម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី តាមរយៈមូលបត្របំណុល

ក្រុមហ៊ុន Cambodia Airport Investment Co.,Ltd (CIAC) ដែលជាអ្នកអភិវឌ្ឍគម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី សម្រេចលក់មូលបត្របំណុលមានការធានា (guaranteed bond) តម្លៃ ១៥លានដុល្លារ ឱ្យទៅធនាគារ Prince ដើម្បីប្រមូលទុនបន្ថែមទៅសាងសង់ព្រលានភ្នំពេញថ្មី នៅក្នុងខេត្តកណ្តាល។

មូលបត្របំណុលមានការធានានេះ ត្រូវបានធានាដោយក្រុមហ៊ុន Oversea Cambodia investment Corporation LTD (OCIC) ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន CIAC។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងត្រូវបានធ្វើឡើងរវាង លោកឧកញ៉ា Chales Van នាយកប្រតិបត្តិក្រុមហ៊ុន CIAC និងលោក HONN Sorachna នាយកប្រតិបត្តិនៃធនាគារ Prince កាលពីថ្ងៃទី៣ ខែវិច្ឆិកា។

មូលបត្របំណុលមានការធានានេះ នឹងផ្តល់អាត្រាការប្រាក់ប្រមាណ ៥,៥% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល៣ឆ្នាំ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី បច្ចុប្បន្នដំណើរការសាងសង់សម្រេចបាន២៦% ដោយទឹកប្រាក់សរុបជាង ៣៤៦លានដុល្លាអាមេរិក ត្រូវបានចាក់បញ្ចូលរួចហើយ (មិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគរួច)។

អាកាសយានដ្ឋានលំដាប់ខ្នាត 4F ដែលកំពុងសាងសង់លើទំហំដីជាង ២៥០០ហិកតា នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នឹងបញ្ចប់ការសាងសង់និងដាក់ដំណើរការក្នុងឆ្នាំ២០២៣ ។

- Video Advertisement -