នយោបាយមិនប្រាកដប្រជារបស់ថៃ អាចនឹងជះឥទ្ធិពលដល់វិស័យអចលនទ្រព្យក្នុងប្រទេស
វិស័យអចលនទ្រព្យនៅក្នុងប្រទេសថៃគឺជាធាតុផ្សំដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេស ដែលដំបូងឡើយត្រូវបានគេរំពឹងថា នឹងត្រូវងើបឡើងវិញពីជំងឺរាតត្បាតក្នុងឆ្នាំ២០២៣នេះ។
បើយោងតាមសារព័ត៌មាន Channel News Asia ភាពមិនប្រាកដប្រជាផ្នែកនយោបាយដែលកំពុងបន្តកើតមានពីការបោះឆ្នោតសកល កាលពីខែឧសភាគឺកំពុងបង្កការរំខាន និងជាភាពភ័យខ្លាចមួយនៅក្នុងទីផ្សារមួយ។
ភាពមិនច្បាស់លាស់នេះ បាននាំឱ្យមានការពន្យារពេលនៃការទិញ-លក់ខុនដូជាច្រើន ជាពិសេសការបើកដំណើរការឡើងវិញនូវសកម្មភាពទាំងអស់ក្នុងទីផ្សារអចលនទ្រព្យ ដោយសារតែអ្នកអភិវឌ្ឍន៍នៅមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការផ្តួចផ្តើមគម្រោងថ្មីៗក្នុងអំឡុងវិបត្តិនយោបាយដែលកំពុងបន្ត។
ប្រទេសថៃ មានការពឹងផ្អែកខ្លាំងលើវិស័យអចលនទ្រព្យរបស់ខ្លួន ដែលបានរួមចំណែកប្រមាណ ១០ភាគរយដល់ GDP ក្នុងប្រទេស។ អាស្រ័យហេតុនេះ ការពន្យារពេលទាំងនេះអាចជាកត្តារារាំងដល់ការងើបឡើងវិញក្រោយវិបត្តិកូវិដក្នុងប្រទេសថៃ។ មួយវិញទៀត គួរកត់សម្គាល់ថា ភាគច្រើននៃអ្នកវិនិយោគបរទេសមានការសាទរយ៉ាងខ្លាំង ពិសេសមកពីប្រទេសចិន និងរុស្ស៊ីកំពុងតែគិតគូរពីទស្សនវិស័យរយៈពេលវែង និងពិចារណាលើកត្តាដូចជាអត្រាការប្រាក់ និងការអនុម័តលើកម្ចីទិញផ្ទះ ដើម្បីជួយជំរុញការសម្រេចចិត្តរបស់ពួកគេក្នុងការវិនិយោគ។ រីឯភាគីពាក់ព័ន្ធផ្សេងទៀត ដូចជាវិស័យឧស្សាហកម្មក៏សង្ឃឹមដែរថា រដ្ឋាភិបាលថ្មីនឹងដាក់ចេញវិធានការជំរុញ និងកែសម្រួលគោលនយោបាយទីផ្សារអចលនទ្រព្យ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចផងដែរ។
ទន្ទឹមនិងនេះដែរ អ្នកជំនាញមកពី CBRE បានបង្ហាញថា នៅពាក់កណ្តាលឆ្នាំ ២០២៣នេះ ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានជួបនឹងផលលំបាកច្រើន ដែលបណ្តាលមកពីការដំឡើងអត្រាការប្រាក់រយៈពេលយូរ ការស្ទុះងើបឡើងវិញយឺតយ៉ាវនៅក្នុងប្រទេសចិនដីគោក ជាមួយនឹងការធ្លាក់ចុះ ១៥ភាគរយនៃទំហំវិនិយោគអចលនទ្រព្យពាណិជ្ជកម្ម ប៉ុន្តែក៏មិនភ្លេចដែរថា ការព្យាករណ៍លើទីផ្សារមួយនេះនឹងអាចស្ទុះឡើងវិញនៅក្នុងឆមាសទី១-ឆ្នាំ២០២៤ ពិសេសគឺ វិស័យបដិសណ្ឋារកិច្ច នៅក្នុងទីក្រុងបាងកកតែម្តង។
- Video Advertisement -