នាយកដ្ឋានពន្ធដារ ប្រកាសពន្យារពេលប្រមូលពន្ធចំណេញមូលធនដល់ឆ្នាំ២០២៤ ជាផ្លូវការ
អគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតប្រកាសជាផ្លូវការហើយ ថានឹងពន្យារការអនុវត្តពន្ធចំណេញមូលធន ២ឆ្នាំទៀត ក្រោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ស្នើទៅសម្ដេចហ៊ុន សែន ហើយទទួលបានការអនុម័ត កាលពីដើមឆ្នាំ។
ការអនុវត្តពន្ធលើចំណេញមូលធននេះ នឹងត្រូវចាប់ផ្ដើមនៅខែ ១ មករា ឆ្នាំ២០២៤ ជំនួសឱ្យឆ្នាំ ២០២២ នេះ ដើម្បីចូលរួមស្តារ និងជំរុញសេដ្ឋកិច្ចក្នុងបរិបទជំងឺកូវីដ១៩។
ជាក់ស្ដែង កាលបរិច្ឆេទនៃការអនុវត្តពន្ធចំណេញមូលធន ត្រូវបានពន្យារ ១ឆ្នាំ ម្តងរួចហើយ ពីឆ្នាំ២០២១ មកឆ្នាំ ២០២២។
គួរបញ្ជាក់ថា ចំណេញមូលធន សំដៅដល់ប្រាក់ចំណូលដែលបានមកពីការលក់ ឬផ្ទេរមូលធន ក្រោយការដកចំណាយ។ ដោយឡែក មូលធន សំដៅទៅលើ អចលនទ្រព្យ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធបញ្ញា រូបិយវត្ថុបរទេស។
អត្រាពន្ធលើចំណេញមូលធនត្រូវបានកំណត់តាមអត្រាថេរ ២០%។ អ្នកជាប់ពន្ធត្រូវបានអនុញ្ញាតឱ្យជ្រើសរើសវិធីគណនាចំណេញមូលធនបាន ២វិធី។ (អានបន្ថែម)

