នាយករដ្ឋមន្ត្រី៖ ទិន្នន័យជំរឿនគឺជាត្រីវិស័យគោលនយោបាយ ខណៈបច្ចុប្បន្នភាពសហគ្រាសនៅកម្ពុជាមានជាង ៧៥ម៉ឺន កើន៤៩%
គិតត្រឹមខែមីនា ឆ្នាំ២០២២ កម្ពុជាមានអង្គភាពសេដ្ឋកិច្ចសរុបទាំងអស់មានចំនួន ៧៥៣.៦៧០ ដែលកើនឡើង ៤៩%បើធៀបនឹងជំរឿន សេដ្ឋកិច្ចឆ្នាំ២០១១ ដែលមានចំនួន ៥០៥.១៣៤។
ក្រសួងផែនការ បានផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយនៃជំរឿន សេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២ នៅថ្ងៃទី២៦ ខែធ្នូ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។
របាយការណ៍ជំរឿន បង្ហាញថា ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ គ្របដណ្តប់អង្គភាពសេដ្ឋកិច្ចតែក្នុងពីរវិស័យប៉ុណ្ណោះគឺ វិស័យឧស្សាហកម្មមាន ៧% និងវិស័យសេវាកម្ម មាន ៩៣%។
មាន ៥២,៥% នៅទីប្រជុំជន និង៦៩,១% ជាអង្គភាពសេដ្ឋកិច្ចដែលមានភាពជាម្ចាស់តំណាងជាស្ត្រី អង្គភាពសេដ្ឋកិច្ចទាំងអស់ បានស្រូបយកកម្លាំងពលកម្មសរុបចំនួន ២,៩៨លាននាក់ ក្នុងនោះស្ត្រី ចំនួន ១,៨៤លាននាក់។
ថ្លែងក្នុងពិធីផ្សព្វផ្សាយខាងលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ជំរឿនសេដ្ឋកិច្ច គឺដើម្បីចងក្រងស្ថិតិមូលដ្ឋានគ្រឹះស្តីពីអង្គភាពសេដ្ឋកិច្ច និងបង្កើតបញ្ជីមេនៃអង្គភាពសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្ដល់នូវព័ត៌មានសំខាន់ៗស្តីពីស្ថានភាពនៃសកម្មភាព និងរចនាសម្ព័ន្ធសេដ្ឋកិច្ច សម្រាប់ការរៀបចំគោលនយោបាយ ផែនការ និងអ្នកពាក់ព័ន្ធដទៃទៀត។
សម្តេចធិបតីមានប្រសាសន៍ថា៖ “ទិន្នន័យនេះ សំខាន់ណាស់ ព្រោះជាផែនទី និងត្រីវិស័យសម្រាប់យើងទាំងក្របខណ្ឌរៀបចំគោលនយោបាយ និងសេដ្ឋកិច្ច” ដូចនេះការធ្វើជំរឿនសេដ្ឋកិច្ចនេះ គឺដើម្បីចងក្រងស្ថិតិមូលដ្ឋានគ្រឹះស្តីពីអង្គភាពសេដ្ឋកិច្ច និងបង្កើតបញ្ជីមេនៃអង្គភាពសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្ដល់នូវព័ត៌មានសំខាន់ៗស្តីពីស្ថានភាពនៃសកម្មភាព និងរចនាសម្ព័ន្ធសេដ្ឋកិច្ច សម្រាប់ការរៀបចំគោលនយោបាយ ផែនការ និងអ្នកពាក់ព័ន្ធដទៃទៀត”។
ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ គឺជាជំរឿនសេដ្ឋកិច្ចលើកទីពីរ របស់កម្ពុជា ដែលលើកទីមួយ ត្រូវបានធ្វើឡើងនៅឆ្នាំ២០១១។


- Video Advertisement -