និន្នាការវិវត្តន៍នៃបច្ចេកវិទ្យាថ្មីៗសម្រាប់វិស័យសំណង់នៅកម្ពុជា

ឧស្សាហកម្មសំណង់គឺជាសសរស្តម្ភដ៏រឹងមាំមួយនៃសេដ្ឋកិច្ចកម្ពុជា ដែលមានកំណើនគួរឲ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ យោងតាមរបាយការណ៍របស់រដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា មានការកើនឡើងចំនួន ២០ភាគរយ នៃគម្រោងសាងសង់ដែលបានអនុម័តនៅឆ្នាំ២០១៧ ធៀបនឹងឆ្នាំមុន។

របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានចេញផ្សាយនៅដើមខែមករា ឆ្នាំ២០១៨ បានបង្ហាញថា គម្រោងចំនួន ៣.០៥២ ត្រូវបានអនុម័តនៅក្នុងឆ្នាំ២០១៧ ដោយមានតម្លៃ ៦.៤២ប៊ីលានដុល្លារ។ តួលេខនេះកើនឡើងលើសពីឆ្នាំមុនដែលមានគម្រោងចំនួន ២,៤០៥ ជាមួយនិងតម្លៃ ៥.២៥ ប៊ីលានដុល្លារ។

ខណៈពេលដែលវិស័យសំណង់មានការរីកចម្រើនខ្លាំង ឧបករណ៍បរិក្ខាបច្ចេកទេសសាងសង់ជាច្រើនប្រភេទត្រូវបាននាំចូលដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងធ្វើឲ្យប្រសើរឡើងនូវដំណើរការការងារនៅក្នុងឧស្សាហកម្មនេះ។

ម៉ាស៊ីនបាញ់បាយអរដែលជាវិធីសាស្ដ្រដំបូងគេសម្រាប់ការបូកបាយអរលើជញ្ជាំងត្រូវបាននាំចូលមកក្នុងទីផ្សារកម្ពុជាកាលពី២ឆ្នាំមុន។ ម៉ាស៊ីនដែលមានឯកទេសក្នុងការបាញ់បាយអរ ជាពិសេសការបាញ់បាយអរលើជញ្ជាំងនេះ ត្រូវបានប្រើជាទូទៅនៅទូទាំងពិភពលោក។ ម៉ាស៊ីនបាញ់បាយអរនេះជាម៉ាកយីហោអ៊ីតាលីផលិតដោយក្រុមហ៊ុន IMER Group និងត្រូវបានចែកចាយផ្តាច់មុខដោយក្រុមហ៊ុន Camcoma CBMS ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់ជាច្រើនប្រភេទក្នុងទីផ្សារ។

លោក ហុង លីមតុង អ្នកចាត់ការទូទៅនៃក្រុមហ៊ុន Camcoma CBMS បានប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យកាលពីដើមខែមករាថា ឧស្សាហកម្មសំណង់កំពុងរីកចម្រើនយ៉ាងឆាប់រហ័សប៉ុន្តែកង្វះកម្មករជំនាញគឺជាចំណុចព្រួយបារម្ភនៅការដ្ឋានសំណង់។ លោក លីមតុង បានមានប្រសាសន៍ថា ម៉ាស៊ីនបាញ់បាយអរទំនើបទាន់សម័យនេះគឺជាដំណោះស្រាយដ៏ល្អសម្រាប់ការដ្ឋានសាងសង់ព្រោះវាត្រូវការកម្មករចំនួនតិច ហើយធ្វើការបានលឿនជាងប្រើកម្លាំងពលកម្មមនុស្សពីរឬបីដង។

តាមលោក លីមតុង ការប្រើម៉ាស៊ីនបាញ់បាយអរចំណាយអស់ត្រឹមតែ ១៨៨ដុល្លារក្នុងមួយថ្ងៃ បើប្រៀបធៀបនឹងការចំណាយលើកម្មករដែលមានតម្លៃ ៧២០ដុល្លារក្នុងមួយថ្ងៃ។ រូបមន្តនេះត្រូវបានអនុវត្តរួចហើយនៅ បុរីពិភពថ្មី នៅឈូកវ៉ា១ ស្ថិតនៅភាគអាគ្នេយ៍រាជធានីភ្នំពេញ ដែលប្រើប្រាស់កម្មករចំនួន ៣២នាក់ ដើម្បីបូកបាយអរលើជញ្ជាំងទំហំ ៤៨០ម៉ែត្រការ៉េ ក្នុងមួយថ្ងៃ ហើយអ្នកបូកបាយអរម្នាក់ទទួលបាន ១,៥ដុល្លារ សម្រាប់ការបូកកំបោរដោយដៃក្នុងទំហំ១ម៉ែត្រការ៉េ ខណៈដែលម៉ាស៊ីនបូកបាយអរអាចបូកបាន ៦០០ម៉ែត្រការ៉េក្នុងមួយថ្ងៃ ហើយត្រូវការកម្មករតែ ១២នាក់។

លោកបានមានប្រសាសន៍ថា “ម៉ាស៊ីនបាញ់បាយអរនេះមានផលប្រយោជន៍ជាច្រើនសម្រាប់ម្ចាស់គម្រោងក្នុងការកាត់បន្ថយការចំណាយ ការសន្សំពេលវេលា និងការគ្រប់គ្រងពលកម្ម។”

ម៉ាស៊ីនបាញ់បាយអរនេះបានទទួលការទុកចិត្តពីគម្រោងជាច្រើនកន្លងមកក្នុងរាជធានីភ្នំពេញរួមទាំង មជ្ឈមណ្ឌលកីឡាជាតិមរតកតេជោ និងក្រុមហ៊ុនអភិវឌ្ឍន៍បុរីឈានមុខគេនៅក្នុងប្រទេសកម្ពុជាគឺ បុរីពិភពថ្មីរបស់លោកឧកញ៉ា ហុង ពីវ។ ម៉ាស៊ីននេះក៏អាចរកបាននៅខេត្តសៀមរាបដែលឧស្សាហកម្មសំណង់កំពុងរីកចម្រើនដោយសារកំណើននៃមជ្ឈមណ្ឌលទេសចរណ៍ផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]