បច្ចុប្បន្នកម្ពុជាមានឧស្សាហកម្មស៊ីម៉ង់ត៍ជាង $១.២ប៊ីលាន កំពុងដំណើរការផលិតសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ
ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា បានឱ្យដឹងថា គិតមកដល់ពេលប្ចុប្បន្ននេះ បណ្តារក្រុមហ៊ុនស៊ីម៉ង់ត៍ បាននិងកំពុងបោះទុនវិនិយោគនៅកម្ពុជាក្នុងទំហំសរុបប្រមាណជាង ១.២ប៊ីលានដុល្លារអាមេរិក។
នេះបើយោងតាមជំនួបពិភាក្សាការងាររវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយលោក Ratchayut Kasemchaisiri ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។ ការបន្តយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលចំពោះឧស្សាហកម្មស៊ីម៉ង់ត៍នៅកម្ពុជា នឹងចូលរួមចំណែកលើកកម្ពស់ឧស្សាហកម្មក្នុងស្រុក និង ផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋ
នាឱកាសនោះ លោកប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ននេះ បណ្តាក្រុមហ៊ុនដែលជាសមាជិកសមាគមបាននិងកំពុងបោះទុនវិនិយោគនៅកម្ពុជា សរុបប្រមាណជាង ១.២ប៊ីលានដុល្លារ និងអាចបង្កើតការងារបានប្រមាណជាង ២.៧០០កន្លែង ដែលក្នុងនោះមានប្រមាណជាង ១.៩០០នាក់គឺជាកម្លាំងពលកម្មក្នុងស្រុក។
លោកបន្តថា សមាគមមានលទ្ធភាពផលិត និងចែកចាយស៊ីម៉ង់ត៍ ដើម្បីបំពេញតម្រូវការនៅក្នុងស្រុកផង និងសម្រាប់នាំចេញទៅតាមបណ្ដាប្រទេសជិតខាងមួយចំនួនផង ហើយថ្មីៗនេះ សមាគមក៏បានក្លាយជាសមាជិកសហព័ន្ធក្រុមហ៊ុនផលិតស៊ីម៉ងត៍អាស៊ាន (AFCM) ផងដែរ។
ជាការឆ្លើយតប សម្ដេច ហ៊ុន ម៉ាណែត បានថ្លែងអរគុណសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតការងារជូនពលរដ្ឋ និងលទ្ធភាពក្នុងការផ្គត់ផ្គង់ស៊ីម៉ង់ត៍ប្រកបដោយគុណភាព និងតម្លៃសមរម្យ។
តាមរយៈជំនួបខាងលើ ប្រមុខរដ្ឋាភិបាល បានសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដល់ក្រុមហ៊ុនផលិតស៊ីម៉ង់ត៍ក្នុងស្រុក ព្រមទាំងប្រគល់ភារកិច្ចឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយក្រសួងរ៉ែ និងថាមពល ធ្វើការសិក្សាលើវិធានការមួយចំនួនបន្ថែមទៀត ក្នុងគោលដៅបង្កើនភាពប្រកួតប្រជែង និងការរីកចម្រើននៃឧស្សាហកម្មស៊ីម៉ង់ត៍បន្ថែមទៀត។
ដោយមានការគាំទ្របន្ថែមពីរដ្ឋាភិបាល ឧស្សាហកម្មស៊ីម៉ងត៍របស់កម្ពុជាត្រូវបានគេរំពឹងថានឹងរីកចម្រើនបន្ថែមទៀត ដោយពង្រឹងជំហររបស់ខ្លួនជាមូលដ្ឋានគ្រឹះនៃវឌ្ឍនភាពសេដ្ឋកិច្ចរបស់ប្រទេស។
- Video Advertisement -