បច្ចុប្បន្ននៅកម្ពុជាមានកំពង់ផែសរុបចំនួន១០៣ ដែលក្រសួងកំពុងផ្តោតលើការពង្រឹងសមត្ថភាពគ្រប់គ្រងរដ្ឋបាល
បច្ចុប្បន្ននៅកម្ពុជាមានកំពង់ផែសរុបចំនួន ១០៣ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងរៀបចំឯកសារដែលមានភាពច្បាស់លាស់គ្រប់ជ្រុងជ្រោយសម្រាប់កំណត់តំបន់កំពង់ផែ តាមរយៈ“គម្រោងពង្រឹងសមត្ថភាពសម្រាប់ការគ្រប់គ្រងរដ្ឋបាលកំពង់ផែ”។
នេះបើតាមសិក្ខាសាលាពិគ្រោះយោបល់ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក NAGASE Kensuke ភារធារី និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គរាជទូតជប៉ុនប្រចាំ កម្ពុជា, លោក SANUI Kazumasa ប្រធានតំណាងទីភ្នាក់ងារអន្តរជាតិជប៉ុន JICA ប្រចាំកម្ពុជា, រួមជាមួយអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងដើម្បីបង្ហាញ ពិគ្រោះយោបល់ និងប្រមូលធាតុចូលបន្ថែមលើឯកសារនានាពាក់ព័ន្ធនឹងការរៀបចំកំណត់តំបន់កំពង់ផែ (PORT ZONING) ដើម្បីឱ្យឯកសារមានភាពច្បាស់លាស់គ្រប់ជ្រុងជ្រោយ ក្រោមគម្រោងពង្រឹងសមត្ថភាពសម្រាប់ការគ្រប់គ្រងរដ្ឋបាលកំពង់ផែក្នុងឆ្នាំ២០២៥។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ការប្រមូលមតិយោបល់ និងផ្តល់ធាតុចូលបន្ថែមសម្រាប់រៀបចំកែសម្រួលឯកសារដ៏មានសារៈសំខាន់នេះ គឺមានគោលបំណងសំដៅធានាដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាព និងស្របតាមបរិបទជាក់ស្តែងរបស់កម្ពុជា។
គួរបញ្ជាក់ថា ក្នុងបរិបទនៃការអភិវឌ្ឍកំពង់ផែនៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយតម្លាភាព ស័ក្តិសិទ្ធិភាព ចីរភាព និងនិរន្តរភាពនៅឆ្នាំ២០២៤-២០២៥ រាជរដ្ឋាភិបាលបានរៀបចំជាទម្រង់ផែនការរួមសម្រាប់ការអភិវឌ្ឍកំពង់ផែនៅតាមតំបន់សមុទ្រ ដែលបានកំណត់យកទស្សនវិស័យសម្រាប់អភិវឌ្ឍន៍កំពង់ផែសមុទ្រកម្ពុជា និងការរៀបចំគម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់។
ការអភិវឌ្ឍកំពង់ផែនៅតាមតំបន់ទន្លេ ដែលបានកំណត់នៅក្នុងឯកសារ ក្របខ័ណ្ឌនៃការអភិវឌ្ឍ និងការគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេនៅកម្ពុជាឆ្នាំ២០២៥-២០៣៣ គឺដើម្បីជំរុញតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹកទាំងមូលរវាងទន្លេ និងសមុទ្រនៃប្រទេសកម្ពុជា និងពិភពលោក។
គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានកំពង់ផែសរុបចំនួន ១០៣ ក្នុងនោះ ២៦ ជាកំពង់ផែសមុទ្រ និង ៧៧ ជាកំពង់ផែទន្លេ។ កំពង់ផែទន្លេទាំងនេះមានទីតាំងនៅតាមដងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់។
ក្នុងចំណោមកំពង់ផែទាំងនេះ មានកំពង់ផែអន្តរជាតិចំនួនពីរ គឺកំពង់ផែស្វយ័តភ្នំពេញ (PPAP) និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS)។
កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការអភិវឌ្ឍប្រព័ន្ធកំពង់ផែដ៏រឹងមាំ និងមានប្រសិទ្ធភាព ដោយធានាថាប្រទេសនេះអាចបំពេញតម្រូវការដឹកជញ្ជូននាពេលអនាគតរបស់ខ្លួន និងលើកកម្ពស់ជំហររបស់ខ្លួនក្នុងពាណិជ្ជកម្មដែនសមុទ្រក្នុងតំបន់។

- Video Advertisement -