បច្ចុប្បន្ន កម្ពុជាដោះស្រាយវិវាទដីធ្លីបានជាង ៨៥% នៃវិវាទសរុបជាង១៥.០០០ករណី
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់ករណីវិវាទដីធ្លីដែលសេសសល់កន្លងមក បានចំនួន ១៣.៣២៩ករណី លើ ១៥.៦៤២ករណី ស្មើនឹង ៨៥,២១% ។ នេះបើតាមការឱ្យដឹងពីហ្វេកប៊ុកផេកផ្លូវការរបស់ក្រសួង កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។
ប្រភពដដែលបានបន្ថែមថា វិវាទទាំងនេះ រួមមានការចូលកាន់កាប់ដីមានបណ្ណកម្មសិទ្ធិ បញ្ហាបណ្ណកម្មសិទ្ធិត្រួតគ្នា លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីត្រួតគ្នា សំណើសុំចេញបណ្ណកម្មសិទ្ធិលើដីរដ្ឋក្នុងដែនគម្របព្រៃឈើឆ្នាំ២០០២ និងតំបន់ការពារធម្មជាតិ បណ្ដឹងទប់ស្កាត់ការចេញបណ្ណកម្មសិទ្ធិ សំណើសុំអន្តរាគមន៍ដោះស្រាយបញ្ចប់វិវាទ សំណើសុំចាត់មន្រ្តីចុះវាស់វែងកំណត់ព្រំ សំណើសុំធ្វើអធិការកិច្ចលើសំណង់ខុសបច្ចេកទេស សំណើសុំអន្តរាគមន៍ពន្លឿននីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិនិងចេញបណ្ណ វិវាទមិនស្គាល់ព្រំដីនិងច្រឡំភូមិសាស្រ្ត វិវាទដីជាន់ប្លង់ហេដ្ឋារចនាសម្ព័ន្ធ និងការរំលោភលើដីចំណីសាធារណៈជាដើម។
ក្នុងដំណើរការដោះស្រាយវិវាទដីធ្លីខាងលើនេះ ក្រសួងប្រើប្រាស់យន្តការដែលមានស្រាប់ រួមមាន គណៈកម្មាការសុរិយោដី អជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងក្រុមការងារដោះស្រាយទំនាស់ដីធ្លី ដោយឈរលើគោលការណ៍ឈ្នះឈ្នះ ដោយតម្រូវឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួម សហការ បន្ថយទំហំ សម្រួលព្រំ ប្តូរទីតាំង និងទទួលបានបណ្ណកម្មសិទ្ធិ។
ដោយឡែក ចំពោះខេត្តព្រះសីហនុវិញ រដ្ឋបានដោះស្រាយវិវាទដីធ្លី សរុបបានចំនួន ៦១៣ករណី លើ ៦៥៨ករណី ដែលស្មើនឹង ៩៣ភាគរយ។
ទន្ទឹមនឹងការដោះស្រាយវិវាទដីធ្លីនេះដែរ ក្រសួងបាននិងកំពុងបន្តជំរុញការងារចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ប្រែក្លាយពីបរិយាកាសដីគ្មានវិវាទទៅជាប្រភពចំណូលជាតិ និងពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងដីរដ្ឋ និងរៀបចំផែនការប្រើប្រាស់ដីឱ្យស្របតាមសក្តានុពលនៃភូមិសាស្រ្ត និងធនធានធម្មជាតិ។
ចំពោះការងាររៀបចំផែនការផែនការប្រើប្រាស់ដី គិតមកទល់ត្រឹមពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៤ នេះ ក្រសួងបាន រៀបចំរួចរាល់បានចំនួន៣១ និងបានសិក្សាបញ្ចប់ដោយកំពុងជំរុញស្នើសុំការសម្រេចបន្ថែមចំនួន ២៣ ទៀតផងដែរ។
- Video Advertisement -