បច្ចុប្បន្ន កម្ពុជាមានខេត្ត១០ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ខណៈសៀមរាបក្លាយជាខេត្តទី១០
គិតមកទល់ពេលបច្ចុប្បន្ន កម្ពុជាមានខេត្តចំនួន ១០ ត្រូវបានប្រកាសបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ក្នុងនោះមានសៀមរាបជាខេត្តទី១០ និងខេត្តចំនួន ៩ផ្សេងទៀតរួមមាន៖ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកំពង់ចាម, និង ខេត្តរតនគីរី។
សៀមរាប បានក្លាយជាខេត្តទី១០ ដែលបញ្ចប់ទាំងស្រុងលើការបន្ទោរបង់ពាសវាលពាសកាល ( ODF )ជាផ្លូវការ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។
ពិធីប្រកាសជាផ្លូវការនេះ ត្រូវបានធ្វើក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងភាគីពាក់ព័ន្ធបានចូលរួមប្រមាណជាង ២០០០នាក់។
ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានវាយតម្លៃថា ការសម្រេចនេះ មានន័យថា នៅខេត្តសៀមរាប គ្រប់ខ្នងផ្ទះទាំងអស់មានបង្គន់អនាម័យផ្ទាល់ខ្លួន និងមានបង្គន់អនាម័យប្រើប្រាស់រួមគ្នា។
ទន្ទឹមគ្នានេះដែរ ឯកឧត្តមក៏បានបង្ហាញពីការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ដែលបានធ្វើឱ្យប្រជាពលរដ្ឋបានផ្លាស់ប្តូរទម្លាប់ ពីការផឹកទឹកគ្មានសុវត្ថិភាព មកផឹកទឹកដែលមានសុវត្ថិភាព ពីការបន្ទោបង់ពាសវាលពាសកាល មកការប្រើប្រាស់បង្គន់អនាម័យត្រឹមត្រូវ និង មានរបៀបរស់នៅដែលមានភាពស៊ីវិល័យផងដែរ។
នាឱកាសនោះដែរ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប ក៏បានបង្ហាញពីលទ្ធផលចុះផ្ទៀងផ្ទាត់ ODF នៅខេត្តសៀមរាប ថា ចំនួនសំណាកខ្នងផ្ទះប្រើបង្គន់ ផ្ទាល់ខ្លួនស្មើនឹង ៩៤%, ប្រើបង្គន់រួមស្មើនឹង ៦% ខ្នងផ្ទះ, មានកន្លែងលាងដៃនឹងសាប៊ូស្មើនឹង ១០០% ខ្នងផ្ទះ, ទុកដាក់ទឹកសម្រាប់ផឹក មានសុវត្ថិភាព ស្មើ១០០% ខ្នងផ្ទះ, ទុកដាក់សំណល់ខោលាមកកូនក្មេង លាមកសត្វ និងសម្រាមមានរបៀបរៀបរយ ១០០%។
គួរបញ្ចាក់ថា ក្នុងផែនការឆ្នាំ២០២៤នេះ នឹងមានខេត្តចំនួន៣ ថ្មីបន្ថែមទៀត ដែលនឹងទទួលជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល បន្ទាប់ពីខេត្តសៀមរាប។ ដូច្នេះចំនួនខេត្ត ODF នឹងកើនឡើងក្នុងចំណោម ២៥រាជធានី ខេត្ត នៅទូទាំងប្រទេសកម្ពុជា៕


- Video Advertisement -