បច្ចុប្បន្ន កម្ពុជាមានរោងចក្រ-សហគ្រាស ១២២កន្លែងចុះកិច្ចសន្យាបំពាក់ប្រព័ន្ធស្វ័យពិនិត្យការបញ្ចេញសំណល់រាវ ដើម្បីការពារបរិស្ថាន
បច្ចុប្បន្ន មានរោងចក្រ-សហគ្រាសសរុបចំនួន ១២២កន្លែង បានចុះកិច្ចសន្យា និងត្រៀមរៀបចំការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ នៅក្នុងទីតាំងរបស់ខ្លួន ឱ្យស្របតាមច្បាប់ជាធរមានរបស់កម្ពុជា។ នេះបើតាមការឱ្យដឹងពីក្រសួងបរិស្ថាន កាលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។
ក្រសួងបរិស្ថាន បានបន្តថា មកដល់ពេលនេះ មានរោងចក្រ-សហគ្រាសចំនួន ៥ បានបំពាក់ និងដាក់ឱ្យដំណើរការឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវរួចហើយ។ទន្ទឹមគ្នានេះ រោងចក្រ សហគ្រាសចំនួន ១០ កន្លែងផ្សេងទៀត ក្នុងចំណោមរោងចក្រ សហគ្រាសសរុបចំនួន១២២កន្លែង ក៏បានចុះកិច្ចសន្យា និងកំពុងធ្វើការបំពាក់ឧបករណ៍នេះជាបន្តបន្ទាប់ផងដែរ។
ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា រោងចក្រសហគ្រាស ដែលបានធ្វើការបំពាក់ រួមមាន៖ នៅតំបន់សេដ្ឋកិច្ចពិសេស ប្រភេទរោងចក្របោកគក់ ជ្រលក់ព៌ណ និងប្រភេទរោងចក្រផលិត ផលិតផលពាក់កណ្តាលសម្រេច សម្រាប់ប្រើជាវត្ថុដើមក្នុងការផលិតឱសថ នៅក្នុងខេត្តស្វាយរៀង កណ្តាល បាត់ដំបង និងភ្នំពេញ។
បើតាមក្រសួងបរិស្ថាន ការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ នៅក្នុងរោងចក្រ-សហគ្រាស គឺមានប្រយោជន៍ច្រើនដូចជា៖
១) អាចធ្វើការត្រួតពិនិត្យនិងតាមដានពីចម្ងាយប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវដំណើរការប្រព្រឹត្តិកម្មសម្អាតសំណល់រាវ គុណភាពសំណល់រាវត្រូវបញ្ចេញ ដោយមិនបាច់ចាត់មន្ត្រីចុះអធិការកិច្ចនៅទីតាំងរោងចក្រ សហគ្រាសដោយផ្ទាល់
២) ទប់ស្កាត់យ៉ាងមានប្រសិទ្ធភាពនូវការបញ្ចេញសំណល់រាវពីរោងចក្រ សហគ្រាស លើសកម្រិតស្តងដារអនុញ្ញាតឱ្យធ្វើការបញ្ចេញចោល ការលេចធ្លាយ ឬ ការលួចបង្ហូរសំណល់រាវពីរោងចក្រ សហគ្រាស
៣) ទិន្នន័យបរិមាណ (Quantity) និងកម្រិតសារធាតុបំពុល (Pollution Levels) ដែលផ្តល់ដោយប្រព័ន្ធនេះ មានលក្ខណៈវិទ្យាសាស្រ្ត សុក្រឹត្យភាព និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ
៤) តាមរយៈទិន្នន័យដែលផ្តល់ដោយប្រព័ន្ធឧបករណ៍នេះ ក្រសួងអាចចាត់វិធានការទប់ស្កាត់ការបំពុលបរិស្ថានបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព តាមរយៈការជូនដំណឹង ឬការបញ្ជឱ្យរោងចក្រ សហគ្រាស ធ្វើការកែលម្អចំណុចខ្វះខាត ឬ ឈានទៅផ្អាកជាបណ្តោះអាសន្ននូវបញ្ចេញសំណល់រាវដែលបង្កឱ្យមានការបំពុល ឬ ការលេចធ្លាយ ឬ ការលួចបញ្ចេញ៕
- Video Advertisement -