បដិវត្តគម្រោងផ្លូវដែក “បាលទិក” តម្លៃ $៥ពាន់លាន រួមវិនិយោគដោយប្រទេសអឺរ៉ុបចំនួន៥
ប្រទេសអ៊ឺរ៉ុបចំនួន៥ រួមដៃគ្នាវិនិយោគលើគម្រោងតភ្ជាប់តំបន់បាល់ទិក “Rail Baltica” ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវដែកទំនើប ដ៏ធំបំផុតរបស់អ៊ឺរ៉ុបមិនធ្លាប់មានក្នុងរយៈកាល១០០ឆ្នាំកន្លងមកនេះ។ កិច្ចខិតខំប្រឹងប្រែងប្រកបដោយមហិច្ឆតានេះ ព្យាយាមធ្វើសមាហរណកម្មរដ្ឋនៅក្នុងតំបន់បាល់ទិក ទៅក្នុងបណ្តាញផ្លូវដែកអ៊ឺរ៉ុប ដោយមានការចូលរួមពីប្រទេស៖ ប៉ូឡូញ លីទុយអានី ឡាតវី អេស្តូនី និងដោយប្រយោល គឺប្រទេសហ្វាំងឡង់។ នេះយោងតាមការចុះផ្សាយរបស់ ក្រុមហ៊ុន Bentley Systems ចុះថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២៣។
គម្រោងប្រកបដោយចក្ខុវិស័យនេះ លាតសន្ធឹងលើផ្លូវរថភ្លើងល្បឿនលឿនប្រវែង ៨៧០ គីឡូម៉ែត្រ ដែលតភ្ជាប់ទីក្រុងសំខាន់ៗដូចជា Helsinki, Tallinn, Pärnu, Riga, Panevežys, Kaunas, Vilnius និង Warsaw ។ ការចំណាយប៉ាន់ស្មាននៃគម្រោង Rail Baltica នេះ គឺប្រហែល ៥,៨ ពាន់លានអឺរ៉ូ ជាមួយនឹងការផ្តល់ហិរញ្ញប្បទានពីសហភាពអឺរ៉ុប (CEF) ក៏ដូចជាប្រទេសចំនួនបីទៀត គឺអេស្តូនី ឡាតវី និងលីទុយអានី។
ក្រៅពីតម្លៃទឹកប្រាក់វិនិយោគដ៏ច្រើនសន្ធឹកនេះ អ្វីដែលជាចំណុចគួរឱ្យចាប់អារម្មណ៍នៃគម្រោងនេះ គឺការបង្ហាញពីកិច្ចខិតខំប្រឹងប្រែងឆ្លងព្រំដែនរួមគ្នាដើម្បីលើកកម្ពស់ការតភ្ជាប់ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងភាពទំនើបបំផុតរបស់វាដោយប្រើបច្ចេកវិទ្យាចុងក្រោយនៅអ៊ឺរ៉ុប។ នៅពេលសាងសង់រួច ហេដ្ឋារចនាសម្ព័ន្ធដំណើរការខ្សែរថភ្លើងនេះ នឹងដើរដោយប្រើថាមពលអគ្គិសនីទាំងស្រុង ដែលត្រូវបានព្យាករណ៍ថានឹងកាត់បន្ថយការបញ្ចេញឧស្ម័ន CO2 យ៉ាងច្រើន ដែលនាំឱ្យមានការបំពុលខ្យល់ធ្លាក់ចុះ ១៨,៣% និងកាត់បន្ថយសម្លេងរំខាន ៤,៥% ដែលជាជំហានដ៏សំខាន់ឆ្ពោះទៅកាន់អនាគតកាន់តែបៃតងសម្រាប់សហគមន៍អ៊ឺរ៉ុបនិងពិភពលោកទាំងមូល។
ផ្លូវរថភ្លើងដ៏ទំនើបនេះ ត្រូវបានរចនាឡើងដើម្បីដំណើរការរថភ្លើងល្បឿនលឿនចំនួនបួនជារៀងរាល់ថ្ងៃដែលគ្របដណ្តប់ចម្ងាយទាំងមូលរវាងទីក្រុងTallinn រដ្ឋធានីនៃប្រទេសអេស្តូនី និងទៅរដ្ឋធានី Kaunas នៃប្រទេសលីទុយអានី ឬ Vilnius ក្នុងរយៈពេលត្រឹមតែជាង ៣ ម៉ោងប៉ុណ្ណោះ។
ចំពោះសមត្ថភាពដឹកជញ្ជូនវិញ ប្រព័ន្ធរថភ្លើងដោយប្រើអគ្គិសនីនេះ មានល្បឿន ២៤៩គ.ម ក្នុងមួយម៉ោងសម្រាប់ប្រភេទរថភ្លើងដឹកអ្នកដំណើរ និង១២០គ.ម ក្នុងមួយម៉ោងសម្រាប់ប្រភេទខ្សែរថភ្លើងដឹកជញ្ជូនទំនិញ។ គម្រោងនេះ រួមបញ្ចូលផ្លូវសម្រាប់រថភ្លើងចំនួន០៦ខ្សែទន្ទឹមគ្នា និងត្រូវការបង្គុំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ រួមមានឆ្លងកាត់ស្ពានអាកាសសម្រាប់ផ្លូវដែកធំៗ ៤៤ ជាង ស្ពានអាកាសសម្រាប់ផ្លូវរថយន្ត ៥០ និងស្បានធម្មតា ១៥ ស្ពាន និងតំបន់អភិរក្សសត្វព្រៃចំនួន ១៧កន្លែង។
“នៅក្នុងដំណើរការនៃការរចនា និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធបៃតង សំដៅបម្រើសង្គមមនុស្សសម្រាប់រយៈពេល ១០០ ឆ្នាំតទៅខាងមុខ ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ គឺជាទិដ្ឋភាពសំខាន់មិនខ្វះបាន។ ការណ៍នេះមិនត្រឹមតែធានានូវភាពធន់របស់សំណង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការពារការវិនិយោគ បង្កើនសុវត្ថិភាពសាធារណៈ ស្របតាមបទប្បញ្ញត្តិ និងរួមចំណែកដល់និរន្តរភាពបរិស្ថានទាំងមូលផងដែរ។ គម្រោង Rail Baltica បានដាក់បញ្ចូលការពិចារណាទាក់ទងនឹងអាកាសធាតុទៅក្នុងវដ្តជីវិតរបស់គម្រោងចាប់តាំងពីដំណាក់កាលដំបូងនៃការធ្វើផែនការ និងការរចនាម្ល៉េះ” នេះជាការលើកឡើងរបស់លោក Emilien Dang ប្រធានផ្នែកបច្ចេកទេស និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់គម្រោង Rail Baltica។
លោក Dang បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់ Rail Baltica ក្នុងការសម្រេចបាននូវឯករាជ្យភាពថាមពលរបស់ EU និងពង្រឹងសន្តិសុខថាមពលក្នុងតំបន់។ គម្រោងសកលនេះមានគោលបំណងពឹងផ្អែកលើថាមពលកកើតឡើងវិញ ១00% ដែលនៅក្រោយពេលអនុវត្ត នឹងចូលរួមកាត់បន្ថយថយចុះយ៉ាងខ្លាំងនៃការបំភាយឧស្ម័ន CO2 គឺលើសពី ១៥0.000 tCO2e ក្នុងមួយឆ្នាំក្រោយប្រតិបត្តិការនៅឆ្នាំ ២០៣០ និងជាង ៤00.000 tCO2e ក្នុងមួយឆ្នាំក្រោយប្រតិបត្តិការនៅឆ្នាំ ២០៥០។ ពេលនោះ តម្លៃនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ត្រូវបានគេរំពឹងថានឹងថយចុះចន្លោះពី ២,៣ ទៅ ៣,១ ពាន់លានអឺរ៉ូ។ ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលក៏អាចឃើញការថយចុះគួរឱ្យកត់សម្គាល់ផងដែរ ដែលអាចមានចាប់ពី ១,៥% ទៅ ៣,៣% បើប្រៀបធៀបទៅនឹងការប្រើប្រាស់ជាមធ្យមក្នុងកំឡុងឆ្នាំ២០១០ និង ២០២១៕



រូបភាព៖ Bentley System
- Video Advertisement -