បទសម្ភាសន៍ពិសេស ៖ តើចំណុចអ្វីដែលធ្វើឱ្យទីក្រុង គួរឱ្យចង់រស់នៅ និងមាននិរន្តរភាព?

បញ្ហាគ្រោះធម្មជាតិ ការកកស្ទះចរាចរណ៍ ក៏ដូចជាការបំពុលបរិស្ថានជាដើម គឺការគំរាមកំហែងដែលទីក្រុងជុំវិញពិភពលោកកំពុងប្រឈម។ ទីក្រុងភ្នំពេញក៏កំពុងជួបប្រទះបញ្ហាទាំងនេះ ពិសេសបញ្ហាទឹកជំនន់ និងការកកស្ទះចរាចរណ៍។

តើយើងគួរមានដំណោះស្រាយយ៉ាងណា? តើឧបករណ៍ឌីជីថល និងបញ្ញាសិប្បនិមិត្ត (AI) អាចជួយដោះស្រាយបញ្ហានេះបានដែរឬទេ? ទស្សនាវដ្ដីសំណង់ និងអចនទ្រព្យ បានជួបសម្ភាសន៍ជាមួយ លោកស្រី Dorothea Manou នាយិកាគ្រប់គ្រងដំណោះស្រាយផ្នែកហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធទីប្រជុំជន នៃក្រុមហ៊ុន Bentley Systems ដើម្បីពិភាក្សាអំពីអនាគតនៃការអភិវឌ្ឍន៍ទីក្រុង។

លោក Nicholas Cumins នាយកប្រតិបត្តិក្រុមហ៊ុន Bentley Systems និងលោកស្រី Dorothea Manou អ្នកគ្រប់គ្រងដំណោះស្រាយសម្រាប់ទីក្រុង បានថតរូបរួមគ្នានៅក្នុង iLab ក្នុងព្រឹត្តិការណ៍ Year in Infrastructure 2025។ (រូបថតដោយ Bentley Systems)

ចម្លើយដ៏ខ្លីគឺ ឧបករណ៍ឌីជីថលគឺអាចជួយដោះស្រាយបញ្ហាទាំងនេះបាន។ ឧទាហរណ៍ កម្មវិធី FireSat អាចចាប់រកមើលហេតុការណ៍ភ្លើងឆេះព្រៃបានជុំវិញពិភពលោកបាន កម្មវីធី Flood Hub ដែលប្រើ AI និងប្រព័ន្ធធារាសាស្ត្រសកលដើម្បីព្យាករហានិភ័យទឹកជំនន់បាន ខណៈកម្មវិធី OpenPaths ដែលប្រើ AI និង  Dynamic Traffic Assignment (DTA) ដើម្បីគ្រប់គ្រងចរាចរណ៍ក្នុងក្រុង និងកម្មវិធីជាច្រើនទៀតដូចជា OpenFlow FlOOD, iTwin, Synchro+  ជាដើម សុទ្ធសឹងតែអាចជួយគ្រប់គ្រងទីក្រុងបាន។ (អានបន្ថែម និងបន្ថែម)

ប៉ុន្តែសម្រាប់ លោកស្រី Dorothea Manou អ្វីដែលសំខាន់ជាងបច្ចេកវិទ្យាគឺ «ផ្នត់គំនិត»។ លោកស្រីថា ដើម្បីជួយទីក្រុងឱ្យប្រសើរបាន ម្ចាស់ទីក្រុងនោះត្រូវតែមានផ្នត់គំនិតចង់ផ្លាស់ប្ដូរទីក្រុងនោះសិន ហើយ Bentley កំពុងព្យាយាមផ្ដល់ចំណេះដឹង និងបង្កើតផ្នត់គំនិតវិជ្ជមានមួយនេះ។

លោក Richard Vestner អនុប្រធានផ្នែកដំណោះស្រាយឧស្សាហកម្មរបស់ Bentley Systems ធ្វើជាម្ចាស់ផ្ទះនៃវគ្គពិភាក្សាអំពីទីក្រុងនានានៅក្នុងកម្មវិធី Year in Infrastructure 2025 នៅថ្ងៃពុធ ទី១៥ ខែតុលា នៅសណ្ឋាគារ Okura។ (រូបថតដោយ Bentley Systems)

បច្ចេកវិទ្យាមិនសំខាន់ដល់ផ្នត់គំនិតទេ

លោកស្រី Manou បានឱ្យដឹង ខណៈពេលដែលក្រុមហ៊ុន Bentley Systems កំពុងផ្តល់នូវឧបករណ៍ឌីជីថលដើម្បីធ្វើឱ្យការគ្រប់គ្រងទីក្រុងកាន់តែឆ្លាតវៃ និងងាយស្រួល ប៉ុន្តែអ្វីដែលសំខាន់បំផុតសម្រាប់ការកែលម្អគឺ «ផ្នត់គំនិត»។

លោកស្រី Manou បានថ្លែងថា៖ «ពិតណាស់ យើងផ្តល់ឧបករណ៍ឌីជីថលដើម្បីជួយដល់ទីក្រុង។ ប៉ុន្តែ ដំបូងយើងត្រូវដឹងថាទីក្រុងត្រូវការអ្វីខ្លះ បញ្ហាប្រឈមរបស់ពួកគេមានអ្វីខ្លះ ហើយហេតុអ្វីបានជាពួកគេចង់ប្រើប្រាស់បច្ចេកវិទ្យា។ បន្ទាប់មក យើងអាចផ្តល់ឱ្យពួកគេនូវឧបករណ៍សមស្របដើម្បីគ្របគ្រងបញ្ហាប្រឈមទាំងនោះ»។

«ប៉ុន្តែរឿងដែលសំខាន់បំផុតគឺ ផ្នត់គំនិតដែលប្រកបដោយភាពធន់ និងនិរន្តរភាព របស់មេដឹកនាំ និងប្រជាជននៅក្នុងប្រទេសទាំងនោះ។ ផ្នត់គំនិតប្រកបដោយភាពធន់នេះមិនមែនត្រឹមតែការកសាងហេដ្ឋារចនាសម្ព័ន្ធដែលអាចទ្រាំទ្រនឹងភាពមិនប្រាកដប្រជានៃអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែវាក៏ទាក់ទងនឹងការធានាថាហេដ្ឋារចនាសម្ព័ន្ធនោះមានសមធម៌ផងដែរ»។

លោកស្រី Manou បានពន្យល់ថា ការផ្តល់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយសមធម៌គឺជាគន្លឹះឆ្ពោះទៅរកទីក្រុងដែលគួររស់នៅ និងនិរន្តរភាព។ ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយសមធម៌ មានន័យថា យើងមិនមែនសង់ហេដ្ឋារចនាសម្ព័ន្ធដូចគ្នាសម្រាប់ទាំងអស់គ្នានោះទេ ប៉ុន្តែគឺការសង់ហេដ្ឋារចនាដែលឆ្លើយតបទៅនឹងតម្រូវការខុសៗគ្នារបស់ប្រជាជន។

លើសពីនេះ លោកស្រីបន្ថែមទៀតថា វាជារឿងស្រួលនៅពេលដែលយើងបានរៀបចំផែនការបានល្អពីដំបូងមុននឹងសង់ទីក្រុង ឧទាហរណ័ដូចជាទីក្រុងអាំស្ទែរដាំ (Amsterdam) ជាដើម រដ្ឋាភិបាលមានចក្ខុវិស័យច្បាស់លាស់ ហើយការអនុវត្តឧបករណ៍ឆ្លាតវៃមានភាពងាយស្រួលដែរ។

អ្នកចូលរួមម្នាក់កំពុងទស្សនា iLab នៅក្នុងកម្មវិធី Year in Infrastructure 2025 នៅសណ្ឋាគារ Okura ក្នុងទីក្រុង Amsterdam។ (រូបថតដោយ Bentley Systems)

ប៉ុន្តែសម្រាប់ទីក្រុងដែលមិនមែនការរៀបចំផែនការល្អពីដំបូង ឧទារហណ៍ដូចជាទីក្រុងភ្នំពេញ ការធ្វើឱ្យទីក្រុងប្រសើរឡើងគឺជារឿងដ៏ពិបាក ដោយសារទីក្រុងគឺចង្អៀត និងពេញទៅដោយហេដ្ឋារចនាសម្ព័ន្ធមានស្រាប់ទៅហើយ។ ប៉ុន្តែ ឧបករណ៍ឌីជីថលរបស់ Bentley គឺអាចជួយបាន។

ឧបករណ៍ឌីជីថលអាចជួយរួមបញ្ចូលទិន្នន័យគ្រប់យ៉ាងពីគ្រប់ស្ថាប័ន ដូចជា ផ្លូវ ទឹក ភ្លើង ខ្សែកាប រថភ្លើង ឡានក្រុង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ មកក្នុងកម្មវិធីតែមួយ។ បន្ទាប់វាអាចជួយវិភាគថា តើត្រូវធ្វើយ៉ាងណា​ ហើយធ្វើគម្រោងអ្វីខ្លះ ដើម្បីឱ្យប៉ះពាល់តិចតួច និងផ្ដល់ប្រយោជន៍ច្រើនបំផុត។

ឧទាហរណ៍ គំរូឌីថលភ្លោះ ឬ iTwin គឺកម្មវិធីដ៏ឆ្លាតវៃមួយដែលម្ចាស់ទីក្រុងអាចសាកអនុវត្តការងារណាមួយលើគម្រោងលើប្រព័ន្ធកុំព្យូទ័រ ប៉ុន្តែកម្មវិធីនឹងបំប្លែងការងារនោះឱ្យដូចនឹងការដ្ឋានពិតៗដូច្នោះដែរ។ នេះធ្វើឱ្យការត្រៀមធ្វើគម្រោងអ្វីមួយទៅដោយរលូន។

យ៉ាងណាក្ដី លោកស្រី Manou បានបញ្ជាក់ថា ទោះជាយើងធ្វើបានក៏ដោយ ប៉ុន្តែអ្វីដែលសំខាន់បំផុតគឺធ្វើឱ្យប្រទេសដែលមានទាន់ប្រើឧបករណ៍ទាំងនោះ ងាកមកប្រើ។ ផ្នត់គំនិត គឺសំខាន់ ពួកគេត្រូវតែចង់ប្រើវាដើម្បីដោះស្រាយបញ្ហាសិន។

«អ្វីដែលយើងអាចធ្វើបានគឺការការកសាងទំនុកចិត្ត ផ្ដល់ចំណេះដឹង អប់រំ និងពិសេសបង្ហាញឱ្យគេឃើញជាឧទាហរណ៍ថាបច្ចេកវិទ្យាពិតជាអាចជួយបានមែន។ នេះជាមូលហេតុដែល Bentley ធ្វើកម្មវិធី Year in Infrastructure និងកម្មវិធីអប់រំជាច្រើននៅទូទាំងពិភពលោក។ ជាបណ្តើរៗ ពួកគេនឹងយល់ និងចង់សាកល្បងប្រើឧបករណ៍ឌីជីថលទាំងនេះ»។

លោកស្រី Manou បានសង្កត់ធ្ងន់ថា ឧបករណ៍ឌីជីថលគឺស្មុគស្មាញនោះទេ ប៉ុន្តែយើងត្រូវតែបើកចិត្តប្រើវា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើអ៊ីតាលីប្រើ AI យ៉ាងដូចម្ដេច ដើម្បីសង់រូងក្រោមដីដែលគ្រោះថ្នាក់បំផុតបានជោគជ័យ?

ក្រុមហ៊ុន Italferr S.p.A. បានកំណត់បទដ្ឋានថ្មីមួយក្នុងសុ […]

ក្រសួង​ប្រៃសណីយ៍រៀបចំ​វេទិកា​រដ្ឋាភិបាល​ឌីជីថល​ និង​ពិព័រណ៍​បច្ចេកវិទ្យា​ឌីជីថល​ឆ្នាំ២០២៥ ដោយ​ជោគជ័យ

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបា […]

សរុបសមិទ្ធផលច្នៃប្រឌិតផ្នែកសំណង់សំខាន់ៗ ៣ របស់ Bentley Systems ក្នុងឆ្នាំ ២០២៥

ក្នុងឆ្នាំ ២០២៥ កន្លងមកនេះ ក្រុមហ៊ុន Bentley Systems បា […]

AI និង Volsung ជួយឱ្យគម្រោងរោងចក្រថាមពលកំដៅដែលត្រូវសង់ ៥ ឆ្នាំ​ រួញខ្លីត្រឹម ១២ ខែ

ក្រុមហ៊ុន Flux Energy Solutions កាលពីថ្មីៗ បានបញ្ចប់គម្ […]

តើ​និន្នាការ​បច្ចេកវិទ្យាថ្មីៗអ្វីខ្លះដែលបង្ហាញក្នុងកម្មវិធី Bentley Civil User 2025?

បន្ទាប់​ពី​ការ​ផ្អាក​រយៈពេល​ប្រាំពីរ​ឆ្នាំ សន្និសីទ​ Be […]