បារាំងបានជួយស្តារព្រែកចំនួន ១៥ នៅខេត្តកណ្តាល និងសង់ប្រព័ន្ធធារាសាស្ត្រធំៗជាច្រើន
តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD ប្រចាំកម្ពុជា បារាំងបានជួយកែលម្អ និងជួសជុលស្តារឡើងវិញនូវព្រែកបានចប់ជាស្ថាពរ ចំនួន១៥ ក្នុងខេត្តកណ្តាល និងបានសាងសង់ប្រព័ន្ធធារាសាស្រ្តធំៗក្នុងខេត្តមួយចំនួនទៀតចាប់ពីឆ្នាំ២០១៩ មកទល់បច្ចុប្បន្ននេះ។
នេះបើតាមការលើកឡើងក្នុងជំនួបរវាង ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងលោកស្រី Sandrine Boucher នាយិកាថ្មីរបស់ AFD កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។
ក្រោមគម្រោងកម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជា (WAT4CAM) ជំហានទី១ របស់ AFD ក្រុមការងារគម្រោង បានសាងសង់ប្រព័ន្ធធារាសាស្ត្រកង្ហតប្លុក A+B ក្នុងខេត្តបាត់ដំបងសម្រេចបានប្រមាណ ៣០% និងសាងសង់ប្រព័ន្ធធារាសាស្ត្រសករាជ និងអូរកំបោរ ក្នុងខេត្តព្រះវិហារ សម្រេចបាន១១%។
ជាមួយគ្នានេះ កិច្ចសន្យាចំនួន៣ នៃអនុគម្រោងខាងលើ ត្រូវបានដេញថ្លៃរួចរាល់ និងកំពុងបន្តកិច្ចដំណើរការចុះហត្ថលេខា ហើយ ៦អនុគម្រោងដទៃទៀត កំពុងដំណើរការដេញថ្លៃនៅឡើយ។
ក្នុងជំនួបនេះផងដែរ លោកស្រី Sandrine Boucher នាយិកាថ្មីរបស់ AFD ដោយត្រូវជំនួសលោកស្រី Ophile BOURHIS បានប្តេជ្ញាចិត្តក្នុងការបន្តអនុវត្តការងារលើវិស័យធនធានទឹក និងឧតុនិយម ដើម្បីលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា។
ភាគីទាំងពីរបានផ្តោតលើការរៀបចំគម្រោងអនុត្តរភាពប្រព័ន្ធធារាសាស្ត្រ សម្រាប់កិច្ចដំណើរការជំហានទី២ ដែលនឹងអនុវត្តក្នុងខេត្តដូចជា ខេត្តសៀមរាប ឧត្តរមានជ័យ ព្រះវិហារ បាត់ដំបង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ កណ្តាល និងខេត្តកំពង់ស្ពឺ ។

