ប្រជាជនហ្វីលីពីនភាគច្រើនភ័យខ្លាចផ្ទះងាយរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិ
ការស្ទង់មតិរបស់អង្គការហាវើដមនុស្សធម៌ ឬ Harvard Humanitarian Initiative (HHI) បានបង្ហាញថា ប្រជាជនហ្វីលីពីនភាគច្រើនបានទទួលរងការខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើនតាមរយៈគ្រោះមហន្តរាយធម្មជាតិ ឬខ្លាចទ្រព្យសម្បត្តិរបស់ពួកគេងាយទទួលរងគ្រោះពីមហន្តរាយធម្មជាតិ។
ក្នុងចំណោមប្រជាជនចំនួន ៤.៣៦៨ នាក់ដែលត្រូវបានសាកសួរនៅក្នុងឆ្នាំ ២០១៧ ការស្ទង់មតិបានរកឃើញថា ប្រហែល ៦៩ ភាគរយនៃក្រុមសេដ្ឋកិច្ចទាំំងអស់ជឿថាផ្ទះនិងសហគមន៍របស់ពួកគេ គឺ «ស្ថិតក្នុងហានិភ័យខ្ពស់បំផុតនៅពេលមានគ្រោះមហន្តរាយ» ច្រើនជាងទ្រព្យសម្បត្តិដទៃទៀត។
នៅក្នុងប្រទេសមួយដែលទទួលរងនូវព្យុះទីហ្វុងនិងទឹកជំនន់ជាញឹកញាប់នោះ មានប្រជាជនប្រមាណជា ៤២ភាគរយ បានរាយការណ៍ថា ផ្ទះរបស់ពួកគេត្រូវបានបំផ្លាញបន្តិចបន្តួច ខណៈដែល ១៦ ភាគរយ បាននិយាយថា ពួកគេត្រូវបានផ្លាស់ទីលំនៅយ៉ាងហោចណាស់មួយសប្តាហ៍ដោយសារគ្រោះមហន្តរាយធម្មជាតិ។
ស្ថានភាពនេះកាន់តែអាក្រក់សម្រាប់ប្រជាជនដែលរងផលប៉ះពាល់ ព្រោះថាមានតែ ៣ភាគរយ នៃផ្ទះទាំងអស់នៅប្រទេសហ្វីលីពីនប៉ុណ្ណោះដែលមានការធានារ៉ាប់រងលើផ្ទះសំបែង ដោយបន្សល់ទុកនូវ ៩៧ភាគរយផ្សេងទៀតត្រូវខាតបង់ផ្ទាល់ខ្លួនបន្ទាប់ពីគ្រោះមហន្តរាយធម្មជាតិ។

