ប្រតិភូតំណាងឱ្យក្រុមហ៊ុនជាង៨០ មកពីកាណាដា កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា
គណៈប្រតិភូមួយក្រុមតំណាងឱ្យក្រុមហ៊ុនជាង៨០ មកពីក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-កាណាដា (CABC) បានមកដល់ប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគដ៏មានសក្តានុពល។ ការប្រកាសនេះធ្វើឡើងក្នុងជំនួបរវាងឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងនៃគណៈកម្មាធិការវិនិយោគកម្ពុជា និងលោក Wayne Farmer ជាប្រធាន CABC នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។
ក្នុងជំនួបនោះ ឯកឧត្តម លឹម វិសាល បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកាណាដា ដោយសង្កត់ធ្ងន់លើចំណាប់អារម្មណ៍របស់ពួកគេក្នុងការយល់ដឹងអំពីទិដ្ឋភាពធុរកិច្ចរបស់កម្ពុជា។ លោកក៏បានទទួលស្គាល់ការគាំទ្ររបស់រដ្ឋាភិបាលកាណាដាក្នុងការផ្តល់នូវការអនុគ្រោះពាណិជ្ជកម្មដល់ប្រទេសអភិវឌ្ឍន៍តិចតួច រួមទាំងប្រទេសកម្ពុជាផងដែរ។ ការគាំទ្រនេះបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសកាណាដា។
ឯកឧត្តមសង្ឃឹមថាដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះនឹងចូលរួមចំណែកពង្រីកពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាបង្កើនការវិនិយោគរបស់ប្រទេសកាណាដានៅកម្ពុជា ខណៈបច្ចុប្បន្នមានក្រុមហ៊ុនកាណាដាមួយចំនួនបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ដូចជាធនាគារ National Bank of Canada ដែលជាម្ចាស់ភាគហ៊ុនរបស់ធនាគារ ABA និងក្រុមហ៊ុនធានារ៉ាប់រង Manulife ជាដើម។
ដោយឡែក លោក Wayne Farmer បានឆ្លើយតបដែរថា គណៈប្រតិភូនាដែលចូលរួមនេះ មានប្រមាណជាង៨០ក្រុមហ៊ុន មានចំណាប់អារម្មណ៍ខ្ពស់លើឱកាសពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។
ទន្ទឹមនឹងនេះ លោកបានកោតសរសើរភាពជោគជ័យរបស់ក្រុមហ៊ុនកាណាដានៅកម្ពុជា និងបានសន្យាថានឹងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការវិនិយោគរបស់កាណាដាមកកម្ពុជាបន្ថែមទៀត។
ជាចុងក្រោយនោះ លោកបានអញ្ជើញតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចូលរួមវេទិកាធុរកិច្ច និងវិនិយោគកាណាដា-អាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួ នៅខែកញ្ញាខាងមុខ និងវេទិកាភាពជាដៃគូរដ្ឋ-ផ្នែកឯកជនលើវិស័យហេដ្ឋារចនាសម្ព័ន្ធកាណាដា នៅទីក្រុង តូរ៉ុនតូ នាចុងឆ្នាំនេះផងដែរ។
គួរបញ្ជាក់ថា កាណាដា បានតម្លើងបេសកកម្មការទូតរបស់ខ្លួននៅរាជធានីភ្នំពេញ ទៅជាស្ថានទូតពេញលេញកាលខែមីនា ឆ្នាំ២០២៥ ដើម្បីពង្រឹងការប្តេជ្ញាចិត្តរយៈពេលវែងរបស់ខ្លួនចំពោះប្រទេសកម្ពុជា និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងមូល។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ កន្លងទៅ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងកាណាដា បានកើនដល់ ២,៤ ប៊ីលានដុល្លារ ដោយប្រទេសកាណាដាឈរនៅលំដាប់ទី ៤ នៃទីផ្សារនាំចេញសម្លៀកបំពាក់ និង វាយនភណ្ឌរបស់កម្ពុជា។
ក្នុងនោះ ការនាំចេញរបស់ប្រទេសកាណាដាមកកាន់កម្ពុជាមានតម្លៃសរុប ៣៣,៥លានដុល្លារ ក្នុងឆ្នាំ២០២៤ ខណៈការនាំចូលមានតម្លៃសរុប ២,៣ប៊ីលានដុល្លារ ហើយការវិនិយោគដោយផ្ទាល់របស់កាណាដានៅកម្ពុជា បានកើនដល់ ២,៩ប៊ីលានដុល្លារផងដែរ។
- Video Advertisement -