ប្រព័ន្ធរំដោះទឹកស្ដង់ដាជប៉ុនក្នុងខណ្ឌដូនពេញ នឹងដាក់ដំណើរការ នៅថ្ងៃសុក្រនេះ

ប្រព័ន្ធរំដោះទឹក ដែលសាងសង់ក្រោមជំនួយរបស់ប្រទេសជប៉ុន ស្ថិតក្នុងខណ្ឌដូនពេញ គ្រោងនឹងដាក់ដំណើរការនៅថ្ងៃសុក្រសប្តាហ៍នេះហើយ។ ក្រោយដាក់ដំណើរការ គម្រោងប្រព័ន្ធនេះនឹងអាចបញ្ឈប់ការលិចលង់ក្នុងតំបន់ខណ្ឌដូនពេញ និងតំបន់ជុំវិញបានមួយកម្រិតធំ។

មន្ទីរសាធារណការរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា បច្ចុប្បន្នការសាងសង់ប្រព័ន្ធរំដោះទឹកនេះ សម្រេចការបាន ៩៨% ដោយការដាក់លូមេ និងលូប្រអប់ខ្នាតធំអង្កត់ផ្ចិតប្រវែង ១.៥-២.៣ម៉ែត្រ ក៏រួចរាល់ស្ទើរទាំងស្រុកហើយដែរ។ (អានបន្ថែម)

គម្រោងប្រព័ន្ធរំដោះទឹកនេះ មានអាងក្រោមដី ដែលស្តុកទឹកបាន ៦៥,០០០ម៉ែត្រគូប និងស្ថានីយ៍បូមទឹកថ្មី ដែលអាចបូមទឹកក្នុងទំហំ ១.៤ម៉ែត្រគូប ក្នុងមួយវិនាទី ។

គម្រោងនេះ នឹងអាចបញ្ឈប់ការលិចទឹកនៅតំបន់ជុំវិញ និងខាងជើងវត្តភ្នំ រួមមានផ្លូវលេខ៤៧ ផ្លូវលេខ៩០ និងផ្លូវលេខ៩២ ជាដើម។

សូមជម្រាបថា ការសាងសង់ប្រព័ន្ធរំដោះទឹកជំនន់នេះ បានចាប់ផ្តើមកាលពីដើមខែមីនា ឆ្នាំ២០១៩។ គម្រោងនេះស្ថិតក្នុងចំណោមគម្រោងការពារទឹកជំនន់ចំនួន៦ ដែលមានទឹកប្រាក់សរុប៣៦លានដុល្លារ ក្រោមជំនួយហិរញ្ញប្បទាន់របស់រដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA៕

- Video Advertisement -