ប្រលានយន្តហោះភ្នំពេញ នឹងសង់បន្ថែម៣០ចំណតទៀតសម្រាប់យន្តហោះប្រភេទCនៅក្នុងខែធ្នូ

ក្រុមហ៊ុន​​អាកាសចរណ៍ Cambodia Airports ទើប​តែបានសម្ពោធដាក់ឱ្យប្រើប្រាស់ចំណតយន្តហោះថ្មី B នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីថ្ងៃទី៨ វិច្ឆិកាកន្លងទៅ ដោយចំណាយទឹកប្រាក់ប្រមាណ ៨លានដុល្លារ ហើយវាជាចំណតយន្តហោះដែលអាចចតយន្តហោះប្រភេទC បានចំនួន ១២គ្រឿង។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Cambodia Airports ចំណតទាំងនេះនឹងត្រូវដាក់ប្រើជាចម្បងសម្រាប់ចតយន្តហោះដែលត្រូវការចតរយៈពេលយូរ ហើយនៅក្នុង​ខែធ្នូ ចំណត​នឹង​កើន​ឡើង​៣០ ទៀតសម្រាប់យន្តហោះប្រភេទC ពោលគឺ​ប្រលាន​យន្តហោះអន្តរជាតិភ្នំពេញនឹងមានចំណតសរុប ៤២ ដើម្បី​ទ្រទ្រង់កំណើនចរាចរណ៍បន្ថែមទៀតសម្រាប់ឆ្នាំក្រោយ។

ប្រភពខាងលើ​បន្តថា ចំណត​ថ្មីនេះប្រើសម្រាប់យន្តហោះប្រភេទ C ដូចជា A320 និង B737 ដែលជាប្រភេទយន្តហោះចាប់ពីខ្នាតតូច រហូតដល់ មធ្យម។

ដោយសារតែប្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង ភាគច្រើនប្រើសម្រាប់យន្តហោះខ្នាតតូចនិងមធ្យម ហើយ​នេះក៏ទំនងជាហេតុផលដែលគម្រោងព្រលានយន្តហោះថ្មីភ្នំពេញតម្លៃ ១,៥ប៊ីលានដុល្លារ ស្ថិតក្នុងខេត្តកណ្តាល និងតាកែវទំហំ ២៦០០ហិចតា ត្រូវ​បានគ្រោង​សាងសង់​ឡើង។

បើតាមអ្នកនាំពាក្យអាកាសចរស៊ីវិលបានប្រាប់ AKP ​កាលពីពេលកន្លេងទៅថា នៅពេលប្រលានយន្តហោះថ្មីនេះសាងសង់រួចរាល់ វានឹងអាចប្រើប្រាស់សម្រាប់ឱ្យយន្តហោះធុនធំហោះហើរផ្លូវឆ្ងាយ រយៈពេលពី១២ ដល់ ១៦ម៉ោង ដូចជាទៅបារាំង ឬសហរដ្ឋអាមេរិក ឬ អាចហោះហើរចេញ និងចុះចត​ក្នុងពេលតែមួយ ហើយ​ប្រលានយន្តហោះដែលមានទំហំរាប់ពាន់ហិចតានេះនឹងអាចប្រឡងប្រណាំងជាមួយប្រលានយន្តហោះសិង្ហបុរី ឬ សុវណ្ណភូមិរបស់ថៃបាន។

បច្ចុប្បន្ន ប្រលានយន្តហោះទាំង៣របស់កម្ពុជា គឺប្រលានយន្តហោះអន្តរជាតិភ្នំពេញ សៀមរាប និង ខេត្តព្រះសីហនុ បានហោះហើរទៅកាន់ទីតាំង៥៥គោលដៅ សរុបប្រមាណ ៧០០ ជើងហោះហើរក្នុង១សប្តាហ៍ ហើយកាលពីឆ្នាំ ២០១៧ អ្នកធ្វើដំណើរតាមជើងយន្តហោះឆ្លងកាត់ប្រទេសកម្ពុជាមានចំនួន ៨,៨លាន​នាក់​។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Cambodia Airports៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]