ប្រាក់ចំណេញរបស់ NagaCorp សម្រាប់ឆ្នាំ ២០២០ ធ្លាក់ចុះប្រមាណជាង ៨០%

NagaCorp បានប្រកាសកាលពីថ្មីៗនេះថា ប្រាក់ចំណេញសុទ្ធសម្រាប់ឆ្នាំ ២០២០ របស់ខ្លួនមានប្រមាណ ១០២,៣ លានដុល្លារ ដែលធ្លាក់ចុះជាង ៨០% បើប្រៀបធៀបទៅនឹងប្រាក់ចំណេញសុទ្ធក្នុងឆ្នាំ ២០១៩។ មូលហេតុចំបងគឺដោយសារតែ ក្រុមហ៊ុនបានបិទបណ្ដោះអាសន្នពីខែមេសាដល់ខែកក្កដា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុនដែលបានចេញផ្សាយនៅថ្ងៃទី ៨ ខែមីនា កន្លងមកនេះ ប្រាក់ចំណូលសរុបក្នុងឆ្នាំ ២០២០ មានប្រមាណ ៨៧៨ លានដុល្លារ។ តួលេខនេះ ធ្លាក់ចុះ ៤៩,៩% បើធៀបនឹងឆ្នាំ ២០១៩ ដែលប្រាក់ចំណូលមានដល់ ១,៧៦ ពាន់លានដុល្លារ។

បើគិតជាផ្នែក ចំណូលភាគច្រើនបានមកពីតុល្បែង (៧៨០ លានដុល្លារ) ចំណូលបន្ទាប់បានពីម៉ាស៊ីនលេងល្បែងអេឡិចត្រូនិច (៨២ លានដុល្លារ) ហើយចំណូលពីបន្ទប់សណ្ឋាគារ ភោជនីយដ្ឋាន និងចំណូលផ្សេងៗទៀតមាន ៩,១ លានដុល្លារ។

ទោះបីជាមានការធ្លាក់ចុះនៃប្រាក់ចំណេញក៏ដោយ NagaCorp ជឿជាក់ថាលទ្ធផលហិរញ្ញវត្ថុនៅឆ្នាំ ២០២០ គឺនៅតែល្អ ព្រោះជាឆ្នាំដែលគ្រប់គ្នារងសម្ពាធ។ នេះក៏ដោយសារតែក្រុមហ៊ុន អាចប្រតិបត្តិការដោយប្រក្រតីក្នុង ត្រីមាសទី ១ ក៏ដូចជារយៈពេលពី ខែកក្កដា រហូតដល់ខែធ្នូឆ្នាំ ២០២០។

ក្រុមហ៊ុនក៏ជឿជាក់ថាអាជីវកម្មរបស់ខ្លួននឹងប្រសើរឡើងវិញនៅពេលអនាគតដ៏ខ្លី ដោយសារទូទាំងពិភពលោកបានចាប់ផ្ដើមចាក់វ៉ាក់សាំងហើយ ដែលជាកត្តាជួយជំរុញឱ្យសេដ្ឋកិច្ចនិងវិស័យទេសចរណ៍ឱ្យវិលមករកភាពដើមវិញ។

របាយការណ៍ដដែលក៏បានបន្ថែមថា Naga 3 នឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៥។ បូកបញ្ចូល Naga ទាំង៣ ក្រុមហ៊ុននឹងមានមានបន្ទប់សណ្ឋាគារសរុប ៥ ០០០ បន្ទប់ តុលេងល្បែង ១ ៣០០ និងម៉ាស៊ីនលេងល្បែង ៤ ៥០០ ម៉ាស៊ីន។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ០១ ខែមីនា កន្លងមកនេះ NagaCorp បានប្រកាសបិទកាស៊ីណូបណ្ដោះអាសន្នម្ដងទៀត ក្រោយបុគ្គលិកចំនួន ១១ នាក់បានធ្វើតេស្តិ៍វិជ្ជមាន។ (អានបន្ថែម)

- Video Advertisement -