ប្លង់មេព្រលានយន្តហោះភ្នំពេញថ្មីសម្រេចបាន៦០%ហើយ

ការរចនាប្លង់ស្ថាបត្យកម្មនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីដែលមានទឹកប្រាក់វិនិយោគប្រមាណជា ១,៥ ពាន់លានដុល្លារអាមេរិកស្ថិតនៅខេត្តកណ្តាល បានសម្រចរួចរាល់ ៦០ភាគរយហើយ ដោយការសាងសង់ក៏កំពុងខិតជិតមកដល់ផងដែរ។ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន Cambodia Airport Investment Co., Ltd.។

ថ្លែងកាលពីថ្ងៃទី ០៩ ខែមករា នៅឯវិមានកាណាឌីយ៉ា លោក Yee Con Long គណៈកម្មាធិការដឹកនាំគម្រោងនៃក្រុមហ៊ុន Cambodia Airport Investment បានមានប្រសាសន៍ថា វឌ្ឍនភាពនៃការរៀបចំប្លង់ស្ថាបត្យកម្មនៃអាកាសយានដ្ឋានបច្ចុប្បន្ននេះ គឺសម្រេចបាន ៦០ភាគរយ ដោយមានអ្នកដេញថ្លៃចំនួន ៣ក្រុមហ៊ុន ត្រូវបានជ្រើសរើស ក្នុងចំណោមបេក្ខភាពចំនួន ៥ក្រុមហ៊ុន ដែលភាគច្រើនគឺមកពីសហគ្រាសចិន។

លោក Yee Con Long បានបញ្ជាក់ថា៖ «កាលពីម្សិលមិញ [៨ មករា] យើងទើបតែមើលការធ្វើបទបង្ហាញចុងក្រោយដោយអ្នកដេញថ្លៃដែលបានជ្រើសរើស ដូច្នេះក្នុងចំណោម ៥ ក្រុមហ៊ុន យើងបានជ្រើសរើស ៣ក្រុមហ៊ុន បន្ទាប់មក នៅថ្ងៃទី ២០ ខែមករា យើងនឹងចេញលិខិតប្រគល់សិទិ្ធដល់អ្នកម៉ៅការសម្រាប់ការសាងសង់»។

បើតាមលោក Yee Con Long អាកាសយានដ្ឋានដែលលាតសន្ធឹងលើផ្ទៃដី ២,៦០០ ហិកតានេះ នឹងត្រូវបែងចែកជា ៣ដំណាក់កាល ដែលដំណាក់កាលដំបូងគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២២។

លោកថ្លែងថា៖ “យើងនឹងចាប់ផ្តើមសាងសង់នៅតំបន់នោះ ដូច្នេះផែនការគ្រោងនឹងបញ្ចប់រាល់អ្វីៗគ្រប់យ៉ាងនៅខែកក្កដាឆ្នាំ ២០២២ ហើយបន្ទាប់មក យើងនឹងធ្វើការតេស្តសាកល្បងនិងប្រគល់ទទួល មុននឹងធ្វើការផ្ទេរបច្ចេកវិទ្យាប្រតិបត្តិការនៃព្រលានយន្តហោះនេះ”។

លោកបានបន្ថែមថា៖ “យើងនឹងចំណាយពេល ៦ខែ ក្នុងការតេស្តនិងប្រគល់ទទួលនេះ ដូច្នេះគោលដៅក្នុងការដាក់ឲ្យដំណើរការគឺនៅខែមករា ឆ្នាំ២០២៣ ដោយនេះគឺជាគម្រោងដែលមានល្បឿនលឿន ដូច្នេះពីពេលនេះទៅយើងនឹងចំណាយពេលរហូតដល់ខែធ្នូ ឆ្នាំ២០២២ ដូច្នេះវាមានរយៈពេល ៣ឆ្នាំ ដែលយើងត្រូវបញ្ចប់ដំណាក់កាលទី១ នៃព្រលានយន្តហោះ”។

លោក Yee Con Long បានឲ្យដឹងថា អាកាសយានដ្ឋានថ្មីនេះ នឹងមានសមត្ថភាពផ្ទុកអ្នកដំណើរបានចំនួន ២៧ លាននាក់នៅឆ្នាំ ២០៣០ ហើយនៅឆ្នាំ ២០៥០ វានឹងអាចផ្ទុកអ្នកដំណើររហូតដល់ ៣០លាននាក់ស្របតាមផែនការមេ។

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី គឺជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន OCIC និងអគ្គលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​កម្ពុជា។ (អាន​បន្ថែម)

អាកាសយានដ្ឋាននេះ ក៏នឹងមានតំបន់សេដ្ឋកិច្ចលាតសន្ធឹងលើផ្ទៃដីជាង ១០០០ហិកតា និងមានអគារពាណិជ្ជកម្មក៏ដូចជាគម្រោងលំនៅដ្ឋានតម្លៃសមរម្យផងដែរ។ (អាន​បន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]