ផែរណបសំខាន់ៗ ៣ នៅភ្នំពេញ ត្បូងឃ្មុំ និងព្រៃវែង សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ
ចំណតផែរណបពហុបំណងចំនួន ០៣ទីតាំង របស់កំពង់ផែស្វយ័តភ្នំពេញ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។
ចំណតផែរណបពហុបំណងទាំង ០៣ទីតាំងនេះ របស់កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) រួមមាន TS១១(នៅរាជធានីភ្នំពេញ), UM២(ស្ថិតក្នុងខេត្តត្បូងឃ្មុំ) និង LM២៦(ស្ថិតក្នុងខេត្តព្រៃវែង)។
ក្នុងនោះ ចំណតផែរណបពហុបំណង TS១១ មានទីតាំងស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កើតចេញពីការសហការវិនិយោគរវាង ក.ស.ភ. ជាមួយក្រុមហ៊ុន PTLS Cooperation Co., Ltd. លើផ្ទៃដីទំហំ ៤ហិកតា។ គោលបំណងនៃការបង្កើតចំណតផែរណបពហុបំណង TS១១ ដើម្បីប្រតិបត្តិការផ្ទេរ-ផ្ទុក លើកដាក់ កុងតឺន័រ និងទំនិញរាយ ដូចជា គ្រឿងសំណង់ ដែក ថ្មម៉ាប ដំឡូងមី។ល។
ចំពោះចំណតផែរណបពហុបំណង UM២ មានទីតាំងស្ថិតនៅ ភូមិដូនម៉ៅលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ។ ចំណតផែរណបពហុបំណង UM២ គឺកើតចេញពីការសហការវិនិយោគរវាង ក.ស.ភ. ជាមួយក្រុមហ៊ុន PTLS Cooperation Co., Ltd. លើផ្ទៃដីទំហំ ១៦,៣ហិកតា។ គោលបំណងនៃការបង្កើតចំណត ផែរណបពហុបំណង UM២ ដើម្បីប្រតិបត្តិការផ្ទេរ-ផ្ទុក លើកដាក់ កុងតឺន័រ និងទំនិញរាយ ដូចជា គ្រឿងសំណង់ ចំណីសត្វ សសរគ្រឹះបេតុង ដែក កៅស៊ូ ស្រូវ ផលិតផលកសិផលផ្សេងទៀត។
ដោយឡែកចំណតផែរណបពហុបំណង LM២៦ មានទីតាំងស្ថិតនៅ ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង មានផ្ទៃដី ទំហំ ១៨,៦ហិកតា។ បច្ចុប្បន្នចំណតផែរណបពហុបំណងនេះ បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ដោយប្រើប្រាស់ប្រភពទុនវិនិយោគផ្ទាល់របស់ក.ស.ភ.។ គោលបំណងនៃការបង្កើតចំណតផែរណបពហុបំណង LM២៦ គឺដើម្បីបម្រើដល់ប្រតិបត្តិការផ្ទេរ-ផ្ទុក លើកដាក់ កុងតឺន័រ និងទំនិញរាយ ដូចជា គ្រឿងសំណង់ ធ្យូងថ្ម ទំនិញកសិផល ដូចជា ស្រូវ អង្ករ ពោត ដំឡូងមី កៅស៊ូ ម្រេច ជាដើម។
ក្រៅពីនេះ ថ្លែងក្នុងពិធីសម្ពោធខាងលើ ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសហការគ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សិក្សារៀបចំផែនការមេ និងក្របខណ្ឌអភិវឌ្ឍន៍គ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេ និងការតភ្ជាប់បណ្តាញប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកទន្លេជាមួយផ្លូវសមុទ្រ រួមទាំងមណ្ឌលអាជីវកម្មអាទិភាពសម្រាប់ប្រតិបត្តិការអាជីវកម្មកំពង់ផែផងដែរ។
ទន្ទឹមនឹងនេះ ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បាននិងកំពុងចូលរួមសិក្សា និងរៀបចំផែនការមេអភិវឌ្ឍន៍កំពង់ផែ និងមជ្ឈមណ្ឌលភស្ដុភារកម្មនៅក្រុងព្រះសីហនុ ដើម្បីជំរុញលើកកម្ពស់ការអភិវឌ្ឍវិស័យកំពង់ផែនៅកម្ពុជាផងដែរ។







- Video Advertisement -