ផ្លូវជាតិលេខ៥ ប្រវែង ៣៣១គ.ម នឹងបញ្ចប់ក្នុងឆ្នាំ២០២៣ ខណៈ៣៥គ.មចុងក្រោយនឹងបញ្ជប់នៅឆ្នាំ២០២៥
ផ្លូវជាតិលេខ៥ មានប្រវែងសរុប ៣៦៦គីឡូម៉ែត ហើយត្រូវបានបែកចែកជា ៣ភាគ ដើម្បីធ្វើការសាងសង់ ក្នុងនោះរួមមាន ភាគខាងត្បូង ភាគកណ្តាល និងភាគខាងជើង មានប្រវែងសរុប ៣៣១គ.ម ដែលត្រូវបញ្ជប់ការសាងសង់ទាំងស្រុង និងសម្ពោធបើកឱ្យដំណើរការនៅពាក់កណ្តាល ឆ្នាំ២០២៣នេះ ដោយឡែកនៅមានកំណាត់ចុងក្រោយ ៣៥គ.ម អាចនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥។
នេះបើយោងតាមប្រសាសន៍ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ។
ឯកឧត្តមបញ្ជាក់ថា ផ្លូវជាតិលេខ៥ ត្រូវបានបែកចែកជា ៣ភាគ ក្នុងការសាងសង់ ទី១-ភាគខាងត្បូង ពីព្រែកក្តាម-ធ្លាម្អម មានប្រវែង ១៣៥,២៥ គ.ម សម្រេច៩៨% _ ទី២-ភាគកណ្តាលពីធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត មានប្រវែង ១៤៦,០៤ គ.ម សម្រេច៦៩% _ទី៣-ភាគខាងជើង ពីបាត់ដំបង-សិរីសោភ័ណ មានប្រវែង ៨៤,៧៤ គ.ម សម្រេច១០០% ខណៈពីក្រុងសិរីសោភ័ណ ទៅក្រុងប៉ោយប៉ែត មានប្រវែង ៣៥គ.ម ចុងក្រោយ អាចនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥។
ឯកឧត្តមបន្ថែមថា ក្រសួងបានស្នើឱ្យក្រុមហ៊ុនសាងសង់ពន្លឿនបញ្ចប់ការងារ ដើម្បីឈានទៅបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ។
ឯកឧត្តមបន្តថា «យើងខ្ញុំកំពុងជំរុញក្រុមហ៊ុនសាងសង់ឲ្យធ្វើឲ្យបានចប់ ដើម្បីធ្វើលិខិតស្នើសុំទៅកាន់សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ចាប់ពីព្រែកក្តាម មកកាន់ប៉ោយប៉ែត និងមកបាត់ដំបង។ គ្រោងនឹងសម្ពោធនៅពាក់កណ្ដាលខែ ឬអាទិត្យទី៣ នៃខែមិថុនាខាងមុខនេះហើយ»។
គួររម្លឹកថា កំណត់ផ្លូវជាតិលេខ៥ តភ្ជាប់ពីបាត់ដំបង-សិរីសោភ័ណ្ឌ ប្រវែង ៨៤,៧៤ គីឡូម៉ែត្រត្រូវបានបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការរួចរាល់ហើយ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន កាលពីខែមករា ឆ្នាំ២០២២ កន្លងមក។ (អានបន្ថែម)
យ៉ាងណាក្តី ផ្លូវជាតិលេខ៥ កំណាត់ចុងក្រោយពីសិរីសោភ័ណ-ប៉ោយប៉ែត ដែលមានប្រវែង ៣៥គ.ម នឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៥ ខាងមុខ ខណៈសព្វថ្ងៃនេះការដ្ឋានសាងសង់និងពង្រីកកំណាត់ផ្លូវនេះកំពុងដំណើរការទៅជាធម្មតា។ ឯកឧត្តមទេសរដ្ឋមន្រ្តីបញ្ជាក់ថា កំណត់ផ្លូវចុងក្រោយនេះសាងសង់យឺតជាងកំណត់ផ្លូវផ្សេងទៀត ដោយសារទើបតែត្រូវបានដាក់ដេញថ្លៃ ហើយចាប់ផ្ដើមសាងសង់ក្រោយគេ។
- Video Advertisement -