ផ្លូវដែកល្បឿនលឿនភ្ជាប់ម៉ាឡេស៊ី-ចិន ឆ្លងកាត់អាស៊ាន តម្លៃប្រមាណ $១៨ពាន់លាន គ្រោងសង់នៅចុងឆ្នាំនេះ
ប្រភពព័ត៌មានច្បាស់ការបានឱ្យដឹងថា គម្រោងផ្លូវដែកល្បឿនលឿន (HSR) របស់ប្រទេសម៉ាឡេស៊ី ដែលតភ្ជាប់ទីក្រុងគូឡាឡាំពួ និងសិង្ហបុរី ដែលជាគម្រោងមានសក្តានុពលក្នុងការពង្រីកខ្សែរថភ្លើងបន្តទៅកាន់ប្រទេសចិនឆ្លងកាត់អាស៊ាន បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលវាយតម្លៃសំណើសាងសង់ពីក្រុមហ៊ុនឯកជន និងគ្រោងចាប់ផ្តើមដំណើរការសាងសង់នៅចុងត្រីមាសទី៤ ឆ្នាំ ២០២៤។ តម្លៃវិនិយោគសរុបនៃគម្រោងនេះ បានថយចុះមកត្រឹមចន្លោះពី ១៥,៧ ពាន់លានដុល្លារ ទៅ ១៨ពាន់លានដុល្លារ ពីការព្យាករដើមចំនួន ២៤,៧ ពាន់លានដុល្លារ ទោះយ៉ាងណាក្តី តួលេខទាំងនេះ នឹងអាចកែប្រែជាថ្មីទៀត ដោយផ្អែកលើកត្តាដូចជាការតម្រឹមផ្លូវរថភ្លើង និងតម្រូវការហេដ្ឋារចនាសម្ព័ន្ធ នេះបើយោងតាមសារៈព័ត៌មាន NST ចុះថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២៤។
លោកបណ្ឌិត យាយ គឹមឡេង សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៅសាលាធុរកិច្ច Sunway University បានសង្កត់ធ្ងន់ថា ការចូលរួមរបស់សិង្ហបុរីមានសារៈសំខាន់សម្រាប់ភាពជោគជ័យនៃគម្រោងនេះ ដោយកត់សម្គាល់ថា ការតភ្ជាប់ផ្លូវដែកទៅកាន់ប្រទេសចិនតាមរយៈប្រទេសថៃកំពុងស្ថិតក្រោមការពិចារណារួចហើយ ដោយប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកដែលមានស្រាប់។ គម្រោងអភិវឌ្ឍន៍នេះ នឹងក្លាយជាធាតុផ្សំដ៏សំខាន់នៃបណ្តាញផ្លូវដែក Pan Asian ដ៏ទូលំទូលាយគ្របដណ្តប់លើផ្ទៃប្រទេសអាស៊ានទាំងមូល ជាមួយនឹងផលប៉ះពាល់ជាវិជ្ជមានសម្រាប់បង្កើនសកម្មភាពសេដ្ឋកិច្ចទូទាំងតំបន់អាស៊ី។
លោកបណ្ឌិត Yeah បានគូសបញ្ជាក់ថា បណ្តាញផ្លូវដែកល្បឿនលឿនអាស៊ីកំពុងដំណើរការជាបណ្តើរៗ ដោយគម្រោងនានាក្នុងប្រទេសឡាវបានបញ្ចប់រួចរាល់ហើយ ហើយទាំងប្រទេសថៃ និងវៀតណាមបានអនុវត្តយ៉ាងសកម្មនូវគំនិតផ្តួចផ្តើមផ្លូវដែកល្បឿនលឿនផ្ទាល់ខ្លួនរបស់ពួកគេ។
ចំណែកលោក Samuel Tan ទីប្រឹក្សាជាន់ខ្ពស់បានគូសបញ្ជាក់អំពីសក្តានុពលផ្លាស់ប្តូរដ៏ធំធេងនៃគម្រោង KL-Singapore HSR នេះ ទៅលើវិស័យដឹកជញ្ជូន និងទិដ្ឋភាពអចលនទ្រព្យរបស់ប្រទេសម៉ាឡេស៊ី។ លោកបានកត់សម្គាល់ថា “គម្រោងនេះអាចបង្កើតប្រទេសម៉ាឡេស៊ីជាមជ្ឈមណ្ឌលសំខាន់មួយនៅក្នុងបណ្តាញផ្លូវដែក Pan Asian ដែលតភ្ជាប់អាស៊ីអាគ្នេយ៍ទៅកាន់ប្រទេសចិន និងអឺរ៉ុប ដោយហេតុនេះអាចទាក់ទាញអ្នកវិនិយោគកាន់តែច្រើនដោយសារការតភ្ជាប់ផ្លូវដែកដែលមានលក្ខណៈទំនើបភាវូបនីយកម្ម។”
រដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ី លោក Anthony Loke Siew Fook បានសម្តែងសុទិដ្ឋិនិយមថា “ការចរចាជាមួយសិង្ហបុរីនឹងចាប់ផ្តើមនៅពេលដែលការសម្រេចចិត្តគោលនយោបាយត្រូវបានធ្វើឡើង។ ក្រុមហ៊ុនសាជីវកម្ម MyHSR ដែលទទួលខុសត្រូវចំពោះការអភិវឌ្ឍន៍គម្រោងនេះ បានទទួលសំណើគំនិតពីសម្ព័ន្ធក្នុងស្រុក និងអន្តរជាតិចំនួនប្រាំពីរកាលពីដើមឆ្នាំនេះ ដោយក្នុងនោះ មានក្រុមហ៊ុនចំនួនបីត្រូវបានជ្រើសរើសក្នុងបញ្ជីសម្រាំង រួមមាន៖ ក្រុមហ៊ុនដែលដឹកនាំដោយ YTL Construction Sdn Bhd ក្រុមហ៊ុន Berjaya Rail Sdn Bhd និងសហគ្រាសរដ្ឋរបស់ចិន China Railway Construction។”
រដ្ឋាភិបាលម៉ាឡេស៊ីបានប្តេជ្ញាចិត្តក្នុងការធានាថាគម្រោង HSR ត្រូវបានគ្រប់គ្រងដោយសម្ព័ន្ធដែលមានកម្មសិទ្ធិរបស់ម៉ាឡេស៊ីយ៉ាងហោចណាស់ 51 ភាគរយ ដែលឆ្លុះបញ្ចាំងពីសារៈសំខាន់ជាយុទ្ធសាស្រ្តរបស់ម៉ាឡេស៊ីលើប្រតិបត្តិការនិងកម្មសិទ្ធិគម្រោង។
គួររំលឹកថា គម្រោងនេះ ត្រូវបានស្នើឡើងដំបូងកាលពីជាង ២០ ឆ្នាំមុនដោយក្រុមហ៊ុន YTL Group ក្នុងតម្លៃប៉ាន់ស្មាន ១,៧ពាន់លានដុល្លារ តែក្រោយមកត្រូវបានពន្យារពេល។ ចុងក្រោយត្រូវបានពន្យារពេលក្នុងខែធ្នូ ឆ្នាំ 2020 ដែលជាលទ្ធផលប្រទេសម៉ាឡេស៊ីបានបង់ប្រាក់សំណងជាង ៧៥ លានដុល្លារទៅសិង្ហបុរី។
គេត្រូវរង់ចាំរហូតដល់ មានគំនិតផ្តួចផ្តើមសាជាថ្មីលើគម្រោង HSR នេះ បន្ទាប់ពីការបោះឆ្នោតសកលឆ្នាំ ២០២២ និងការចូលរួមការទូតរបស់នាយករដ្ឋមន្ត្រី Anwar ជាមួយសិង្ហបុរី។ លោកបណ្ឌិត Ahmed Razman Abdul Latif សាស្ត្រាចារ្យរងនៅសាលាពាណិជ្ជកម្ម Putra បានលើកឡើងពីអត្ថប្រយោជន៍សេដ្ឋកិច្ចរបស់គម្រោង HSR ក្នុងការលើកកម្ពស់ចលនានៃមូលធនមនុស្សនៅក្នុងបណ្តាប្រទេសក្នុងតំបន់អាស៊ាន។ ទោះជាយ៉ាងណាក៏ដោយ លោកបានក្រើនរំលឹកថា “ការចំណាយខ្ពស់របស់គម្រោងនេះនៅតែជាឧបសគ្គដ៏សំខាន់ រួមជាមួយនឹងបញ្ហាអភិបាលកិច្ចដែលទាក់ទងនឹងការគ្រប់គ្រង និងប្រតិបត្តិការនៃការគ្រប់គ្រងទ្រព្យសម្បត្តិជាតិ និងការចែកផលប្រយោជន៍សំខាន់ៗរបស់ប្រទេសចូលរួមនីមួយៗ។”
ទន្ទឹមនឹងពេលដែលរដ្ឋាភិបាលម៉ាឡេស៊ីកំពុងថ្លឹងថ្លែងជម្រើសនិងផលប្រយោជន៍របស់ខ្លួនក្នុងការបន្តគម្រោងនេះ ការពង្រីកសក្តានុពលនៃខ្សែរថភ្លើង HSR ទៅកាន់ប្រទេសចិនអាចបើកឱកាសសេដ្ឋកិច្ចថ្មី ដោយពង្រឹងជំហររបស់អាស៊ីអាគ្នេយ៍បន្ថែមទៀត ហើយនៅពេលសម្រេចបានជោគជ័យ គម្រោងនេះ នឹងប្រែក្លាយប្រទេសអាស៊ាន ទៅជាចំណុចយុទ្ធសាស្ត្រដ៏សំខាន់នៅក្នុងបណ្តាញដឹកជញ្ជូនពិភពលោក៕
- Video Advertisement -