ផ្លូវល្បឿនលឿន នឹងបញ្ចប់ខែកញ្ញា ២០២២ ខណៈរដ្ឋកំពុងស្នើឯកជនយកសេវាទាបជាង ១០សេនក្នុងមួយគីឡូម៉ែត្រ

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គ្រោងនឹងបញ្ចប់មុនផែនការ ពោលគឺប្ដូរពីខែមីនា ឆ្នាំ ២០២៣ មកត្រឹមខែកញ្ញា ឆ្នាំ ២០២២ វិញ ព្រមជាមួយនឹងការបើកឱ្យជិះសាកល្បងឥតគិតថ្លៃ ១អាទិត្យ ឬ ១ខែដំបូង ខណៈបច្ចុប្បន្នដំណើរការសាងសង់សម្រេចបានប្រមាណ ៥៥% ហើយ។

នេះបើយោងតាមប្រសាសន៍របស់រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ក្នុងកិច្ចចុះត្រួតពិនិត្យផ្លូវល្បឿនលឿនកាលពីព្រឹកទី២១ ខែមិថុនា។

ឯកឧត្តម បានឱ្យដឹងថា៖ «បច្ចុប្បន្នក្រសួងកំពុងពន្លឿនក្រុមហ៊ុនសាងសង់ឱ្យចប់នៅខែកញ្ញាឆ្នាំក្រោយនេះ។ ក្រោយបញ្ចប់យើងនឹងសុំឱ្យឯកជន បើកឱ្យប្រជាពលរដ្ឋបើកបរសាកល្បងដោយឥតគិតថ្លៃ អាច១អាទិត្យ ឬ១ខែ ដើម្បីឱ្យពួកគាត់ស្គាល់ផ្លូវសិន»។

យ៉ាងណាមិញទាន់ទិននឹងតម្លៃវិញ ក្រសួងកំពុងចរចាឱ្យក្រុមហ៊ុនយកតម្លៃសេវាបើកបរលើផ្លូវនេះទាប។

«ជាទូទៅ នៅប្រទេសក្រៅគេយកតម្លៃ ១០សេន ទៅ ១៥សេន ក្នុង១គម។ ប៉ុន្តែយើងចង់ឱ្យក្រុមហ៊ុនកុំយកថ្លៃស្មើនឹងប្រទេសជឿនលឿនទាំងនោះអី។ កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍ ដូច្នេះដំបូងៗ គួរយកតម្លៃទាបសិនទៅ ចាំប្រជាពលរដ្ឋយើងមានចំណូលខ្ពស់ ចាំយកថ្លៃជាងមុន» ឯកឧត្តមបានបន្ត។

គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ ភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

គម្រោងនេះ គ្រោងចំណាយថវិកាសាងសង់សរុបប្រមាណ ២ពាន់លានដុល្លារអាមេរិក ដោយកំពុងសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd.៕

- Video Advertisement -