ផ្សារទំនើបក្រោមដីដំបូងគេនៅរាជធានីភ្នំពេញបើកដំណើរការ
បន្ទាប់ពីរយៈពេលបីឆ្នាំនៃការសាងសង់ ក្រុមហ៊ុន Naga Corp បានបើកផ្សារ ទំនើបក្រោមដី ដំបូងគេនៅរាជធានីភ្នំពេញ ដែលមាននូវហាង ម៉ាកប្រណីត ទាំងក្នុងស្រុក និងអន្តរជាតិរាប់រយហាង ។
ផ្សារទំនើបក្រោមដី Naga City Walk ត្រូវបានប្រារព្ធពិធីបើកនៅថ្ងៃទី 1 ខែ សីហា ដោយ ផ្សារនេះចំណាយទឹកប្រាក់អស់ ៩០ លានដុល្លារ និងត្រូវបានសាងសង់ក្រោមដី ដោយភ្ជាប់រវាង សណ្ឋាគារ Naga 1 និងបណ្តុំអគារ កាស៊ីណូ ទៅនឹងសណ្ឋាគារ និងកាស៊ីណូ Naga 2 ដែលកំពុង ស្ថិតក្រោមការសាងសង់ ។ ការសាងសង់ Naga 9 បច្ចុប្បន្នសម្រេចបានជាង ៩០ ភាគរយហើយ ហើយគ្រោងនឹងបើកនៅឆ្នាំ 2017-18 ។
ក្រុមហ៊ុន Naga Corp ដែលមានមូលដ្ឋាន នៅទីក្រុងហុងកុងនេះ បើកប្រតិបត្តិ ការនូវសណ្ឋាគារ កន្លែងកម្សាន្ត Naga 1 និងNaga 2 ព្រមទាំងផ្សារទំនើបក្រោមដីនេះ ដោយក្នុងនោះផ្សារនេះ ត្រូវបានសាងសង់ឡើង ទៅតាមស្តង់ដាអន្តរជាតិ និងត្រូវបានបែងចែក ជាបីតំបន់ផ្សេងគ្នា។ តំបន់ទី១ ផ្តល់ជូននូវទំនិញរួចពន្ធម៉ាកល្បី តំបន់ទីពីរ ផ្តល់ជូននូវ ផលិតផលផលិតក្នុងប្រទេសកម្ពុជា ដែលមាន គុណភាពខ្ពស់ និងតំបន់ទីបី ផ្តល់នូវទំនិញដែលអាចជួលទៅឱ្យឈ្មួញលក់ផលិតផល ម៉ាកប្រណីត ដែលទទួលបានការអនុញ្ញាត ត្រឹមត្រូវ ។
ផ្សារទំនើបនេះលាតសន្ធឹងលើផ្ទៃដី ទំហំជិត 4,000 ម៉ែត្រការ៉េ ហើយវានឹ ងប្រមូលផ្តុំនូវម៉ាកល្បីៗ ប្រមាណ 400 ម៉ាក រួមទាំង Dior, Swarovski, Gucci ដោយរួចពន្ធ ដែលនាំឲ្យតម្លៃកាន់តែថោក ចន្លោះពី ២៥ ទៅ ៣៥ភាគរយបន្ថែមទៀត ។
ប្រធានជាន់ខ្ពស់មួយរូបរបស់ក្រុមហ៊ុន CBRE ដែលជាភ្នាក់ងារ ខាងជួលហាងក្នុងផ្សារទំនើប នេះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកថា មកដល់ពេលនេះ ប្រហែល 90 ភាគរយនៃហាងលក់រាយ ត្រូវបានជួលហើយ ដែលភាគច្រើន ជួលទៅឱ្យជនបរទេស។
បើយោងតាមលោក Timothy McNally ប្រធានក្រុមហ៊ុន Naga Corp នៅក្នុង បទសម្ភាសមួយជាមួយនឹង ស្ថានីយទូរទស្សន៍ CNBC នៅចុងខែ កក្កដា បានឲ្យដឹងថា Naga City Walk ដាក់លក់តែផលិតផលម៉ាកប្រណីតកម្រិតខ្ពស់ប៉ុណ្ណោះ ។
ទំហំ 3,900 ម៉ែត្រការ៉េនៃផ្សារទំនើបនេះ ត្រូវបានជួលទៅឱ្យ ប្រតិបត្តិកររួចពន្ធដែលគ្រប់គ្រង ដោយរដ្ឋាភិបាលចិន China Duty-Free Group (CDFG) ។
នៅក្រោមកិច្ចព្រមព្រៀងនេះ CDFG នឹងនាំមកនូវម៉ាកល្បីរាប់រយម៉ាក ដែលភាគច្រើនមានការពេញនិយមជាពិសេសនៅក្នុង ប្រទេសចិន មកកាន់ផ្សារទំនើបនេះ ។ ក្រុមហ៊ុន CDFG ដែលមានទីស្នាក់ការ កណ្តាលនៅទីក្រុងប៉េកាំង មានចង្កោមហាងលក់ទំនិញ រួចពន្ធធំៗប្រមាណ ២០០ ហាង នៅទូទាំងប្រទេសចិន និងនៅជុំវិញពិភពលោក។ រាជធានីភ្នំពេញ គឺមិនមែនជាហាងទំនិញរួចពន្ធ តែមួយគត់ដែលក្រុមហ៊ុន បានបើកនៅក្នុងប្រទេសកម្ពុជានោះទេព្រោះថាក្រុមហ៊ុននេះបានបើកហាង ទំនិញរួចពន្ធដំបូងរបស់ខ្លួន នៅក្នុងខេត្តសៀមរាបក្នុងឆ្នាំ 2014 នោះគឺ ហាងទំនិញរួចពន្ធអង្គរ ដែលមានទំហំ 4,500 ម៉ែត្រការ៉េ ហើយផ្តល់ជូននូវផលិតផល ម៉ាកល្បី ជាង 200 ម៉ាក ។
ផ្សារទំនើបក្រោមដី និង ហាងលក់រាយនៅរាជធានីភ្នំពេញ គឺជាគោលដៅសម្រាប់អ្នកទិញ ប្រណីតបរទេស ជាពិសេស ភ្ញៀវទេសចរជនជាតិចិន ដែលបានមកចូលមកលេងក្នុងNaga ក្នុងចំនួនកើនឡើងយ៉ាងឆាប់រហ័ស។ លោក McNally បានឱ្យដឹងថា “យើងកំពុងបើកប្រតិបត្តិការ Naga City Walk ដែលនឹង ក្លាយជាហាងលក់រាយលំដាប់ខ្ពស់ (First Class) ដើម្បីឆ្លើយតបទៅនឹងកំណើន វិស័យទេសចរណ៍ យ៉ាងខ្លាំងក្នុងប្រទេសកម្ពុជា។ មានការរំពឹងទុកថានឹងមានភ្ញៀវទេសចរចំនួន 7.5 លាននាក់ នៅឆ្នាំ 2020 ហើយNaga City Walk នឹងបើកក្នុងពេលឆាប់ៗដើម្បីស្វាគមន៍ពួកគេ។”

