ផ្សារទំនើបបែបសហគមន៍ដំបូងបង្អស់របស់ ជីប ម៉ុង សម្ពោធជាផ្លូវការ
ភ្នំពេញ៖ ផ្សារទំនើបខ្នាតធំបែបសហគមន៍ ជីប ម៉ុង ណូរ៉ូ ម៉ល របស់ ក្រុមហ៊ុន ជីប ម៉ុង រីថែល ត្រូវបានសម្ពោធបើកដំណើរការជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន និងអ្នកចូលរួមជាដៃគូពាណិជ្ជកម្ម និងអជ្ញាធរមូលដ្ឋានរាប់រយអ្នកកាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។
លោក ស្តេហ្វាន ព្យេរ៉ុង អគ្គនាយកស្តីទី ជីប ម៉ុង រីថែល បានមានប្រសាសន៍ថា៖ “ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល មានផ្ទៃសរុបទំហំ ១៧៩០០ម៉ែត្រការ៉េ មានកម្ពស់ ៥ជាន់ ដែលក្នុងនោះផ្ទៃសរុបដែលយើងអាចជួលបានមានទំហំ ៧៥០០ម៉ែត្រការ៉េ ហើយយើងបានជ្រើសរើសដៃគូពាណិជ្ជកម្ម ដូចជាភោជនីយដ្ឋាន រោងភាពយន្តប្រណិត ផ្សារទំនើប ជីប ម៉ុង និងហាងលក់រាយជាច្រើនទៀតដោយការសម្រិតសម្រាំងបំផុត។”
លោកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនមេរបស់ ជីប ម៉ុង រីថែល ក៏បានបន្ថែមទៀតថា៖ “ការរចនាគឺផ្តោតសំខាន់លើការបញ្ចូលនិងបន្ស៊ីគ្នារវាងសំណង់បែបទំនើបនិងធម្មជាតិ ដើម្បីធានាថាអតិថិជនដែលមកកាន់ផ្សារទំនើបយើងមានអារម្មណ៍ស្រស់ស្រាយ ទទួលបាននូវភាពរីករាយ ហើយយើងផ្ចិតផ្ចង់ធ្វើយ៉ាងណាអោយសោភ័ណភាពរបស់ផ្សារទំនើបមួយនេះស័ក្តិសមជាផ្សារទំនើបដែលស្ថិតនៅចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញផងដែរ ដែលអគារពាណិជ្ជកម្មមួយនេះមិនត្រឹមតែចូលរួមលើកសម្រស់រាជធានីភ្នំពេញមួយកម្រិតប៉ុណ្ណោះទេ តែថែមទាំងអាចបង្កើតការងារសម្រាប់ប្រជាពលរដ្ឋជាច្រើនតាំងពីកំពុងសាងសង់ រហូតដល់សង់រួច។”
ក្រុមហ៊ុន ជីប ម៉ុង រីថែល វិនិយោគលើគម្រោងទាំងអស់របស់ខ្លួនគិតជាទឹកប្រាក់សរុបចំនួន៣០០លានដុល្លារអាមេរិក ដែលការវិនិយោគនេះ ផ្តោតលើការសាងសង់និងប្រតិបត្តិការ ផ្សារទំនើបខ្នាតតូច ផ្សារទំនើបខ្នាតធំ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្សារទំនើបខ្នាតយក្ស។




