ផ្សារទំនើបលក់សម្ភារតុបតែងផ្ទះ និងសង្ហារិមខ្នាតយក្សថ្មីមួយបើកដំណើរហើយ
ផ្សាទំនើប Design Village ដែលជាវិនិយោគរួមក្រុមហ៊ុនធំៗ ២ នៃប្រទេសថៃ SCG និង Boonthavorn បើកដំណើរការហើយ នៅលើបណ្ដោយផ្លូវ ១០០៣ ក្នុងសង្កាត់សែនសុខ នៅថ្ងៃទី ៩ កញ្ញា ២០២១នេះ។
ផ្សារទំនើប Design Village នេះ នឹងក្លាយជាផ្សារដំបូង និងនាំមុខគេនៅកម្ពុជា ដែលលក់ផលិតផល និងផ្តល់សេវាពេញលេញគ្រប់ជ្រុងជ្រោយទាក់ទងនឹងផ្ទះ សម្រាប់ការរចនាខាងក្នុង និងខាងក្រៅ ឬហៅថា home & living one-stop shop។
ផ្សារនេះទៀតសោត គឺជាផ្សារល្បីល្បាញមួយនៅប្រទេសថៃ ដែលមានបទពិសោធន៍ក្នុងវិស័យនេះជាច្រើនឆ្នាំ។
ផ្សារ Design Village លាតសន្ធឹងនៅលើផ្ទៃក្រឡា ១២ ០០០ ម៉ែត្រការ៉ ដោយនឹងមាន លក់ផលិតផលជាច្រើន ដូចជា ចង្រ្កានបាយ ឥដ្ឋការ៉ូ បន្ទប់ទឹក គ្រឿងសង្ហារឹម ប្រព័ន្ធភ្លើងអំពូល និងទីធ្លាសម្រាប់អាហាររដ្ឋាន និងការិយាល័យក្នុងផ្ទះ ជាដើម។
បន្ថែមពីនេះ Design Village ក៏មានផ្តល់ជូននូវសេវាប្រឹក្សាតុបតែងពីអ្នកជំនាញមានបទពិសោធ ហើយក៏ជាកន្លែងផ្ដល់នូវគំនិតច្នៃប្រឌិតនានា សម្រាប់អតិថិជនដែលចង់តុបតែងផ្ទះ។
ថ្លែងនៅក្នុងពិធីសម្ភោធ លោក Ronnayut Manasatian នាយកគ្រប់គ្រងក្រុមហ៊ុន SCG-BoonThanvorn (Cambodia) បានលើកឡើងថា ផ្សារទំនើប Design Village នឹងបើកឱកាសឱ្យប្រជាជននៅភ្នំពេញ កាន់តែងាយស្រួលស្វែងរកផលិតផលតុបតែងផ្ទះថ្មីៗប្រកបដោយភាពច្នៃប្រឌិត និងមានគុណភាព សម្រាប់លំនៅដ្ឋានរបស់ពួកគេ។
ដូចគ្នា លោក James Hodge នាយកគ្រប់គ្រងនៃក្រុមហ៊ុន CBRE ដែលជាភ្នាក់ងារលក់ និងគ្រប់គ្រងគម្រោង Design Village នេះ បានលើកឡើងថា ក្រុមហ៊ុន CBRE បានធ្វើការជាមួយនឹង ក្រុមហ៊ុន Design Village យ៉ាងស្អិតរមួតដើម្បីផ្ដល់ជូនផលិតផល និងសេវាកម្មល្អបំផុតដល់អតិថិជន។

