ពន្ធដារជ្រើសរើសតំបន់អភិវឌ្ឍន៍ OCIC សាងសង់អគារថ្មីតម្លៃ៦០លានដុល្លារ

អគ្គនាយកដ្ឋានពន្ធដារបានជ្រើសរើសតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជាឬ OCIC ជាទីតាំងសម្រាប់សាងសង់អគារការិយាល័យថ្មីរបស់ខ្លួន។

សេចក្តីប្រកាសខាងលើគឺធ្វើឡើងដោយប្រធានក្រុមប្រឹក្សាភិបាល OCIC ផ្ទាល់អ្នកឧកញ៉ា ពុង ឃាវសែ កាលពីថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៩ កន្លងទៅនេះ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន FRESH NEWS។

ការចុះផ្សាយរបស់សារព័ត៌មានខាងលើបានឲ្យដឹងទៀតថា សំណង់អគារថ្មីនេះគឺមានកម្ពស់រហូតដល់ទៅ៣៦ជាន់ដែលនឹងត្រូវសាងសង់ឡើងក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារក្នុងទំហំទឹកប្រាក់ប្រមាណជា ៦០ លានដុល្លារអាមេរិក។

ទាក់ទងទៅនឹងគម្រោងវិនិយោគខាងលើ អគ្គនាយករងក្រុមហ៊ុន OCIC លោក ទូច សំណាង បានថ្លែងប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យយើងខ្ញុំនាព្រឹកថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៩ នេះថា អគារនេះគឺការវិនិយោគដោយអគ្គនាយកដ្ឋានពន្ធដារផ្ទាល់ដែលក្នុងនោះអគ្គនាយកដ្ឋានពន្ធដារបានទិញដីក្នុងតំបន់នេះរួចមកហើយសម្រាប់គម្រោងមួយនេះ។

យ៉ាងណាមិញ ទាក់ទងទៅនឹងព័ត៌មានលម្អិតនៃគម្រោងនេះដូចជាកាលបរិច្ឆេទនៃការសាងសង់ រយៈពេលនៃសាងសង់ លោក ទូច សំណាងមិនទាន់មានព័ត៌មាននៅឡើង ដោយគ្រាន់តែបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារទើបតែបានទិញដីប៉ុណ្ណោះតែការសាងសង់មិនទាន់បានចាប់ផ្តើមនៅឡើងទេ។

គួររម្លឹកថា តំបន់អភិវឌ្ឍន៍ជ្រោយចង្វារគឺជាគម្រោងដ៏ធំមួយរបស់ក្រុមហ៊ុន OCIC ដែលនឹងក្លាយជាទីក្រុងរណបពោរពេញទៅដោយសក្តានុពលខ្លាំងនាពេលខាងមុខ ហើយបច្ចុប្បន្ននេះតំបន់នេះកំពុងទាក់ទាញសំណង់អគារជាច្រើនដូចជា សាលាគយ អគារសាកលវិទ្យាល័យវិចិត្រសិល្បៈ និងអគារជាច្រើនទៀត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]