ពហុកីឡដ្ឋានខ្នាតធំរបស់កម្ពុជានឹងដាក់ដំណើរការនៅឆ្នាំ ២០២១
កន្លែងមួយចំនួននៃពហុកីឡាដ្ឋានជាតិមរតកតេជោ គឺរួចរាល់ហើយសម្រាប់ដាក់ដំណើរការដោយកីឡដ្ឋានចម្បងគ្រោងនឹងបញ្ចប់ការសាងសង់ពេញលេញនៅឆ្នាំ ២០២១ ពីរឆ្នាំមុនពេលដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី ៣២។
នៅក្នុងថ្ងៃសម្ពោធក្រោមវត្តមានសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី ៤ ខែមេសា ទីតាំងដែលបានបញ្ចប់ការសាងសង់រួចរាល់រួមមានមជ្ឈមណ្ឌលហែលទឹកស្តង់ដារអន្ដរជាតិ និងមជ្ឈមណ្ឌលសម្រាប់ការប្រកួតខាងក្នុងអគារ។ មជ្ឈមណ្ឌលហែលទឹកមានបំពាក់នូវអាងហែលទឹកសម្រាប់កម្តៅសាច់ដុំ អាងហែលទឹកសម្រាប់ការប្រកួត អាងហែលទឹកសម្រាប់ការលោតជ្រមុជទឹក ដែលមានសមត្ថភាពផ្ទុកអ្នកទស្សនាចំនួន ៣០០០នាក់។ កីឡដ្ឋានផ្នែកខាងក្នុងនឹងត្រូវប្រើសម្រាប់កីឡាបាល់ទះ បាល់បោះ បាល់ទាត់ កីឡាវាយកូនបាល់ និងកីឡាដទៃទៀត ហើយអាចផ្ទុកអ្នកទស្សនាបានចំនួន ៦០០០នាក់។ ពិធីសម្ពោធនៅថ្ងៃទី ៤ ខែមេសា ក៏បង្ហាញផងដែរពីការចាប់ផ្តើមការសាងសង់កីឡដ្ឋានចម្បងដែលមាន សមត្ថភាពផ្ទុកអ្នកទស្សនា ៦០.០០០នាក់ និងបំពាក់ដោយប្រព័ន្ធច្រកចេញបន្ទាន់ស្ដង់ដារអន្ដរជាតិ។ ពហុកីឡដ្ឋានដែលមានតម្លៃប្រហែល ១៥៧លានដុល្លារអាមេរិកនេះ ត្រូវបានផ្តល់ហិរញ្ញប្បទានដោយជំនួយឥតសំណងពីរដ្ឋាភិបាលចិនដែលជាប្រទេសផ្តល់ជំនួយគ្មានការប្រាក់ដល់ប្រទេសបរទេសនានាធំបំផុត។

សម្តេចនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា លោកបានជ្រើសរើសប្លង់ស្ថាបត្យកម្មមេរបស់គម្រោងដោយខ្លួនលោកផ្ទាល់ ដែលទ្រង់ទ្រាយដូចទូករបស់ពហុកីឡដ្ឋាននេះតំណាងឲ្យចំណងមិត្ដភាពយូរអង្វែងរវាងប្រទេសកម្ពុជា និងប្រទេសចិន។ ប្លង់ដើមរបស់ពហុកីឡាដ្ឋាននេះត្រូវបានរចនាឡើងដោយក្រុមហ៊ុនកម្ពុជា L.C.T Architecture Group C0., Ltd. ទោះបីគ្មានការបង្ហាញថាតើប្លង់មេត្រូវបានសម្រួលដោយក្រុមហ៊ុនម៉ៅការចិន ឬអត់ក៏ដោយ។

ការងារសាងសង់ពហុកីឡដ្ឋានធំបំផុតរបស់កម្ពុជានេះបានចាប់ផ្តើមនៅខែមេសា ឆ្នាំ២០១៣ នៅលើផ្ទៃដីទំហំ ៨៥ហិកតា ក្នុង Garden City ដែលជាទីក្រុងរណបទំហំ ១.០៦៧ហិកតា អភិវឌ្ឍន៍ដោយក្រុមហ៊ុន L.Y.P Group។ ពហុកីឡដ្ឋាននេះស្ថិតនៅក្នុងខណ្ឌឬស្សីកែវ ចម្ងាយប្រហែល ១៥គីឡូម៉ែត្រភាគខាងជើងនៃកណ្តាលរាជធានីភ្នំពេញ។ ពហុកីឡដ្ឋានត្រូវបានសាងសង់ក្នុងគោលបំណងសម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ ២០២៣ និងព្រឹត្តិការណ៍កីឡាក្នុងស្រុក និងអន្តរជាតិផ្សេងទៀត។ ការសាងសង់នេះត្រូវបានបែងចែកជាបីដំណាក់កាលសំខាន់ៗក្នុងទំហំថវិកាសរុបប្រមាណពី ១០០លានទៅ ៣០០លានដុល្លារអាមេរិក ។ ដំណាក់កាលទី ១ (២០១៣-២០១៦) ចំណាយអស់ ៣៩លានដុល្លារអាមេរិក ដែលត្រូវបានផ្តល់ហិរញ្ញប្បទានទាំងស្រុងដោយរដ្ឋាភិបាលកម្ពុជា និងត្រូវបានសាងសង់ដោយក្រុមហ៊ុនក្នុងស្រុក L.Y.P. Group ដែលជាម្ចាស់ដី។ តាមសំណើរបស់នាយករដ្ឋមន្ត្រីកម្ពុជា ប្រទេសចិនបានសន្យាផ្តល់មូលនិធិសម្រាប់ដំណាក់កាលទី ២ នៃការសាងសង់ (ឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២០) ដែលមានតម្លៃ ១៥៧លានដុល្លារអាមេរិក និងត្រូវបានសាងសង់ដោយក្រុមហ៊ុនចិន។ ចំពោះគម្រោងកាលបរិច្ឆេទបញ្ចប់នៅឆ្នាំ ២០២១ នាយករដ្ឋមន្រ្តីក៏បានអំពាវនាវដល់ប្រទេសចិនឲ្យជួយផ្តល់ហិរញ្ញប្បទានសម្រាប់ដំណាក់កាលចុងក្រោយនៃការសាងសង់ពហុកីឡដ្ឋាននេះ ដោយបានលើកឡើងថា “យើងមិនទាន់មានប្រភពមូលនិធិនៅឡើយទេ ហើយខ្ញុំសង្ឃឹមថាប្រទេសចិននឹងជួយបំពេញភាពខ្វះខាតដែលយើងប្រឈម”។

យោងតាមឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ប្រទេសនៅក្នុងតំបន់ត្រូវផ្លាស់ប្តូរវេនគ្នាធ្វើជាម្ចាស់ផ្ទះរៀងរាល់ពីរឆ្នាំតាមលំដាប់អក្ខរក្រម។ ប្រទេសកម្ពុជាបានខកខាកមិនបានទទួលធ្វើជាម្ចាស់ផ្ទះពីទសវត្សឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៩០ និងម្តងទៀតនៅទសវត្សឆ្នាំ២០០០ ហើយសម្តេចនាយករដ្ឋមន្រ្តីបានពន្យល់ថា គឺដោយសាររដ្ឋាភិបាលត្រូវផ្តល់អាទិភាពលើវិស័យដទៃទៀត។ បច្ចុប្បន្ននេះប្រទេសកម្ពុជានឹងមានពហុកីឡដ្ឋានជាតិទ្រង់ទ្រាយធំចំនួនពីរ គឺពហុកីឡាដ្ឋានជាតិមរតកតេជោ និងពហុកីឡដ្ឋានជាតិអូឡាំពិក។ កន្លែងលេងកីឡាក៏មានផងដែរនៅខេត្តកំពង់ចាម និងខេត្តកំពត ដែលនឹងត្រូវរួមបញ្ចូលទៅក្នុងហេដ្ឋារចនាសម្ព័ន្ធកីឡាជារួមសម្រាប់ការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ ២០២៣។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចូលរួមជាអធិបតីនៅក្នុងពិធីជប់លៀងអាហារពេលល្ងាចប្រចាំឆ្នាំសម្រាប់អត្តពលិកចំនួន ៣.០០០នាក់ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានៅថ្ងៃទី ៤ ខែមេសា ផងដែរ។
- Video Advertisement -