ពិព័រណ៍សំណង់ធំបំផុតនៅកម្ពុជាប្រចាំឆ្នាំ ២០២១ នឹងត្រូវធ្វើឡើងតាមប្រព័ន្ធអនឡាញនៅខែធ្នូ

សមាគមអ្នកសាងសង់កម្ពុជា ឬ CCA សម្រេចរៀបចំការតាំងពិព័រណ៍សំណង់ដ៏ធំបំផុតនៅកម្ពុជាប្រចាំ ២០២១ តាមប្រព័ន្ធអនឡាញ ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២១ ខាងមុខនេះ។ នេះគឺជាការឆ្លុះបញ្ចាំងពីចក្ខុវិស័យ និងការបោះជំហានថ្មីមួយរបស់សមាគម ឆ្ពោះទៅរកនិន្នការប្រព័ន្ធឌីជីថល ឆ្លើយតបទៅនឹងវិបត្តិកូវីដ ១៩ ។

យោងតាមលោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋានរបស់សមាគម ការតាំងពិព័រណ៌និម្មិត ឬតាមប្រព័ន្ធអនឡាញនេះ គឺជាលើកទីមួយ និងជារបកគំហើញថ្មីនៅក្នុងប្រវត្តិសាស្ត្ររបស់សមាគម ហើយលោកក៏រំពឹងថានឹងទទួលបាននូវលទ្ធផលវិជ្ជមានពីក្រុមហ៊ុនតាំងពិព័រណ៍ និងភ្ញៀវទស្សនាទាំងក្នុងស្រុក និងអន្តរជាតិ។

លោក ស៊ីវផេង បានមានប្រសាសន៍ថា៖ «ដោយសារការរាតត្បាតនៃជំងៃកូវីដ -១៩ យើងមិនបានរៀបចំពិព័រណ៍សំណង់ឆ្នាំ ២០២០ បានទេ។ ការផ្អាកនេះ បានក្លាយជាមេរៀនសំខាន់មួយសម្រាប់សមាគម ហើយយើងក៏មិនចុះចាញ់នោះដែរ។ កន្លងមក យើងបានគិតគូរ សិក្សា និងពិភាក្សាជាមួយអ្នកជំនាញ ដើម្បីធ្វើយ៉ាងណាដើម្បីឱ្យយើងរៀបចំពិព័រណ៍នេះឱ្យបាន រហូតសម្រេចចេញជាផ្លែផ្កានៃកម្មវិធីអនឡាញនេះ»។

«ជាមួយនឹងគេហទំព័រដែលយើងបង្កើតឡើងថ្មី កុ្រមហ៊ុនអ្នកតាំងពិព័រណ៍ទាំងអស់ អាចដាក់តាំងបង្ហាញផលិតផលរាប់ពាន់មុខរបស់ពួកគេយ៉ាងរលូន ស្រដៀងគ្នានឹងស្តង់ពិតៗដូច្នោះដែរ។ ទន្ទឹមនឹងនេះ អ្នកទស្សនាក៏អាចជ្រើសរើស ចុចចូលទៅមើលស្ដង់ណាមួយក៏បាន គ្រប់ពេលវេលា ពីគ្រប់ទីកន្លែង តាមប្រព័ន្ធអនឡាញ បានដោយងាយស្រួល និងមានសុវត្ថិភាពខ្ពស់ ដោយមិនបារម្ភពីការឆ្លងកូវីដ១៩ ឡើយ» លោកបានបន្ត។

លោក ជីវ ស៊ីវផេង បានពន្យល់ទៀតថា ព្រឹត្តិការណ៍នេះមិនត្រឹមតែជួយដល់ក្រុមហ៊ុននានា ឱ្យអាចដាក់តាំងបង្ហាញផលិតផលរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែវានឹងជួយស្រោចស្រង់ និងស្ដារវិស័យសំណង់ និងសេដ្ឋកិច្ចជារួមផងដែរ។

ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាគឺជាព្រឹត្តិការណ៍ដែលត្រូវបានធ្វើឡើងរវាងខែវិច្ឆិកា ឬខែធ្នូ ជារៀងរាល់ឆ្នាំ ដែលនឹងបង្ហាញផលិតផលរាប់ពាន់ពីស្តង់រាប់រយរបស់ក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ។ ធ្វើឡើងក្នុងរយៈពេលបីថ្ងៃ ការតាំងពិព័រណ៍នេះ ផ្តល់នូវវេទិកាមួយសម្រាប់ពាណិជ្ជករដើម្បីជួបគ្នា និងស្វែងយល់ពីផលិតផលចុងក្រោយបំផុតដែលមាននៅក្នុងទីផ្សារសំណង់។

គួរបញ្ជាក់ថា សមាគមនឹងចេញសេចក្តីជូនដំណឹងជាផ្លូវការដល់សមាជិកនិងសាធារណជនក្នុងពេលឆាប់ៗនេះទាក់ទងនឹងព័ត៌មានលម្អិតនៃព្រឹត្តិការណ៍នេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកញ្ញាម៉ាណា +៨៥៥ ៧៧ ៨១១ ១៦៨/ ៦០ ៨៨៨ ៩៤៤ ឬ expo@construction-property.com

- Video Advertisement -